ខេត្តពោធិ៍សាត់ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដើមឈើទាលដ៏ធំមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ និងមានអង្កត់ផ្ចិតប្រហែល2ម៉ែត្រ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ត្រូវបានគេកាប់រំលំ ដើម្បីពង្រីកផ្លូវជាតិលេខ៥ កាលពីម៉ោង១០ព្រឹក ថ្ងៃ២១ ខែមីនា ឆ្នាំ២០២០ ។

សេចក្តីរាយការណ៍បន្តថា ដើមឈើទាលមួយដើមនេះ ជានិមិត្តរូបរបស់ឈ្មោះភូមិឈើទាលខ្ពស់ ហើយសព្វថ្ងៃ ដែលត្រូវបានអ្នកស្រុកមានជំនឿ និងគោរពបូជាថា ជាដើមឈើផ្តល់សេចក្តីសុខ សុវត្ថិភាពដល់អ្នកភូមិនៅទីនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។

ហើយប្រជាជនដែលធ្លាប់ឃើញ និងស្គាល់ដើមឈើទាលនេះ បានសម្តែងអារម្មណ៍សោកស្តាយជាពន់ពេក ព្រោះពួកគេធ្លាប់ឃើញ ធ្លាប់ឮ (ឈើទាលខ្ពស់ៗ) តាំងតែពីកើតពោះម៉ែមក ប៉ុន្តែចាប់ពីថ្ងៃនេះតទៅនឹងបាត់រូបរាងជារៀងរហូតហើយ បន្សល់ទុកតែឈ្មោះប៉ុណ្ណោះ។
សេចក្តីរាយការណ៍បន្តថា បន្ទាប់ពីកាប់ដើមឈើទាលមួយដើមនេះទៅ អ្នកខ្លះបានបញ្ចេញមតិក្នុងបណ្ដាញសង្គមថា គួរតែរិះរកមធ្យោបាយណាមួយដើម្បីរក្សាទុកឲ្យនៅគង់វង្សជារៀងរហូត ដើម្បីជានិមិត្តរូបរបស់ឈ្មោះភូមិឈើទាលខ្ពស់ និងដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងផងដែរ។ នៅប្រទេសគេ បើធ្វើផ្លូវប៉ះដើមឈើធំបែបនេះ គេមិនកាប់ចោលទេ សុខចិត្តធ្វើផ្លូវវាង ព្រោះដើមឈើនេះមានអាយុកាលរាប់រយឆ្នាំមកហើយ។

អ្នកខ្លះថា ពេលធ្វើដំណើរឆ្លងកាត់មកដល់ដើមឈើទាលមួយដើមនេះ ដឹងថា ដល់ទឹកដីស្រុកក្រគរហើយ តែពីថ្ងៃនេះទៅលែងបានឃើញទៀតហើយ ខ្ញុំមានអារម្មណ៍សោកស្ដាយខ្លាំងណាស់ តែខ្ញុំចងចាំអ្នកជានិច្ច មិនបន្ទោសការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនោះទេ។ អ្នកខ្លះថា បាត់ទីកន្លែងធ្លាប់ហក់ទឹកលេងក្បែរនោះ កន្លែងគោរពអ្នកតា កន្លែងជ្រកម្លប់ ជ្រកភ្លៀង ឃ្វាលគោឃ្វាលក្របី និងអនុស្សាវរីយ៍កាលវ័យកុមារជាច្រើនរាប់មិនអស់ទៀត។

ជាមួយគ្នានេះ ក៏មានអ្នកខ្លះនិយាយថា ត្រូវតែកាប់ ព្រោះតម្រូវការអភិវឌ្ឍន៍ប្រទេស បើទុកប្រាកដជាមានគ្រោះថ្នាក់ដល់អ្នកដំណើរជាក់ជាមិនខាន ។ សូមកុំមើលឈើតែមួយដើម ត្រូវមើលព្រៃទាំងមូល ទើបល្អ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ