​ដោយ​បាន​បន្លុយ​ថា រដ្ឋ​មន្ត្រីក្រសួង​ខ្លះ​​ស្ពឹក​ស្រពន់


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​អំពី​ការ​កែសម្រួល​គណៈរដ្ឋមន្ត្រី ដែល​អាច​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា ការ​អនុវត្ត​កន្លង​ទៅរបស់​ក្រសួង​មួយ​ចំនួន​មាន​ភាព​ស្ពឹក​ស្រពន់​ខ្លះ ។​ ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​នៅ​ក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ក្នុង​ឱកាស​នោះ​មានការ​ចូលរួម​ពីសមាជិក​សំខាន់​ៗ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល និង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ និង​អ្នក​សារព័ត៌មាន ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា «​ខ្ញុំ​គ្រាន់តែ​ឱ្យ​សញ្ញា​ថា​នឹង​មានការ​កែសម្រួល គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ខាង​មុខ មិនជា​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ច្បាប់​ស្តី​ពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកទេស និង​នវានុវត្តន៍ ។ ឆ្លៀតពេល​​នោះ យើង​នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋមន្ត្រី ហើយ​រដ្ឋមន្ត្រី​នោះ​ក៏​នៅ​តែ​ជា​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ដដែល ក៏ប៉ុន្តែ​អាច​នឹង​មាន​ក្រសួង​មួយ​ចំនួន​មានការ​កែសម្រួល​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ការ​កែសម្រួល​គណៈរដ្ឋមន្ត្រី​វា​ជា​រឿង​ធម្មតា ដែល​នៅប្រទេស​ខ្លះ​មានការ​ដូរ​រហ័ស​ជាង​នេះ ។ ការ​កែសម្រួល​នោះ​ក៏​មិន​ខ្លាំង​រហូត​ដល់​ការ​រំលាយ​ចោល​រដ្ឋាភិបាល​នោះ​ដែរ ព្រោះ​យើង​គ្រាន់តែ​ឃើញ​ថា មាន​ភាព​ស្ពឹក​ស្រពន់​នៅ​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​មាន​ប្រសិទ្ធភាព​តិច មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល ។

គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ និង​ទទួល​បាន​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា ហើយ​សម្ដេច​តេ​ជោ​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦​នេះ ។គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នេះ មាន​ស្ថានភាព​ខុស​ពី​អាណត្តិ​មុន​ៗ លើ​សមាសភាព​ដូច​ជា នាយក​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជា​សមាជិក​រាជរដ្ឋាភិបាល ចំណែក​រដ្ឋលេខាធិការ លែង​ជា​សមាជិក​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​នេះ​ទៀត​ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ