រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលនឹងរកការងារឲ្យកម្មករនិយោជិតធ្វើ បើសិនជារោងចក្រណាមួយបិទឬ ព្យួរការងារជាបណ្តោះអាសន្នដោយសារជំងឺកូរ៉ូណា (COVID19) ។ ថ្លែងក្នុងសន្នសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នាវិសន្តិភាព សម្តេចតេជោបានបញ្ជាក់ថា ៖«រាជរដ្ឋាភិបាលមិនអោបដៃនៅស្ងៀមមើលសហគ្រាស និងក្រុមហ៊ុនទទួលរកនូវផលប៉ះពាល់ ក្មួយៗជាកម្មនិយោជិកមួយចំនួនបាត់បង់ការ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះនោះឡើយ» ។
សម្តេចបន្ថែមថា ថ្ងៃនេះរដ្ឋាភិបាលបានចេញវិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីគ្រប់គ្រងផលប៉ះពាល់នូវវិស័យមួយចំនួនក្នុងគោលដៅធានាលំនឹងសេដ្ឋកិច្ច និងសង្គម ។ ការដាក់ចេញនូវវិធានការទាំងអស់នេះ រាជរដ្ឋាភិបាលបានគិតគូររាល់គ្រប់ទិដ្ឋភាពសំដៅជួយដល់តួអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសក្តានុពលផង ។ ទី១.ជួយដល់ក្រុមហ៊ុនដែលមានរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះអាចបន្តបានក្នុងបរិបទដ៏លំបាកនេះ ។ ទី២. ជួយដល់កម្មករក្នុងករណីដែលបាត់បង់ ឬព្យួការងារឲ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត់ និងទី៣.ជួយទ្រទ្រង់លើកកំណើតដល់សហគ្រាសធន់តូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។
សម្តេចតេជោ បានលើកឡើងថា វិធានការដែលដាកចេញមកនេះមិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែជាវិធានការជួយលើកស្ទួយដល់វិស័យទាំងនោះនៃសេដ្ឋកិច្ចជាតិទាំងមូលនៅពេលដែលជំងឺកូវីដឆ្លងផុតទៅ ។ សម្តេចបញ្ជាក់ថា ៖«ជំងឺកូវីដ១៩ បញ្ហាផ្សេងៗទៀតមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ និងហូសហេតុដល់សេដ្ឋកិច្ចកម្ពុជានោះទេ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះ គឺជំងឺភ័យខ្លាចដែលមានការឃោសនាពីជនអគតិមួយចំនួនដែលមានបំណងបង្កភាពចលាចលក្នុងសង្គមជាតិ ដើម្បីប្រយោជន៍របស់ខ្លួន ។
ជាការពិតមូលដ្ឋានសេដ្ឋកិច្ចនៅបន្តមានភាពរឹងមាំ ដូច្នេះខ្ញុំដល់វិនិយោគិនទាំងជនជាតិកម្ពុជា និងបរទេស មានជំនឿរទុកចិត្តលើរាជរដ្ឋាភិបាល និងចូលរួមអនុវត្តលើកវិធានការនេះឲ្យសកម្ម» ។ សម្តេចបានគូសបញ្ជាក់ទៀតថា ៖«ចំពោះក្មួយៗដែលជាកម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលធានារកការងារជូនប្រសិន បើជួបប្រទះនូវបញ្ហាបាត់បង់ការងារ ។ ក្នុងករណីដែលក្មួយៗមិនចង់ធ្វើការងារ ហើយចង់ស្វែងរកឱកាសក្នុងការបង្កើនការងាររបស់ខ្លួនក្មួយៗអាចចូលរួម និងទទួលការបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងពាក់ព័ន្ធដោយទទួលបានប្រាក់ចំណាចយ៉ាងសមរម្យ» ៕
ចែករំលែកព័តមាននេះ