ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​៧​ចំណុច​ជា​គោលដៅ​អាទិ​ភាព​សម្រាប់​ធ្វើការ​ដោះស្រាយ​នា​ឆ្នាំ​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទាំង​ក្រុមប្រឹក្សា​ក៏​ដូច​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តែង​បាន​ខិតខំ​បំពេញ និង​ដោះស្រាយ​ការងារ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ធ្វើ​អោយ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​ជាតិ​កាន់តែ​មានការ​រីក​ចំរើន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទន្ទឹម​នឹង​លទ្ធផល​ទាំងនោះ ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ​ដូច​ជា​៖ បញ្ហា​សន្តិសុខ​,…

រាជធានី​ភ្នំពេញ​៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទាំង​ក្រុមប្រឹក្សា​ក៏​ដូច​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តែង​បាន​ខិតខំ​បំពេញ និង​ដោះស្រាយ​ការងារ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ធ្វើ​អោយ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​ជាតិ​កាន់តែ​មានការ​រីក​ចំរើន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទន្ទឹម​នឹង​លទ្ធផល​ទាំងនោះ ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ​ដូច​ជា​៖ បញ្ហា​សន្តិសុខ​, សណ្តាប់ធ្នាប់​, ប្រព័ន្ធ​ផ្លូវ​-​លូ​, កា​រត​បណ្តាញ​អគ្គិសនី​, បណ្តាញទឹក​ស្អាត​, ការ​គ្រប់គ្រង​សំណល់​រឹង​-​សំរាម​, បញ្ហា​រំលោភ​បំពាន​ផ្ទៃ​ប្រឡាយ បឹង សំណង់​ខុសច្បាប់ និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​បាន​តាម​តម្រូវការ ។

យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩​កន្លង​មក ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី ភ្នំពេញ បាន​បន្ត​ខិតខំ​ជម្នះ​ពុះពារ​រាល់​ការ​លំបាក​ស្មុគស្មាញ ដោយ​អនុវត្ត​គ្រប់​វិធានការ ពិសេស​ការ​ចាត់តាំង​អនុវត្ត គោលនយោបាយ «​ភូមិ សង្កាត់ មាន​សុវត្ថិភាព​» កាន់តែ​ល្អ​ប្រសើរ រក្សា​បាន​នូវ​សភាពការណ៍​សន្តិសុខ​ទូទៅ​ល្អ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​គួរ​ឱ្យ​កត់សម្គាល់​សកម្មភាព​បង្កចលាចល​នយោបាយ និង​អំពើ​ភេរវកម្ម​ត្រូវ​បាន​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន អំពើ​ប្លន់​ប្រដាប់​អាវុធ ក្មេង​ទំនើង និង​គ្រឿងញៀន ត្រូវ​បាន​យកចិត្តទុកដាក់​បង្ក្រាប​បានជា​បន្តបន្ទាប់ ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​ប្រជាជន​វិនិយោគិន​និង​ភ្ញៀវ​បរទេស​។

របាយ​ការ​ណ៏​ដដែល​បន្ត​ថា សភាព​ការ​ខាងលើ​នេះ​បាន​ផ្តល់​នូវ​ភាព​អនុគ្រោះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ វិ​សហ​មជ្ឈការ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ឱ្យ​ទទួល​បាន​ជោគជ័យ ពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់​អគារ​ខ្ពស់​ៗ ទីក្រុង​រណប និង​ថេរភាព​ល្អ​ប្រសើរ​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​។

របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​ខាងលើ ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ត្រូវ​ប្រមូល ផ្តុំ​ដោះស្រាយ​ឱ្យ​បាន​ល្អ​នា​ពេល​ខាង​មុខ មាន​ជា​អាទិ៍ ៖ ១-​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់​អាវុធ ចោរកម្ម ក្មេង​ទំនើង និង​បទល្មើស​គ្រឿងញៀន ព្រមទាំង​បញ្ហា​គ្រោះ​អគ្គិភ័យ នៅ​តែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ ២-​បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​៖ បញ្ហា​នេះ គឺជា​ការងារ​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្ត​ជា​ប្រចាំ ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ ដោយ​ផ្តោត​លើ​វិធានការ​ចំនួន​បី​សំខាន់​ៗ រួម​មាន​៖ សណ្តាប់ធ្នាប់ ចិញ្ចើម​ផ្លូវ​, សណ្តាប់ធ្នាប់​សំណង់ និង​សណ្តាប់ធ្នាប់​លក់ដូរ ៣-​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​តម្រូវការ​របស់ ប្រជាពលរដ្ឋ​នៅឡើយ ។

៤-​កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​សង្កាត់​ជាយ រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅឡើយ ៥-​ការងារ​គ្រប់គ្រង​សំណល់​រឹង​-​សំរាម ប្រព័ន្ធ​បង្ហូរ​សំណល់​រាវ អនាម័យ​សាធារណៈ និង​បញ្ហា​ឧស្ម័ន​ផ្ទះ កញ្ចក់​ក្នុង​រាជធានី​នៅ​តែ​ជា​ក្តី​ប្រារ​ម្ភ និង​ជា​អាទិភាព​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ខិតខំ​ដោះស្រាយ​ឱ្យ បាន​ឆាប់រហ័ស ជា​ពិសេស​ការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​ពី​ការ​វេច​ខ្ចប់ ទុកដាក់​សំណល់​រឹង និង​ការ​បញ្ចេញ​ចោល​សំណល់​រាវ​គ្រប់​ប្រភេទ​ឱ្យ​ត្រឹមត្រូវ ។

៦-​បញ្ហា​ការ​រំលោភ​បំពាន​ផ្ទៃ​ប្រឡាយ និង​សំណង់​ខុសច្បាប់​៖ ផ្ទៃ​អាង​ស្តុក​ទឹក និង​ផ្ទៃ​ប្រឡាយ​ភាគច្រើន ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​រំលោភ​បំពាន​កាន់កាប់​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ រហូត​ផ្នែក​ខ្លះ​បាន បាត់បង់​រូបរាង​ដើម​ទាំងស្រុង និង​បង្កើត​ជា​សំណង់​មិន​រៀបរយ ហើយ​ចំណាត់ការ​រដ្ឋបាល​របស់​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ជំនាញ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព ដូច្នេះ​ចាំបាច់​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​នេះ និង​ចូលរួម ដោះស្រាយ​បញ្ហា​សំណង់​ខុសច្បាប់ ៧-​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ ដែល​កាន់កាប់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​, តំបន់ អភិវឌ្ឍន៍​បឹង​កក់​, សហគមន៍​បុរី​កីឡា​នៅ​សេសសល់​ចំនួន ១២​គ្រួសារ​, តំបន់​អតីត​ផ្លូវដែក​ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ​, តំបន់​ស្ថានីយ​ស្តុក​ទឹក​បឹង​ត្របែក​, តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក និង​តំបន់​តាម​មាត់​ប្រឡាយ​នានា​ផ្សេង​ទៀត មិន​ទាន់ បាន​ដោះស្រាយ​រួចរាល់​នៅឡើយ​។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត បូក​សរុប​លទ្ធផល​ការងារ របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ខែកុម្ភៈ​នេះ និង​គ្រោង​អញ្ជើញសម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ