រាជធានីភ្នំពេញ ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនបានអះអាងថា សមាជិកកន្លែងថ្លឹងជញ្ជូនទាំងអស់ត្រូវបានផ្លាស់ចេញអស់ហើយ ដែលចំណុចនេះ ដើម្បីកុំឲ្យមានការសង្ស័យពីសាធារណៈមតិជាងនេះបានបំពាក់កាមេរ៉ាកន្លែងថ្លឹងផងដែរ ។
លោកស៊ុន ចាន់ថុល បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ថា ក្នុងខែមករាកន្លងមកនេះ ក្រសួងបានអនុវត្តយ៉ាងត្រឹមត្រូវតាមលេខ៤១ ដោយកន្លងមកមានធ្វេសប្រហែសមិនបានរៀបចំត្រឹមត្រូវតាមអនុក្រឹត្យនោះទេ ។
ប៉ុន្តែពេលនេះត្រូវបានរៀបចំត្រឹមត្រូវដោយបានរៀបចំគណៈកម្មការត្រួតពិនិត្យយានយន្តលើសកំណត់ដោយបង្កើតលេខាធិការដ្ឋានត្រឹមត្រូវដោយប្តូរសមាជិកជញ្ជីងទាំង២៨ កន្លែង ដោយ ដាក់អ្នកថ្មីទាំងអស់ ក្នុងការធ្វើឲ្យបានដិតដល់ទប់ស្កាត់ កុំឲ្យមានការដឹកទំនិញលើសកំណត់ធ្វើឲ្យខូតផ្លូវ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
លោកទេសរដ្ឋមន្ត្រីក៏បានឲ្យដឹងថា ក្រសួងបានកំពុងរៀបចំដាក់ជញ្ជីងក្រោមដីផងដែរ ដោយការដាក់នេះ ដើម្បីកុំឲ្យមានការកកស្ទះនៅកន្លែងជញ្ជីងថ្លឹងព្រោះថា រថយន្តខ្លះបានផ្ទុកទំនិញត្រឹមត្រូវ ប៉ុន្តែក៏ចូលថ្លឹងដែលចំណុចនេះធ្វើឲ្យកកស្ទះ ។ អីញ្ចឹងពេលដាក់ជញ្ជីងក្រោមដីនៅខាងមុខ ពេលរថយន្តនោះឆ្លងកាត់មានសញ្ញាភ្លើងបៃតង រថយន្តនោះមិនចាំចូលទេ ព្រោះមិនលើសទម្ងន់នោះទេ ។ ប៉ុន្តែបើចេញភ្លើងក្រហមត្រូវឆ្លងកាត់ជញ្ជីង ។ ជញ្ជីងនេះដាក់នៅពេលចេញ និងពេលចូល ។
លោក ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ការដាក់ជញ្ជីងចំនួន២៨កន្លែង នឹងត្រូវចំណាយថវិកាជិត៣លានដុល្លារអាមេរិក ។ លោកបញ្ជាក់ថា ៖«យើងបានសិក្សាហើយកាមេរ៉ានឹងពិនិត្យល្បឿន គឺនៅពេលរថយន្តបើកកាត់ភ្លាមយើងដឹងថា បើកល្បឿនប៉ុន្មានទៀត ។ អីញ្ចឹងជញ្ជីងក្រោមដីនេះ ប្រើការបានទាំងត្រួតពិនិត្យឡានផង និងល្បឿនផង និងរាប់ចំនួនឡានថែមទៀត» ។ លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងដែរថា ពេលនេះបានដាក់ដំណើការសាកល្បងជញ្ជីងនឹងចំនួន២កន្លែងសិន ហើយបើកទទួលបានជោគជ័យនឹងបន្តនៅកន្លែងថ្លឹងទាំងអស់២៨កន្លែង ៕
ចែករំលែកព័តមាននេះ