ម៉ូតូសង់បុ.កជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង ស្លា.ប់បុរសម្នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររ៉ឺម៉ករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រ៣៣-៣៤ ស្ថិតនៅចំណុចភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1C-2785 បើកបរដោយឈ្មោះ គង់ រ៉ាវី ហៅលីល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិលាំងជ័យ ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៤១ ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបត់ឆ្វេងឆ្លងផ្លូវ ១គ្រឿងម៉ាកហុងដាវ៉េវ (HONDA WAVE110CC ) ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉កពីក្រោយ ពណ៌ខៀវ មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ ដែលកំពុងបើកពីមុខ ស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។
នគរបាលស្រុកបសេដ្ឋ បានបន្តទៀតថា ក្រោយកើតហេតុនគរបាលបានចុះធ្វើការវាស់វែង រងការខូចខាតម៉ូតូ១គ្រឿងកំរិតធ្ងន់ និងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងរងការខូចខាតកំរិតស្រាល។ ចំពោះអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានរត់គេចខ្លួនក្រោយពេលកើតហេតុ។
ចំណែកសពបុរសជនរងគ្រោះផ្នែកជំនាញនគរបាលបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតហេតុ នគរបាលបានអូសយកវត្ថុតាងខាងលើយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភារីមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ