ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លឿនពេកវាក់អើជាមួយឡាន នៅចំណុចស្តុបកប់ស្រូវ​

10 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាត់បង​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាត់បង​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្តុ​ប​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត និង​ជន​រង​គ្រោះ​២​នាក់​ទៀត​ដែល​រង​របួសធ្ងន់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១IA-៦០៥៥ ។

ចំណែក​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៤៨៦៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត យី​ឌុ​ប​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បត់​ឆ្លងផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ជិះ​គ្នា​៣​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​ស្តុ​ប​ខាងលើ​ដែល​មាន​ភ្លើងពណ៌​លឿង​ជា​សញ្ញា​ឱ្យ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ស្រាប់តែ​ម៉ូតូ​វាក់​អើ​នឹង​រថយន្ត ដោយ​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​កង់​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​បាត់បង់​ជីវិត​ម្នាក់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ចំណែក​២​នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​ឯកជន ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ ចំណែក​រថយន្ត​បាន​ព្យាយាម​បើក​ចេញពី​កន្លែង​កើតហេតុ​បាន​ប្រមាណ​៥០​ម៉ែត្រ ហើយ​ក៏​ឈប់​រថយន្ដ​អែប​ខាង បន្ទាប់​មក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​អន្តរាគមន៍ និង​ធ្វើ​ចរាចរណ៍​ដើម្បី​កុំអោយ​មានការ​កកស្ទះ រួច​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ផ្នែក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​បាន​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ។ ចំណែក​​ជន​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត សមត្ថកិច្ច​អោយ​រថយន្ត​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)