ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងដោយរថយន្តកាមរីបុក ខណៈពេលដើរឆ្លងថ្នល់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៨ សីហា ២០១៤ លើកំណាត់ផ្លូវជាតិលេខ៥៩A ស្ថិតក្នុងភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
ប្រភពព័ត៌មានពីនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះឡៅ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅ តាមឪពុកម្តាយដែលធ្វើការជាអ្នកបើកបររថយន្តដឹកដីនៅចំណុចកើតហេតុ រីឯអ្នកបើកបរឈ្មោះស៊ឹង លី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A.9897 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ពេលដល់ចំណុចខាងលើ ស្រាប់តែក្មេងរងគ្រោះបានដើរកាត់ផ្លូវពីត្បូងទៅជើង ខណៈនោះរថយន្តជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកក្មេងរងគ្រោះពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតដូចសី រងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលដឹកទៅមន្ទីរពេទ្យស្រុកម៉ាឡៃ ចំណែករថយន្តបានវេចង្កូតធ្លាក់ផ្លូវ និងបែកភ្លើងស៊ីញូខាងឆ្វេង។
ក្រោយកើតហេតុអ្នកបើកបររថយន្តទុករថយន្តចោល ហើយព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលដេញចាប់ក្របួចជាប់នាំយកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ