នៅក្នុងគម្ពីរធម្មបទ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងអំពីបុគ្គលពាលបីគាថាជាខេមរភាសាដូចតទៅ ។
១-អ្នកណាជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបាន ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកអ្នកណាជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះឈ្មោះថាជាមនុស្សពាលដោយពិត ។
២-ជនពាលតែងព្រួយលំបាក ដោយសេចក្តីសម្គាល់ថា កូនទាំងឡាយរបស់អញមាន, ទ្រព្យរបស់អញមាន តែតាមពិតបើពោលតាមផ្លូវធម៌សូម្បីខ្លួនរបស់ខ្លួនក៏មិនមានផង ចំណង់បើកូនទាំងឡាយនឹងរាប់ថាមានអំពីណាមក ទ្រព្យនឹងរាប់ថា មានអំពីណាបាន ។
៣-រាត្រីវែងចំពោះតែអ្នកដេកមិនលក់, យោជន៍វែងចំពោះតែអ្នកនឿយហត់អស់កម្លាំង, សង្សារវដ្តវែងចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។
សូមសាធុជនពិចារណានូវគាថាទាំងបីបទនេះអោយយល់ច្បាស់ ដើម្បីបានជាប្រយោជន៍ដល់ការប្រព្រឹត្តប្រតិបត្តិសេចក្តីល្អ ។ សាន សារិន
ចែករំលែកព័តមាននេះ