ខេត្តសៀមរាប ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយត្រឡប់មកលេងខេត្តសៀមរាបអោយច្រើនវិញនោះវិនិយោគិនជប៉ុន និងខ្មែរ មួយក្រុមបានសម្រេចសាងសង់កន្ត្រកវិលធំមួយមានកម្ពស់ជិត៩០ម៉ែត្រ និងចំណាយថវិកាសាងសង់ប្រមាណជាង៧លានដុល្លារអាមេរិក ។ ការសាងសង់កន្ត្រកវិលនេះរំពឹងថា នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងខេត្តសៀមរាបឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះជាង១ឆ្នាំបន្តបន្ទាប់មកនេះ ។
បើតាមលោកម៉េង ហៀង អ្នកវិនិយោគលើកន្ត្រកវិលនេះ ក្នុងខេត្តសៀមរាប បានអោយដឹងថា ការសាងសង់កន្ត្រកវិលដ៏ធំមួយនេះ គឺចំពេលដែលភ្ញៀវទេសចរធ្លាក់ចុះនៅក្នុងខេត្តសៀមរាប ហើយក្នុងនាមជាអ្នកចូលរួមសាងសង់កន្ត្រកវិលមួយនេះដែរ ក៏មានការព្រួយបារម្ភដែរ ព្រោះទាំងភាគីខ្មែរ និងជប៉ុន បានចំណាយទឹកប្រាក់យ៉ាងច្រើនទៅលើវា ដូច្នេះបើមិនមានភ្ញៀវមកលេងទេវានឹងធ្វើអោយយើងខាតបង់ ។ លោកថា ៖« យ៉ាងណាក៏ដោយបើយើងមិនធ្វើវាទេ វានៅតែគ្មានអ្វីប្លែកសម្រាប់ខេត្តសៀមរាប ហើយក៏នឹងមិនមានអ្វីទាក់ទាញដល់ភ្ញៀវទេសចរមកលេងបន្តទៀតដែរ» ។
លោកបន្តថា កន្ត្រកវិលនេះ គឺបានធ្វើឡើងដោយសហការជាមួយជប៉ុន ហើយជប៉ុន គឺអ្នកវិនិយោគដ៏ត្រឹមត្រូវ និងបានគិតគូរពីសុវត្ថិភាពជាចម្បង ជាក់ស្ដែងកន្ត្រកវិលដ៏ធំមួយនេះក៏ត្រូវបានធានាសុវត្ថិភាព១០០ភាគរយ ដែលវាអាចទប់ទល់បានជាមួយនឹងគ្រោះរញ្ជួយផែនដីបានទៀតផង ។ លោកបន្ថែមថា បន្ទាប់ពីបានសាងសង់រួច និងដាក់ដំណើរការនូវកន្ត្រកវិលនេះពួកយើងនឹងមិននៅស្ងៀមដែរ គឺនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្សព្វផ្សាយពីអ្វីដែលទើបកែច្នៃនៅតំបន់ទេសចរណ៍ដ៏ល្បីប្រចាំប្រទេសក៏ដូចជា ពិភពលោកផងដែរ ។ លោកថា៖« យើងនឹងសហការជាមួយអាជ្ញាធរ ក្នុងមូលដ្ឋាន និងក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ ទៅដល់ភ្ញៀវបរទេស និងភ្ញៀវក្នុងស្រុក ដើម្បីអោយពួកគេបានដឹងថានៅសៀមរាបមានការផ្លាស់ប្តូរជាងមុនប្លែកជាងមុន» ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានប្រកាសពីការលើកលែងពន្ធមួយរយៈដល់អាជីវកម្មសណ្ឋាគារ និង hostel នៅក្នុងខេត្តសៀមរាបផងដែរ ក្នុងពេលដែលខេត្តនេះ ស្ងប់ស្ងាត់ភ្ញៀវជាងមួយឆ្នាំ ។
ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវរៀបចំនូវសកម្មភាពទាក់ទាញភ្ញៀវទេសចរឡើងវិញ ដូចជា ព្រឹត្តិការណ៍អង្គរសង្គ្រាន បុណ្យប្រពៃណី ការប្រកួតកីឡា បង្ហាញម៉ូដ ជាដើម ជាពិសេសនោះ គឺត្រូវរក្សារតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរអោយនៅដដែល ដើម្បីអោយភ្ញៀវបរទេសនៅតែមកកម្សាន្តនៅកម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ