រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហើបឱ្យដឹងថា នៅដើមខែមីនាដ៏ខ្លីខាងមុខនេះអាចនឹងមានរោងចក្រសហគ្រាសប្រមាណជិត២០០ប្រឈមមុខកង្វះខាតនូវត្ថុធាតុដើមនៅក្នុងសង្វាក់ផលិតកម្ម ដែលក្នុងនោះវានឹងបង្កជាប៉ះពាល់ដល់កម្មរ-កម្មការិនីប្រមាណជាង ១៦ម៉ឺននាក់ ។ ការបង្ហាញតួលេខនេះធ្វើឱ្យសហជីពកម្មករបង្ហាញនូវការយល់ថា វាជារឿងធ្ងន់ធ្ងរមួយដែលមិនធ្លាប់គិតទៅដល់នោះឡើយ ។
អ្វីដែលជាបញ្ហាចោទសម្រាប់កម្មករ-កម្មការិនីដែលអាចត្រូវព្យួរការងារនាពេលខាងមុខនេះគឺថាភាគច្រើនបងប្អូនកម្មករ-កម្មការិនីបាននឹងកំពុងបង់រំលោះនូវសម្ភារៈប្រើប្រាស់មួយចំនួនដូចជា ការបង់រំលោះម៉ូតូ និងទូរស័ព្ទដៃជាដើម ដូច្នេះពួកគាត់អាចនឹងទទួលនូវបន្ទុកធ្ងន់ធ្ងរក្នុងការរកលុយបង់រំលោះឲ្យទាន់ពេលវេលានោះ ។
យ៉ាងណាមិញ លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដការងារបន្ដរបស់ក្រសួងការងារ» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា « នៅដើមខែមីនាខាងមុខនេះតាមការព្យការណ៍និងវាយតម្លៃជាក់ស្តែងនៅក្នុងឥទ្ធិពលវីរុសកូរ៉ូណានេះ គឺយើងបានដឹងថាអាចនៅដើមខែ៣ (មីនា) ខាងមុខនេះគឺអាចមានរោងចក្រសហគ្រាសជិត២០០ដែលប្រឈមកង្វះនូវវត្ថុធាតុដើមហើយវាអាចប៉ះពាល់ទៅដល់កម្មករ និយោជិកក្នុងករណីអាក្រក់ខ្ទង់១៦ម៉ឺននាក់»។ លោកបានលើកឡើងថា «យើងក៏បានដឹងដែរថាសង្វាក់ផលិតកម្មនៅប្រទេសចិនក៏ចាប់ផ្តើមដំណើរការហើយរាជរដ្ឋាភិបាលក៏បានខិតខំប្រើប្រាស់នូវគ្រប់មធ្យោបាយទាំងទំនាក់ទំនងជាមួយអ្នកបញ្ជាទិញ, រោងចក្រក៏ដូចកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល ធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាលចិនផ្តល់អាទិភាពក្នុងផ្គត់ផ្គង់វត្ថុធាតុដើមនេះជូនមកប្រទេសកម្ពុជា ធ្វើម៉េចឱ្យរយៈពេលនៅកង្វះវត្ថុធាតុដើមនេះគឺមានរយៈពេលខ្លី»។
បើតាមលោករដ្ឋលេខាធិការ ការរំខាននៃសង្វាក់ផលិតកម្មនៅប្រទេសចិននេះពិតជាបានធ្វើឱ្យប៉ះពាល់ទៅដល់សង្វាក់ផលិតកម្មនៅក្នុងពិភពលោកទាំងមូល ជាពិសេសនៅក្នុងតំបន់អាស៊ីរបស់យើង សូម្បីតែនៅក្នុងប្រទេសជប៉ុន,កូរ៉េក៏គាត់បានផ្អាកសង្វាក់ផលិតកម្មមួយចំនួនដោយសារកង្វះនូវត្ថុធាតុដើមឬមួយផលិតផលពាក់កណ្តាលសម្រេចដែលទទួលយកពីប្រទេសចិន។ដោយឡែកនៅកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផលិតនូវសម្លៀកបំពាក់នេះក៏ប្រឈមនៅបញ្ហាកង្វះវត្ថុធាតុដើមនេះដូចគ្នា។
លោក ហេង សួរ បានមានប្រសាសន៍បញ្ជាក់ថា «តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជានេះគឺយើងសង្ឃឹមថាកម្ពុជានឹងមានអាទិភាពទទួលបាននូវវត្ថុធាតុដើមនេះមុនគេ ហើយក្នុងការព្យួរការងារដែលអាចកើតមានខ្លះគឺមកដល់ពេលនេះគឺក្រសួងបានដាក់នៅវិធានការយ៉ាងម៉ើងមាត់ចំពោះគ្រប់មន្ទីររាជធានី ខេត្តក៏ដូចជានាយកដ្ឋានអធិការកិច្ចធ្វើការប្រាស្រ័យទាក់ទងយ៉ាងកៀកជាមួយខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏ដូចជាម្ចាស់រោងចក្រកាត់ដេរ ហើយនឹងស្បែកជើងទាំងអស់អំពីស្ថានភាពស្តុករបស់រោងចក្រនីមួយៗ»។ លោកបានសង្កត់ធ្ងន់ថា «តាមភាពជាក់ស្តែងគឺគិតត្រឹមព្រឹកមិញនេះគឺមានរោងចក្រចំនួន១០បានចាប់ផ្តើមស្នើព្យួរការងារផ្នែកខ្លះនៃសង្វាក់ផលិតកម្មបើគិតជាកម្មករតាមផ្នែកមានប្រហែលជា៣ពាន់នាក់ទេ។តាមរយៈតួលេខដែលយើងមាននេះយើងកំពុងសម្របសម្រួលដើម្បីធ្វើម៉េចឱ្យរោងចក្រទាំងនោះធ្វើការដោះស្រាយប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិកដែលបានព្យួរនោះឱ្យស្របទៅតាមអនុសាសន៍របស់សម្តេច ហើយក្រសួងក៏បានរៀបចំចាត់ចែងមនុស្សធ្វើការទំនាក់ទំនងដើម្បីចុះឈ្មោះអ្នកដែលត្រូវព្យួរការងារនោះចូលរៀនវគ្គមុខជំនាញទន់ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល»។
ចំណែកលោកអាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាមានប្រសាសន៍ថា «ខ្ញុំគិតថា តាមតួលេខដែលក្រសួងបានបង្ហាញដែលមានរោងចក្ររហូតដល់ជិត២០០ បែបនេះ ហើយក៏អាចប៉ះពាល់កម្មករដល់ប្រមាណ ១៦ម៉ឺននាក់នេះវាជាបញ្ហាធ្ងន់ធ្ងរ ដែលយើងមិនគិតស្មានដល់ថាជាបញ្ហាធំបែបនេះទេ។ ពួកគេទាំងនេះសុទ្ធតែជាអ្នកមានបញ្ហា ហើយបើសិនគេជួបវិបត្តិការងារហ្មឹង គេនឹងមានការលំបាកក្នុងការរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារពួកគេ»។ ប្រធានសហជីពរូបនេះថា ជាទូទៅបើសិនការកង្វះវត្ថុធាតុដើមស្ថិតក្នុងរយៈពេលខ្លីបើវាប៉ះនេះមិនសូវអីប៉ុន្មាននោះទេ តែយើងមិនដឹងថាវាមានរយៈពេលវែងប៉ុណ្ណាយើងមិនអាចដឹង។
លោកអាត ធន់ បានបញ្ជាក់បន្តថា «កាលណាគាត់បាត់បង់ការងារមានន័យថាគាត់បាត់បង់ប្រាក់ចំណូលអីចឹងមិនថាអ្នកជំពាក់លុយធនាគារ ឬមិនជំពាក់លុយធនាគារនោះទេវាជាបញ្ហាទាំងអស់ពីព្រោះគាត់ពឹងទៅលើប្រាក់ចំណូលពីការកាត់ដេរនេះ»។
លោក ហ៊ឹម ជីវន កម្មករធ្វើការនៅរោងចក្រសៅលែនផលិតមួកនិង ខោអាវនៅក្រុងភ្នំពេញបានឱ្យដឹងថា «នៅពេលទទួលបានព័ត៌មានភ្លាមៗបែបនេះ ខ្ញុំយល់ឃើញថាវាមានហានិភ័យចំពោះកម្មករផ្សេងទៀតក៏ដូចជារូបខ្ញុំ។ កម្មករយើងតាមការព្យាករណ៍មើលទៅប្រហែល៨០ទៅ៩០% ជំពាក់បំណុលធនាគារ កាលណាត្រូវបានផ្អាកឬព្យួរការងារវានឹងប៉ះពាល់ខ្លាំងមែនទែនសម្រាប់ការផ្តត់ផ្គង់ថ្លៃផ្ទះ បង់ប្រាក់ឱ្យធនាគាររួមនិងការហូបចុករបស់ពួកគាត់ ហើយគាត់មិនដឹងថាទៅបានការងារមកពីណាបានធ្វើដើម្បីយកលុយយកមកបង់ធនាគារ» ។ លោកបានបន្តថា «នៅក្នុងរោងចក្រខ្ញុំកំពុងធ្វើការនេះចាប់តាំងពីដើមខែ១ (មករា) មកមិនដែលបានថែមម៉ោងធ្វើការទេ គឺចេញធ្វើការនៅម៉ោង៤ល្ងាចរហូត ។ បញ្ហាកង្វះវត្ថុធាតុដើមនៅក្នុងវិស័យកាត់ដេរនេះ កម្មករកាត់ដេរពួកគាត់មានការព្រួយបារម្ភ។ គាត់បានជុំនុំគ្នាជជែកគ្នាពាក់ព័ន្ធនឹងរោងចក្រព្យួរ ឬផ្អាកការងារនេះគាត់មានការបារម្ភមែនទែន»៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ