រាល់​យប់​ អ្នកខេត្តក្រចេះនាំ​គ្នា​ដុត​ភ្នក់​ភ្លើង និងបាច​អំបិល​ដេញ​គ្រោះ​ចង្រៃ


ខេត្តក្រចេះ ៖ ជា​រៀង​រាល់​យប់ ពិសេស​ពេល​ព្រលប់ អ្នក​ធ្វើ​ដំណើរ​តែងតែ​ឃើញ​មាន​ភ្នក់ភ្លើង ត្រូវ​បាន​អ្នក​រស់នៅ​តាម​ភូមិ​មួយ​ៗ​ បាន​នាំ​គ្នា​គរ​អុស​ដុត​ចំ​មុខ​ផ្ទះ​នៅ​អម​សងខាង​ផ្លូវលំ​ និង​ផ្លូវ​កៅស៊ូ ដែល​មើលទៅ​ក្រហមរន្ទាល​ចោល​ពន្លឺ​ដេរដាស់​ពេញ​ភូមិ ប្រៀប​ដូច​ជា​ប្រទីប​ដែល​គេ​បណ្តែត​ក្នុង​ទឹក នា​ថ្ងៃ​ចេញ​ព្រះ​វស្សា​​ដូច្នោះ​ដែរ ។

ការ​នាំ​គ្នា​ដុត​ភ្នក់ភ្លើង ​នៅ​តាម​មុខ​ផ្ទះ​ជា​រៀង​រាល់​យប់​របស់​អ្នក​ភូមិ​នានា​ក្នុង​ខេត្តក្រចេះ​នេះ ​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​កន្លង​ទៅ​នេះ បន្ទាប់​ពី​បាតុភាព​នៃ​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​-១៩​កំពុង​តែ​ឆ្លង​រាតត្បាត​ជាស​កល គួប​ផ្សំ​រដ្ឋអំណាច​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត ដើម្បី​រួម​គ្នា​ទប់ស្កាត់​ទើប​ធ្វើ​ឱ្យ​អ្នក​ភូមិ​យក​អ​បី​យ​ជំនឿ ពី​បុរាណកាល​មក​ប្រើ​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច ។អ្នក​ភូមិ​ដែល​ផ្អើល​ត​ៗ​គ្នា​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​ផង បាច​អំបិល​និង​មាន​ខ្លះ​បាន​វាយ​ភ្នក់​បែក ផ្កាភ្លើង​ឡើង ព្រមទាំង​បាន​និយាយ​បណ្តេញ​ឲ្យ​ខ្មោច​ព្រាយ​បី​សាច ពិសេស​ជំងឺ​កាច​សាហាវ កុំ​ឲ្យ​ឆ្លង​ចូល​ក្នុងភូមិ​របស់​ពួក​គាត់ ។

ពួក​គាត់​មាន​ជំនឿ​ស្រ​ដៀង​គ្នា​ថា ការ​ធ្វើ​ឧបកិច្ច​បែប​នេះ គឺ​ភាព​ឧ​ប​ទ្រុប​ចង្រៃ​ដែល​កំពុង កើត​មាន មិន​មក​រាតត្បាត​នៅ​ក្នុងស្រុក​ភូមិ​របស់​ពួក​គាត់​ដែល​កំពុង​តែ​រស់នៅ​នោះ​ទេ ។ពួក​គាត់​និយាយ​ថា ពួក​គាត់​និង​បន្ត​ដុត​ភ្នក់ភ្លើង​ជា​រៀង​រាល់​យប់ លុះត្រា​ស្ថានភាព​ជំងឺ កូ​វី​ដ​-១៩ បាន​ធូ​ស្បើយ​ទើប​ពួក​គាត់​ឈប់​ដុត​ឈប់​បាច​អំបិល​ដែរ ។

កំពុង​ឈរ​មើល​ភ្នក់ភ្លើង​ដែល​កំពុង​ដុត​ឆេះ​នៅ​ខាង​មុខ​ផ្ទះ ពលរដ្ឋ​រស់នៅ​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី​ម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ ដូច​អ្នក​ភូមិ​នៅ​ក្រុង​ក្រចេះ​ដែរ​ថា ការ​ដុត​ភ្នក់ភ្លើង បាច​អំបិល វាយ​បំបែក​ភ្នក់​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដេញ​ភាព​ឧ​ប​ទ្រុប​ចង្រៃ​ចេញពី​ភូមិ មិន​ថា​តែ​ជំងឺឆ្លង​នេះ​ទេ​ក៏​ដូច​ជា​ខ្មោច​ព្រាយ​បី​សាច​ជាដើម កុំ​ឱ្យមក​យាយី សូ​ម្បី​ចោរ​ក៏​អត់​ហ៊ាន​ចូល​ភូមិ​ដែរ ។ គាត់​និយាយ​ថា កន្លង​មក​ឲ្យ​តែ​មាន​ជំងឺឆ្លង​រាតត្បាត​ដូច​ជា​ការ​គ្រុនក្តៅ និង​ជំងឺ​រាករូស គឺ​អ្នក​ភូមិ​តែងតែ​ប្រើ​វិធី​ដុត​ភ្នក់ ឬ​ចង​រូប​ទីង​មោង​​ជា​វិធី​បង្ការ​កុំ​ឲ្យ​មានការ​រាតត្បាត​ពី​ព្រាយ បី​សាច ។

បើ​ទោះបីជា​មានការ​ដុត​ភ្នក់​សម្រាប់​រំងាប់​ផ្លូវ​អារម្មណ៍​ក្នុង​ជំនឿ​ថា ​ធ្វើ​ឡើង​ដើម្បី​បណ្តេញ ភាព​ឧ​ប​ទ្រុប​ចង្រៃ កុំ​ឲ្យ​ឆ្លង​រាតត្បាត​យ៉ាងណា​ក្តី តែ​ក្រុម​គ្រូពេទ្យ​ថា នេះ​មិនមែន​ជា​វិធី​បង្ការ​នោះ​ទេ ដោយ​គ្រាន់តែ​ជា​ជំនឿ​អរូបី​តែ​ប៉ុណ្ណោះ វិធី​ដែល​បង្ការ​ការពារ​ពី​ជំងឺឆ្លង​នោះ​បាន​គឺ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ បរិស្ថាន​ស្អាត ត្រូវ​លាងដៃ សម្អាត​ខ្លួនប្រាណ​ឲ្យ​បាន​ញឹកញាប់ មុន​និង​ហូប​ចុក​ចំណីអាហារ​ប្រចាំ​ថ្ងៃ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ