ការ​ទិញ​-​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​បង្ហាញ​សញ្ញា​ថមថយ​ហើយ​អាច​ឈាន​ទៅ​ផ្អាក​ការ​សាងសង់​នា​ពេល​ខាង​មុខ


រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​របស់​កម្ពុជា​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 គេ​ស​ង្កេ​ក​ឃើញ​ថា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងនោះ​បាន​បង្ហាញ​ការ​ព្យ​ការណ៍​នៃ​កម្រិត​ផល​ប៉ះពាល់​របស់​ខ្លួន តែ​សម្រាប់​វិស័យ​សំណង់​និង​អចលនទ្រព្យ​អ្នកជំនាញ​មើលឃើញ​ថា​ការ​ទិញ​-​លក់​មានការ​កាត់​បន្ថយ​ខ្លះ​ៗ​ហើយ​។ អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ធា​បើ​ពី​វីរុស​កូ​រ៉ូ​ណា​ឬ Covid-19 នៅ​តែ​បន្ត​អូស​បន្លា​ញ​ពេល​យូរអង្វែង​និង​បន្ត​រីក​រាលដាល​ទៀត​នោះ ប្រាកដ​ណាស់​គម្រោង​ដែល​ត្រូវ​សាងសង់​នឹង​ត្រូវ​ផ្អាក​សិន ហើយ​គម្រោង​សាង​សាងសង់​រួច​ក៏​នឹង​ត្រូវ​រង​ចាំ​ពេលវេលា​តាមដាន​ស្ថានភាព​មុន​និង​បន្តដំណើរ​របស់​ខ្លួន​នៅ​គ្រា​បន្ទាប់​។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៥​មីនា ថា​« បើ​និយាយ​ពី​ការ​សាងសង់​អគារ​តូច​ធំ​នៅ​ពេល​កន្លង​មក​មិន​ទាន់​ឃើញ​មានការ​កាត់​បន្ថយ​ប៉ុន្មាន​ទេ ដោយ​អត់​ទាន់​ឃើញ​មាន​រង​ឥទ្ធិពល​ពី​វីរុស​កូ​រ៉ូ​ណា​។ ប៉ុន្តែ​ឥឡូវនេះ​ចំពោះ​ការ​ទិញ​-​លក់​វា​ហាក់ដូច​មានការ​កាត់​បន្ថយ​ខ្លះ​ៗ ។ អីចឹង​នៅ​ពេល​ការ​ទិញ​-​លក់​មានការ​កាត់​បន្ថយ ខ្ញុំ​គិត​ថា​ចាប់ពី​ឥឡូវ ឬ​ទៅ​រយៈពេល​ខាង​មុខ​ដ៏​ខ្លី​នឹង​មានការ​កាត់​បន្ថយ​ការ​សាងសង់​មួយ​ចំនួន ហើយ​សម្រាប់​គម្រោង​ត្រូវ​ចេញ​គេ​នឹង​ត្រូវ​ផ្អាក​វិញ​សិន ហើយ​គម្រោង​ណា​សាងសង់​ហើយ​មិន​ទាន់​ចាំបាច់​គេ​មិន​រុញ​វា​ទៅ​មុខ​ទេ ទុក​រង​ចាំ​មើល​សិន​»​។

បើ​ទោះបី​មិន​អាច​បង្ហាញ​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​មាន​ទំហំ​ប៉ុណ្ណា​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​បាន​ក្នុង​អន្តរកាល​ខ្លី​នេះ​បាន តែ​អ្នកជំនាញ​រូប​នេះ​មើលឃើញ​ថាបើ Covid-19​នេះ មានការ​គ្រប់គ្រង​បាន​ក្នុង​រយៈពេល​ណាមួយ​ណាមួយ នោះ​វិស័យ​សំណង់​និង​អចលនទ្រព្យ​អាច​វិល​រក​ភាព​ប្រសើរ​ឡើង​វិញ​នៅ​កន្លះ​ឆ្នាំ​ក្រោយ ខណៈ​គម្រោង​ធំ​ៗ​អ្នកទិញ​ភាគច្រើន​ជា​ជនជាតិ​ចិន​និង​អ្នក​ទេសចរណ៍​ចិន​។ ​លោក​បាន​បន្ត​ថា « មក​ទល់​សព្វ​ថ្ងៃនេះ​យើង​មិន​ទាន់​អាច​ព្យា​ការណ៍​ដឹង​ថា​វិស័យ​សំណង់​កម្ពុជា​ប៉ះពាល់​កម្រិត​ណា​ទេ ព្រោះ​មូលហេតុ​វា​ទើប​ចាប់ផ្តើម​កើតឡើង​រង់ចាំ​មើល​បន្តិចទៀត ។ ប៉ុន្តែ​បើ​វា (​បញ្ហា​វីរុស​កូ​រ៉ូ​ណា​) ត្រូវ​ពេល​យូរ​ទៀត​នោះ វា​អាច​នឹង​ប៉ះពាល់​គួរសម​ដែរ ។ តែបើ​នៅ​ពេល​ខ្លី​ខាង​មុខ​នេះ​គេ​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​នេះ​បាន​នោះ​ស្ថានការណ៍​អាច​នឹង​វិល​ត្រឡប់​មក​វិញ​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​បន្ទាប់​»​។

លោក​បាន​លើក​ឡើង​បន្ថែម​ថា អ្នកទិញ​អចលនទ្រព្យ​ធំ​នៅ​កម្ពុជា​ភាគច្រើន​ជនជាតិ​ចិន​និង​ភ្ញៀវ​ទេសចរ​ចិន ដូចនេះ​បើសិន​ពួក​គាត់​អត់​មក​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ទិញ​អចលនទ្រព្យ ការ​ស្នាក់​នៅ​សណ្ឋាគារ រួម​និង​ការ​ប្រើប្រាស់​សេវា​ផ្សេង​ៗ​ទៀត​។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ដើមឆ្នាំ​២០០២​នេះ យើង​ឃើញ​មាន​ភាព​ប្រឈម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នៅ​ក្នុង​កម្ពុជា​ក៏​ដូច​ជា​នៅ​លើ​ពិភពលោក​បាន​ទាញ​ចំណាប់អារម្មណ៍​ទៅ​លើ​ក្រុម​រកស៊ី​ទៅ​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។ ​លោក​ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសាសន៍​ថា «​យើង​ឃើញ​មាន​ភាព​ប្រឈម​មួយ​ចំនួន ដូច​ជា កាលពីដើម​ឆ្នាំ​យើង​មាន​សម្រាក​ចូល​ឆ្នាំ​សកល បន្ទាប់​មក​ចូល​ឆ្នាំ​ចិន​និង​មក​ដល់​ចុង​ក្រោយ​នេះ​គឺ​មាន​ភាព​ប្រឈម​ធំ​ពាក់ព័ន្ធ​វីរុស​កូ​រ៉ូ​ណា​។ វីរុស​កូ​រ៉ូ​ណា​បាន​ជះ​ឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​របស់​ក្នុង​រយៈពេល​ខ្លី ។ តែ​បញ្ហា​ទាំងនេះ​វា​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​ណា​គេ​រក​ថ្នាំ​ជំងឺ​នេះ​បាន ឬ​យើង​អាច​គ្រប់​គ្រង់​ជំងឺ​នេះ​បាន​»​។

​បើ​តាម​ប្រធាន​សមាគម បើ​ទោះបី​វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​វីរុស​កូ​រ៉ូ​ណា​ក៏​ដោយ សម្រាប់​កា​ទិញ​-​លក់​អ្នក​នៅ​ក្នុងស្រុក​នៅ​តែ​មាន​សកម្មភាព​ធម្មតា​នៅឡើយ ។ ​លោក​បាន​បញ្ជាក់​ថា « ស្ថិត​កំឡុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​រយៈពេល​ខ្លី​នេះ វា​ក៏​ជា​ឱកាស​និង​ក៏​ជា​ឧ​ប​ស័គ្គ​សម្រាប់​អ្នក​ហ៊ាន​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ខ្ញុំ​មើលឃើញ​នៅ​ក្នុង​រយៈ​ខ្លី​នេះ ចរន្ត​នៃ​ការ​ទិញ​-​លក់​សម្រាប់​អ្នកស្រុក​មាន​សកម្មភាព​ជា​ធម្មតា​ទេ តែ​ចំពោះ​អ្នក​បរទេស​មានការ​ខកខានខ្លះ​ៗ»​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូបី​យ​កម្ម​និង​សំណង់​មាន​ប្រសាសន៍​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​របស់​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ស្ថាន​កម្ពុជា​ថា «​កំណើន​សេដ្ឋកិច្ចជាតិ​បាន​កើនឡើង​ក្នុង​រង្វង់​៧,១%​ក្នុង​មួយ​ឆ្នាំ​និង​អាច​និយាយ​បាន​ថា​វិស័យ​អចលនវត្ថុ​ជា​វិស័យ​មួយ​ដែល​ជំរុញ​សេដ្ឋកិច្ចជាតិ​ក្នុង​ឆ្នាំ​២០១៩​នេះ​ដោយ​ក្នុង​នោះ​យើង​ឃើញ​ថា​ការ​វិនិយោគ​លើ​វិស័យ​នេះ​ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា​មាន​រហូត​ដល់​១១.០០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៩ បើ​ប្រៀប ធៀប​នឹង​ឆ្នាំ​២០១៨​គឺ​មាន​តែ​៥៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​គឺ​មានការ​កើនឡើង​រហូត​ដល់​៩០%»៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ