ជាតិដែកគឺជារ៉ែខនិជមួយប្រភេទដែលរាងកាយមនុស្សយើងត្រូវការជាចាំបាច់សម្រាប់បង្កើតគ្រាប់ឈាមក្រហម ។ គ្រាប់ឈាម ក្រហមមានមុខងារដឹកនាំអុកស៊ីសែនទៅឱ្យគ្រប់កោសិកា ។ ភាពស្លេកស្លាំងគឺបណ្តាលមកពីការបាត់បង់ចំនួនគ្រាប់ឈាមក្រហម ឬអេម៉ូក្លូប៊ីនស្ថិតនៅក្រោមកម្រិតធម្មតា(Hb<11g/dl)។ ភាពស្លេកស្លាំងដែលកើតឡើងច្រើនជាងគេបណ្តាលមកពីកង្វះជាតិដែក។
ភាពស្លេកស្លាំងបណ្តាលមកបីមូលហេតុជាច្រើនដូចជា ៖
-កង្វះអាហារសម្បូរជាតិដែកនៅក្នុងរបបអាហារ ។
-រាងកាយមិនអាចទទួលបានភាពបឺតស្រូបជាតិដែកពីអាហារ ។
-ខ្វះអាហារជាតិជូរជាឧបសគ្គដល់ការបឺតស្រូបជាតិដែក ។
-បរិភោគអាហារដែលរារាំងការបឺតស្រូបជាតិដែកដូចជាតែ ឬកាហ្វេ ។
-ម្តាយមានភាពស្លេកស្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ ដោយសារជាតិដែកមិនគ្រប់
គ្រាន់ ។
-តម្រូវការជាតិដែកខ្ពស់ដូចជាក្នុងកំឡុងពេលស្ត្រីមានផ្ទៃពោះ ពេលបំបៅដោះកូន ពេលកុមារកំពុងលូតលាស់ និងពេលចូលវ័យជំទង់ ។
-ការបាត់បង់ឈាម (ធ្លាក់ឈាមរដូវច្រើនលើសពីធម្មតា ការធ្លាក់ឈាមនៅពេលសម្រាលកូន និងមានរបួសជាដើម) ។
-ជំងឺរុំារ៉ៃ និងជំងឺតំណពូជ ។
-ដង្កូវព្រូនក្នុងពោះវៀន និងជំងឺផ្សេងៗទៀត ។
ចំពោះរោគសញ្ញានៃជំងឺស្លេកស្លាំងមានថយចុះភាពចងចាំ និងឧស្សាហ៍ភ្លេចភ្លាំង ញ័រទ្រូង ហត់ឬដកដង្ហើមខ្លីៗ ស្លេកស្លាំងភ្នាសក្នុងត្របកភ្នែក ស្លេកស្លាំងបាតដៃ ឈឺក្បាល ខ្សោយកម្លាំង និងវិលមុខជាដើម ។ នៅពេលលោកអ្នកមានរោគសញ្ញាទាំងអស់នេះណាមួយត្រូវទៅពិគ្រោះនៅមណ្ឌលសុខភាព ដើម្បីទទួលការព្យាបាល ទើបប្រសើរ ។
ភាពស្លេកស្លាំងដែលបណ្តាលមកពីកង្វះជាតិដែកអាចព្យាបាលជាមួយថ្នាំគ្រាប់ជាតិដែក។ ការការពារភាពស្លេកស្លាំងត្រូវបរិភោគចំណីអាហារដែលសម្បូរជាតិដែក ជាពិសេសទឹកត្រីឬទឹកស៊ីអីុវដែលមានជាតិដែកជាជម្រើសដ៏ល្អបំផុតសម្រាប់សុខុមាលភាពលោកអ្នកយូរអង្វែង ។ លោកអ្នកត្រូវចាំថា ទឹកត្រីមានជាតិដែក មានពណ៌ក្រមៅជាងទឹកត្រីដែលមិនបញ្ចូលជាតិដែក ជាពិសេសអាហារដែលសម្បូរជាតិដែកមានដូចជា សាច់គោ សាច់ជ្រូក ថ្លើម ឈាម សាច់មាន់ ស៊ុត បន្លែស្លឹកពណ៌បៃតង ត្រី ក្តាមងាវ កំពឹស បង្គាជាដើម ៕
ចែករំលែកព័តមាននេះ