ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីខ្មែរម្នាក់និងស្ត្រីបរទេស២នាក់ បានត្រូវមន្ត្រីចត្តាឡីស័កកម្ពុជាប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់ទុក ដើម្បីតាមដានសុខភាព បន្ទាប់ពីភាគីថៃមិនអនុញ្ញាតឲ្យឆ្លងចូលទឹកដីរបស់គេ ។ ស្ត្រីទាំង៣នាក់ខាងលើ ២នាក់ជាជនជាតិអុីតាលី ចំណែកស្ត្រីខ្មែរជាអ្នករស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងជាអ្នកបកប្រែភាសាចិន ។
ប្រភពពីមន្ត្រីជំនាញមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាពថា ស្ត្រីបរទេសទាំង២នាក់ បានចេញពីកម្ពុជាឆ្លងទៅថៃតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ តែដោយភាគីថៃនៅច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ពិនិត្យឃើញស្ត្រីម្នាក់មានកម្តៅឡើងដល់ជាង៣៧ អង្សា គេក៏ឲ្យស្ត្រីទាំង២ខាងលើត្រឡប់ចូលកម្ពុជាវិញ ។ ហេតុនេះហើយ ទើបខាងមន្ត្រីជំនាញកម្ពុជានៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់ទុកនៅបន្ទប់ដាច់ដោយឡែកមួយ ក្នុងមណ្ឌលសុខភាពប៉ោយប៉ែត ជិតរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីតាមដានសុខភាពបន្ត ។
ដោយឡែក ស្ត្រីខ្មែរត្រូវបានប្រភពព័ត៌មានថា បានឆ្លងទៅដីថៃកាលពីរសៀលថ្ងៃទី៧ ខែមីនា តែដោយភាគីថៃប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក ពិនិត្យឃើញកម្តៅនាងរហូតដល់ទៅ៣៨,១អង្សា ទើបគេមិនអនុញ្ញាតឲ្យចូលទឹកដីគេឡើយ ។ ក្រោយពីសមត្ថកិច្ចនិងមន្ត្រីជំនាញកម្ពុជាទទួលបានព័ត៌មានពីភាគីថៃ ទើបតាមរកស្ត្រីរូបនេះឃើញនៅក្នុងសង្កាត់ប៉ោយប៉ែត ហើយបញ្ជូននាងទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីភ្លាមៗនៅព្រឹកថ្ងៃបន្ទាប់គឺថ្ងៃទី៨ ខែមីនា ។
ករណីខាងលើ បានបង្កការភ្ញាក់ផ្អើលតៗគ្នាដោយអ្នកខ្លះឆាត(chat)សួរតាមមេ៉ស្សិនជ័រ(Messenger) ខ្លះទូរស័ព្ទសាកសួរតាមបណ្តាញសង្គមវ៉សអាប់ ព្រោះតែមនុស្សភាគច្រើនកំពុងព្រួយបារម្ភអំពីជំងឺថ្មី កូវីដ-១៩នេះ ។
ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត កែវ សុភក្ត្រា មិនធ្វើអត្ថាធិប្បាយទេ ដោយឲ្យសាកសួរទៅលោកអភិបាលខេត្តវិញ ។ លោក អ៊ុំ រាត្រី អភិបាលខេត្ត ប្រាប់កោះសន្តិភាពតាមទូរស័ព្ទនារសៀលថ្ងៃទី៩ ខែមីនា ថា ទាំងស្ត្រីជាជនបរទេសទាំងស្ត្រីខ្មែរជាអ្នកបកប្រែភាសាចិន មិនមានពាក់ព័ន្ធនឹងជំងឺថ្មីកូវីដ-១៩ ទេ ។ ស្ត្រីទាំង៣នាក់គ្រាន់តែមានជំងឺផ្តាសាយធម្មតាតែប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចាប់តាំងពីមេរោគថ្មីខាងលើកើតឡើងនៅតាមប្រទេសមួយចំនួនលើពិភពលោក អ្នកដំណើរជាតិនិងអន្តរជាតិដែលឆ្លង កាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទទួលបានម៉ាសគ្រប់គ្នាពីមន្ត្រីនគរបាលអន្តោប្រវេសន៍ដោយមិនចំណាយប្រាក់រកទិញឡើយ ។
ទោះជាបែបនេះក្តី ការចែកម៉ាសនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពេលនេះបានផ្អាកវិញហើយដោយសមត្ថកិច្ចជំនាញនិយាយថា ម៉ាសឡើងថ្លៃក្នុង១ប្រអប់មានម៉ាស៥០ថ្លៃរហូត១៧ដុល្លារអាមេរិក ហើយរកទិញមិនបានទៀតផង ។ ចំណែកពលរដ្ឋក៏រអ៊ូរទាំពីតម្លៃម៉ាសលើទីផ្សារឡើងថ្លៃដែរ ។ តាមការអះអាងរបស់មន្ត្រីមុននេះថា ត្រៀមម៉ាស១លានសម្រាប់ចែករហូតដល់វិបត្តិជំងឺកូវីដ-១៩លែងជាកង្វល់ ៕
ចែករំលែកព័តមាននេះ