បរាជ័យ​នៅ​អុី​តា​លី​៖ អ្វី​ដែល​កម្ពុជា​ត្រូវ​រៀន​​សូត្រ ​និង​ប្រយ័ត្ន


ប្រទេស​អុីតា​លី​ក្លាយជា​ប្រទេស​ដំបូង​គេ ​ក្រៅពី​ប្រទេស​ចិន​នៅ​ក្នុង​ការ​បិទ​ប្រទេស​របស់​ខ្លួន​ ដើម្បី​ប្រឆាំង​នឹង​ការ​ទប់ស្កាត់​ការ​រាលដាល​មេ​រោ​គកូ​វី​ដ-​១៩​ ពី​ការ​បំផ្លាញ​សុខភាព ​និង​សម្លាប់​មនុស្ស​ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ អុីតា​លី​នៅ​តែ​មិន​អាច​ទប់ស្កាត់ការ​រាលដាលបាន ​ហើយ​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង​គួរ​អោយ​បារម្ភ​រហូត​ដល់​ជាង​៤១០០០​ និង​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៣៤០០​នាក់​ដោយ​ធ្វើ​អោយ​អុីតា​លី​ក្លាយជា​ប្រទេស ​ដែល​មាន​អ្នក​ស្លាប់​ច្រើន​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ដោយ​ឡើង​ហួស​ប្រទេស​ចិន​ដែល​មាន​ត្រឹមតែ​ជាង​៣២០០​នាក់ ​។

ដោយ​ពិចារណា​ទៅ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​អុីតា​លី កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អុី​តា​លី ​ហាក់ដូចជា​មិន​មាន​ប្រ​សិ​ទ្ឋ​ភាព​ដូចដែល​អ្វី​ដែល​គេ​ចង់បាន​ឡើយ ​។ នេះ​បាន​បញ្ជាក់​ពី​
ភាពស្មុ​គ្រស្មាញ ​និង​ការ​លំបាក​នៅ​ក្នុង​ប្រ​យុ​ទ្ធ​​នឹង​ឃាតក​រគ្មាន​រូបរាង​ គឺ​កូ​វី​ដ-​១៩​។

ហេតុ​អ្វី​បានជា​ប្រទេសអុី​តា​លី​មិន​ទាន់​ជោគជ័យ​នៅ​ក្នុង​ការ​ប្រ​យុ​ទ្ឋ​នឹង​កូ​វី​ដ​-១៩​?

យោង​តាម​អ្នកជំនាញ​របស់​ចិន​បានអោយ​ដឹង​ថា​ អុីតា​លី​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​អនុវត្ត​អោយ​បាន​ម៉ត់ចត់​សេចក្តីណែនាំ ​និង​គោលការណ៍​ដែល​ដាក់​ចេញ​មក ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។អ្នកជំនាញ​ចិន​ដែល​ចុះ​ជួយ​អុី​តា​លី​និយាយ​ថា​ ការ​អនុវត្ត​នៅ​មិន​បាន​គ្រប់គ្រាន់​ ហើយ​ណែនាំ​អោយ​ឈប់​សកម្មភាព​សេដ្ឋកិច្ច​ និង​ការ​ធ្វើ​ដំណើរ​ចុះឡើង​របស់​មនុស្ស​ទាំងអស់ ​។

សារព័ត៌មាន​CNNរបស់​អា​មេ​រិ​ក បាន​ដកស្រង់​សម្តី​របស់​លោក សុ​ន ស៊ូ​ប៉េង​ អនុប្រធាន​កាកបាទ​ក្រហម ចិន​ដែល​ចុះ​ជួយ​ប្រទេសអុី​តា​លីដូចដែល​បាន​និយាយ​ថា​ នៅ​ទីក្រុង​មី​ឡង់ ​ប្រទេសអុីតា​លី​ ដែល​ទទួល​រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ ​ដោយសារ​មេរោគ​កូ​វី​ដ-​១៩​នោះ គេ​សង្កេត​ឃើញ​ថា ​មិន​មានការ​បិទយ៉ាង​ម៉ត់ចត់​នោះ​ទេ​ ។ លោក​និយាយ​បន្ថែម​ទៀត​ថា មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណ​:​នៅតែ​ដំណើរការ​ធម្មតា​។ មនុស្ស​នៅ​តែ​ធ្វើដំណើរ​ចុះឡើង​។ គេ​នៅ​តែ​នាំ​គ្នា​បរិភោគ​អាហារ​ពេល​ល្ងាច​ ឬ​ក៏មានពិធីជប់លៀង​នៅ​តាម​​សណ្ឋាគារ​។ គេ​មិន​បាន​នាំ​គ្នា​ពាក់​ម៉ាស​មុខ​ ។ យើង​ត្រូវការ​អោយមនុស្សគ្រប់​គ្នា​ចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ​។ គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ​តាមគោលនយោបាយ​។

ដោយ​វិភាគ​ទៅ​លើ​អ្វី​ដែល​កើត​មាននៅ​ក្នុង​ប្រទេស​អុីតា​លី ការ​បរាជ័យ​របស់​រដ្ឋាភិបាល នៅ​ក្នុងសមរ​ភូមិ ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​ គឺ​ភាព​ធូររលុង​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ ​និង​គោលការណ៍​ដែល​ដាក់​ចេញ​ដើម្បី​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​ ហើយ​និង​ការ​ខកខាន​របស់​ប្រជាជន​នៅ​ក្នុង​ការ​អនុវត្ត​អោយ​បាន​ពេញ​លេញ​គោលនយោបាយ​ដែល​ដាក់​ចេញ​មក​ដោយ​រដ្ឋាភិបាល​អ៊ី​តា​លី​។

បទ​ពិសោធន៍​ដ៏​គូរ​អោយ​សោកស្តាយ​នៅ​អុី​តា​លី​ គឺជា​អ្វី​ដែល​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត ​អាច​រៀនសូត្រ​បាន​ដើម្បី​បញ្ចៀស​ស្ថានភាព​ដូចដែល​អ្វី​បាន​កើត​មាននៅ​ប្រទេស​អ៊ី​តា​លី​។ សមរភូមិ​ប្រឆាំង​នឹង ការ​រាត​ត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩​ នឹង​មិន​ចំណុះ​តែ​លើ​កងទ័ព​ស្រួយ​គឺ​ក្រុម​គ្រូពេទ្យ​ទេ វា​នឹង​អាស្រ័យ​ផង​ដែរ​ទៅ​លើ​ការ​ដាក់​ចេញ​គោលនយោបាយ​ដ៏​មាន​ប្រ​សិ​ទ្ឋ​ភាព ការ​អនុវត្ត​គោល នយោបាយ​យ៉ាង​ម៉ឺងម៉ាត់​និង​មាន​ប្រ​សិ​ទ្ឋ​ភាព ដោយ​អាជ្ញា​ធរមាន​សមត្ថ​កិ​ច​ច្ ព្រមទាំង ការ​ចូលរួម យ៉ាង​សកម្ម​ពី​ប្រជាជន​កម្ពុជា​ទាំងអស់​ផង​ដែរ​។

និយាយ​អោយ​ខ្លី​ គឺ​មនុស្ស​ម្នាក់​ៗ​មានការ​ទទួលខុសត្រូវ​ដូច​គ្នា​ចំពោះ​ភាព​ជោគជ័យ​ ឬ​បរាជ័យ​នៃ​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩​។ ឥឡូវ​ចំនួន​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ គិត​ត្រឹម​ថ្ងៃ​ទី​១៩​ មីនា កម្ពុជា​មាន​អ្នក​ឆ្លង​មេ​រោគ​កូ​វី​ដ​១៩​ចំនូ​ន​៤៧​នាក​់ហើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី រហូត​មក​ទល់​ពេល​នេះ​គឺ​មិន​ទាន់​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​។ នេះ​គឺជា​ការ​អះអាង​របស់​មន្ត្រី​អ្នកនាំពាក្យ​របស់​ក្រ​សូ​ង​សុខាភិបាល​។ ការ​ឆ្លង​រាលដាល​ក្នុងសហគមន៍ គឺជា​អ្វី​ដែល​គេ​មានការ​ព្រួយបារម្ភ​ខ្លាំង ពីព្រោះ​វា​អាច​នឹង​ធ្វើ​អោយ​ការ​ឆ្លង​កាន់តែ​ច្រើន​និង​ពិបាក គ្រប់គ្រង​។

កន្លង​មក ​គ្រូពេទ្យ​កម្ពុ​ជាមួយ​ចំនូ​ន​បាន​រអ៊ូ​ពី​ការ​ពិបាក​នៅ​ក្នុង​ការ​តាម​រក​និង​ទំនាក់ទំនង​ជាមួយ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩ ដោយសារ​តែ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ចូលបុណ្យ​សាសនា​ ដែល​មានការ​រាយការណ៍​ថា​ មានការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ច្រើន ឬ​ក៏​អ្នក​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។

នៅ​ចំពោះ​វិបត្តិ​មួយ​ដែល​គេ​ពិបាក​ទស្សន៍​ទាយ​អំពី​ភាព​ធ្ងន់ធ្ងរ​របស់​វា​នៅ​កម្ពុជា​នោះ វា​ទាមទារ អោយ កម្ពុជា​ត្រៀមខ្លួន​អោយ​បាន​ល្អ​បំផុត​ ដើម្បី​ធានា​ថា​ទោះបី​ស្ថានភាព​នៃ​កូ​វី​ដ​-១៩​ធ្លាក់​ចូល​ក្នុង​សេណា​រី​យ៉ូ​មួយ​ណា​ក៏​ដោយ​មិន​ថា​ស្ថានភាព​អាក្រក់​បំផុត​ឡើយ កម្ពុជា​នៅ​តែ​អាច​ទប់ទល់​ជា មួយ​មេរោគ ដ៏​សាហាវ​នេះ​បាន​។ កម្ពុជា​ត្រូវ​មាន​គោលនយោបាយ​ស៊ីជម្រៅ ទូលំទូលាយ ហើយ​លម្អិត នៅ​ក្នុង​ការ​ដោះ ស្រាយ​ប​ញ្ហា្​នេះ តាម​កម្រិត​ភាព​ធ្ងន់ធ្ងរ​របស់​វា​។ ចំណែក​ធនធានមនុស្ស ធនធាន​ហិរញ្ញវត្ថុ និង ធនធាន​ផ្សេង​ទៀត ក៏​ត្រូវ មាន​ជា​ស្រេច​ដើម្បី​ធានា​ដល់​ការ​អនុវត្ត​គោលនយោបាយ​ប្រ​យុ​ទ្ខ​មេរោគ​កូ​វី​ដ​១៩​ទទួល​បាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​បំផុត​។

ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ម​រោគ​កូ​វី​ដ-​១៩ ប្រទេស​មួយ​ចំនួន​បាន​ប្រកាស សង្គ្រាម​ប្រឆាំង នឹង​មេរោគ​នេះ​ដោយ​រួម​ទាំង​ប្រទេស​បារាំង​និង​អា​មេ​រិ​ក​ផង​។ ចំណែក​កងទ័ព​ក៏​ត្រូវ​បាន​គេ ប្រើប្រាស់ ដើម្បី​ធានា​បានការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​អោយ​មាន​ប្រ​សិ​ទ្ឋ​ភាព​បំផុត​។ សូ​ម្បី​តែ​នៅ​ប្រទេស​ក្បែរ​កម្ពុជា​និង​ក្នុង​តំបន់​ដូច​ជា​ប្រទេស​វៀតណាម ប្រទេស​ហ្វី​លី​ពី​ន និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ក៏​បាន​ចាប់ផ្តើម​ប្រើ​កងទ័ព​ដើម្បី​ជួយ​ដល់​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​អោយ​មាន​ប្រ​សិ​ទ្ឋ​ភាព​ផង​ដែរ​។

កម្ពុជា​ត្រូវ​តែ​មាន​ភាព​ម៉ឺងម៉ាត់​និង​ប្រឹងប្រែង​អោយ​អស់​សមត្ថភាព​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ដ៏​សាហាវ​របស់​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រជាជន​ម្នាក់​ៗ​ត្រូវ​តែ​អនុវត្ត​អោយ​បាន​ត្រឹម ត្រូវ​រាល់​ការ​ណែនាំ ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​និង​ក្រ​សូ​ង​សុខាភិបាល​ដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សមរភូមិ​ប្រឆាំង​នឹង​សត្រូវ​ចេះ​បំបាំងកាយ​មួយ​នេះ​។

នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រឹងប្រែង​ទាំងអស់​គ្នា​ដើម្បី​ប្រឆាំង​នឹង​កូ​វី​ដ-​១៩ យើង​ម្នាក់​ៗ​នឹង​មិន​អាច​ត្រូវ​បំភ័យ​ដោយ​មេរោគ​នេះ​បាន​ឡើយ ប៉ុន្តែ​វា​នឹង​ភ័យ​ខ្លាច​យើង​វិញ​ដោយ មិន​អាច​មាន​ល​ទ្ឋ​ភាព​បង្ក​ការ​រាលដាល​តាម​ចិត្តបាន​ឡើយ​។ បន្តិច​ម្តង​ៗ វា​នឹង​ស្លាប់​អស់ពី​កម្ពុជា​។ នេះ​ជា​អ្វី​ដែល​យើង​ចង់បាន​។​ដូច្នេះ​យើង​ត្រូវ​តែ​រួម​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​សមរភូមិ​មួយ​នេះ​ ៕ ដោយ៖ ប្រេវីន

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ