កសិករ​ស្ទើរ​ស្រែកយំ ដំណាំ​ស្វាយ​ផ្លែ​ជាង​​១​ម៉ឺន​ដើម​អត់​មាន​ឈ្មួញ​ចូល​ទិញ (​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​ត្អូញត្អែរ​ថា ឆ្នាំ​នេះ ខាត​អស់​ច្រើន ខណៈ​ដាំ​ដើម​ស្វាយកែវ​រមៀត កំពុង​ផ្លែ​ជាង​១០០០០​ដើម ហើយ​ចាប់ផ្តើម​ប្រមូល​ផល​បាន​ជាង​២០០០​ដើម ស្រាប់តែ​គេ​បិទ​ច្រក​ទ្វារ​មិន​អាច​ឆ្លង​ដែន​បាន និង​អត់​មាន​ឈ្មួញ​ចូល​ទិញ បណ្តាល​ឱ្យ​ផ្លែស្វាយ​សល់​ចោល​ពេញ​ចំការ​តែ​ម្តង ក៏​ដើរ​ប្រមូល​ដាក់​តាម​គល់ ដើម្បី​ឱ្យ​រលួយ​ទុក​ធ្វើ​ជី​វិញ ។

ចំណែក​អ្នកខ្លះ​ទៀត ផ្លែស្វាយ​ទុំ​ពេញ​ដើម លុះ​អត់​មាន​អ្នកទិញ ក៏​ទុក​ចោល​រង់ចាំ​មើល​សភាព​ការ​សិន ខណៈ​ជំងឺ​កូ​វី​ដ​១៩ កំពុង​វាយលុក​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ទូ​ទាំង​ពិភពលោក​ផង​ដែរ ។ ហេតុការណ៍​ម្ចាស់​ចម្ការ​បេះ​ផ្លែស្វាយ​កែវ​រមៀត ជាង​២០០០​ដើម អត់​មាន​ឈ្មួញ​ចូល​ទិញ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា ២០២០ ស្ថិត​នៅ​ក្នុងភូមិ​បរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ​មានឈ្មោះ មួន យ៉​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ទិ​ត្យ ផល្លា អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​ដាំ​ស្វាយ​នៅ​លើ​ដីចំការ​របស់​ខ្លួន​ជាង​១០០០០​ដើម ហើយ​ប្រមូល​ផល​បាន​ចំនួន​ជាង​២០០០​ដើម តែ​គ្មាន​ឈ្មួញ​ចូល​ទិញ ។

ប្រភព​បន្ត​ទៀត​ថា ម្ចាស់​ចំការ​បាន​ដាំ​ស្វាយ​អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​បាន​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ​មក​ដែរ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ផ្លែស្វាយ​ចាប់ផ្តើម​ចុះថោក ដោយ​១​គីឡូ​ក្រាម​លក់​បាន​ត្រឹមតែ​តម្លៃ​៤​បាត (​ប្រាក់​ថៃ​)​ប៉ុណ្ណោះ លុះ​ចុះ​នៅ​ត្រឹម​១​គីឡូ តម្លៃ​២​បាត ក៏​ត្រូវ​ឈ្មួញ​ឈប់​ដើរ​ទិញ​តែ​ម្តង ។ ដូច្នេះ​បន្ទាប់​ពី​គាត់​ជួល​កម្មករ​ឱ្យ​ដើរ​បេះ​តាម​ដើម​ស្វាយ​អស់​ជាង​២០០០​ដើម​រួច​មក អត់​ឃើញ​ឈ្មួញ​ចូល​ទិញ​ក៏​ជួល​កម្មករ​ឱ្យ​ប្រមូល​ដាក់​តាម​គល់ ដើម្បី​ធ្វើ​ជី​ដើម​ស្វាយ​បន្ត​ទៀត ។

ប្រភព​ដដែល​បញ្ជាក់​ថា ដោយសារ​តែ​មាន​ជំងឺ​កូ​វី​ដ​១៩ ផ្ទុះ​ឡើង ធ្វើ​ឱ្យ​ម្ចាស់​ចម្ការ​ទាំងអស់​នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ខាតបង់​ថវិកា​អស់​ជា​ច្រើន ដោយ​ផ្លែស្វាយ​ទុំ​គ្រប់​ចំការ​ទាំងអស់ តែ​គ្មាន​ឈ្មួញ​ណា​ម្នាក់ ចូល​ទៅ​ម៉ៅ ឬ​ទិញ​យក​លក់ដូរ​នៅ​ប្រទេស​ថៃ ឬ​វៀតណាម​នោះ​ឡើយ ព្រោះ​ច្រក​ទ្វារ​របៀង និង​ច្រក​ទ្វារ​អន្តរជាតិ​ជា​ច្រើន​កន្លែង ត្រូវ​បាន​គេ​បិទ​អស់រលីង​ទៅ​ហើយ ។

ចំណែក​អ្នកខ្លះ​ទៀត បាន​លើក​ឡើង​ថា មិនមែន​តែ​ដំណាំ​ស្វាយកែវ​រមៀត ដែល​ធ្លាក់​ថ្លៃ​នោះ​ទេ សូ​ម្បី​តែ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន និង​ដំណាំ​ផ្សេង​ៗ​ទៀត ក៏​ត្រូវ​បាន​ឈ្មួញ​ផ្អាក​ទិញ​ដែរ ព្រោះ​គេ​ម្នាក់​ៗ​បារម្ភ​ពី​រឿង​ករណី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នេះ ប្រហែលជា​រហូត​ដល់​ជំងឺ​មួយ​នេះ អន់​ថយ​ទៅ​វិញ ទើប​ឈ្មួញ​ទាំងនោះ​ដើរ​ទិញ​សារ​ជា​ថ្មី ។

ដូច្នេះ ពួក​គាត់​ដែល​ជំពាក់​បំណុល​ធនាគារ ពិតជា​បារម្ភ​យ៉ាង​ខ្លាំង ខណ​:​ទិញ​ជី ទិញ​ថ្នាំ​ប៉ូវ​ដើម​ស្វាយ និង​ថ្នាំ​កំចាត់​សត្វល្អិត​អស់​ជា​ច្រើន ហើយ​អត់​មាន​អ្នកទិញ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ ព្រួយ​បារម្ភ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​ខ្លាំង ហើយ​មិនដឹង​ជា​រក​វិធី​ណា​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

កសិកម្ម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ