រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ដែលអ្នកបើកបរអះអាងថា ដាច់ហ្វ្រាំង ក៏បានបើកបោះពួយវាងយានយន្តដែលឈប់ស្តុបឡើងចិញ្ចើមផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់ដាច់និងប៉ះម៉ូតូនគរបាលមួយគ្រឿង ហើយរថយន្តក៏បានជ្រុលឆ្លងទៅផ្លូវបញ្ច្រាសបុករ៉ឺម៉កម៉ូតូកង់បី និងឡើងចិញ្ចើមផ្លូវបុកបង្គោលស្លាកគណបក្សប្រជាជនខណ្ឌជ្រោយចង្វារ បណ្តាលឱ្យបាក់ជាប់ទៅមុខលែងរួច ។ ទោះបីជាយ៉ាងណា ចាត់ទុកជាសំណាង ដែលពុំបណ្តាលអោយមនុស្សណារងរបួស ។
គ្រោះថ្នាក់ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចស្តុបមហាវិថីឈ្នះឈ្នះ កែវផ្លួវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
រថយន្តមួយគ្រឿងដែលបុករះខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាកស្លាកលេខ ភ្នំពេញ ៣A-៤១២១ ជារថយន្តដឹកឥដ្ឋ បើកបរដោយឈ្មោះញ៉ែម ណាង ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅឡឥដ្ឋ គឹម តាយ ក្នុងឃុំព្រែអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត ។ នៅពេលមកដល់ស្តុបកែងផ្លូវជាតិលេខ៦ ស្រាប់តែរថយន្តមួយគ្រឿងក៏បានបើកឡើងចិញ្ចើមផ្លូវវាងអ្នកដំណើរ ដែលកំពុងតែឈប់ស្តុប។
តាមសាក្សីបានអោយដឹងទៀតថា ខណៈនោះគេឃើញរថយន្តក៏បានជ្រុលទៅបុកបង្គោលស្លាកសញ្ញាឈប់ បាក់ដាច់ត្រឹមគល់ និងប៉ះម៉ូតូនគរបាលដែលឈប់ចតនៅលើចិញ្ចើម។ដោយសារតែល្បឿនលឿន រថយន្តនោះមិនឈប់នោះទេ ក៍បានបើកកាត់មុខយានយន្ត ដែលកំពុងតែឈប់ស្តុបជ្រុលឆ្លងផ្លូវទៅបុករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ហើយរថយន្តក៏បានជ្រុលឡើងចិញ្ចើមផ្លូវបុកបង្គោលស្លាកគណៈបក្សប្រជាជនខណ្ឌជ្រោយចង្វារ បណ្តាលអោយបាក់ធ្លាក់ ហើយជាប់ទៅមុខលែងរួច។ ភ្លាមៗនោះ អ្នកបើកបរត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ។ នៅក្នុងគ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ គឺគ្រាន់តែបណ្តាលអោយម៉ូតូ១គ្រឿង រ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងនិងបង្គោលស្លាកសញ្ញាឈប់ ព្រមទាំងស្នាក់គណបក្សបានរងការខូចខាតតែប៉ុណ្ណោះ។
តាមប្រភពពីអ្នកបើកបររថយន្តដឹកឥដ្ឋខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានបើករថយន្តមកពីទំលាក់ឥដ្ឋអោយម៉ូយនៅម្តុំមន្ទីរពេទ្យព្រះកុសុមៈ លុះពេលត្រឡប់មកវិញជិតដល់ស្តុប ស្រាប់តែរថយន្តដាច់ហ្វ្រាំងជាន់មិនស៊ីក៍ទាញចង្កូតគេចម៉ូតូនិងរថយន្ត ដែលឈប់ស្តុប ក៍បានបុករះតែម្តង។
ក្រោយពេលកើតហេតុ រថយន្តនិងអ្នកបើកបរ ត្រូវបាននគរបាលចរាចរណ៍ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយសងការខូចខាត៕ (កែសម្រួលដោយ ៖ ធីតា)