ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ព្រៃ​ទា ទាមទារ​ឱ្យ​អនុវត្តន៍​តាម​ចំណារ​សម្តេច​តេ​ជោ​… កុំ​ភូត​សម្តេច (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំនួន​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ បាន​ប្រមូលផ្ដុំ​គ្នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំនួន​៣៥​គ្រួសារ​តំណាង​ឲ្យ​១៤៥​គ្រួសារ បាន​ប្រមូលផ្ដុំ​គ្នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​លើ​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អង្គភាព​យោធា​មូលដ្ឋាន​កងការពារ​អាកាស​វរៈ​៩១ រយៈពេល​២០​ឆ្នាំ​កន្លង​មក​ហើយ​នោះ ដើម្បី​ទាមទារ​ឲ្យ​ក្រុមការងារ​ដែល​បង្កើត​ឡើង​ដោយ​ក្រសួងការពារជាតិ​រួម​មាន ៖

១- នាយកដ្ឋាន​អធិការកិច្ច​ក្រសួងការពារជាតិ​ជា​ប្រធាន
២- នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ជា​អនុប្រធាន
៣- តំណាង​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ជា​សមាជិក
៤- តំណាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ជា​សមាជិក
៥- តំណាង​អាជ្ញាធរ​ដែនដី​រាជធានី​ភ្នំពេញ​ជា​សមាជិក ។

មេត្តា​អនុវត្តន៍​នូវ «​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បែងចែក​ដី​នេះ ដឹង​ចំណែក​រួច​អស់ហើយ​នោះ​» ប្រគល់​ដី​ជូន​ពួក​គាត់ ដើម្បី​បញ្ចប់រឿង​ទំនាស់​ដ៏​រ៉ាំ​រៃ​នេះ​។ ព្រោះ​ប្រសិនបើ​ក្រុមការងារ​ខាងលើ អនុវត្តន៍​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​នេះ ដោយ​គ្មាន​ការ​រួញរា​នោះ រឿង​ទាំង​ប៉ុន្មាន នឹង​ត្រូវ​បញ្ចប់​មិន​ចាំបាច់​ឲ្យ​ពួក​គាត់ និង​យោធា​ប្រឈម​មុខ​ដាក់​គ្នា​ឡើយ​។

ទោះបីជា​បែប​ណា អ្នក​ភូមិ​ខាងលើ​នៅ​តែ​ទទូច​សុំ​ឲ្យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​ដល់​ពួក​គាត់​ផង​។ ពួក​គាត់​បញ្ជាក់​ថា ការ​អូស​បន្លាយ​នូវ​រឿង​ទំនាស់​ខាងលើ​នេះ ព្រោះតែ​ក្រុមការងារ​ខាងលើ មិន​ព្រម​អនុវត្តន៍​តាម​ចំណារ​របស់​សម្ដេច​សោះ ដោយ​បាន​យក​ចំណារ​ដែល​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​ក្នុង​ការ​បញ្ចប់រឿង​ទំនាស់​នេះ ទៅ​ផ្កាប់​ចោល​មិន​អនុ​វត្តន៍​តែ​ម្ដង ហើយ​ថែម​ទាំង​មាន​មន្ត្រី​ខិលខូច​ខ្លះ​ទៀត​ធ្វើ​របាយការណ៍ ឬ​រាយការណ៍​កុហក​សម្ដេច​ថា រឿង​នេះ​បាន​ដោះស្រាយ​ចប់​ហើយ​។

មិនតែប៉ុណ្ណោះ បាន​ទម្លាក់​កំហុស​មក​លើ​ពួក​គាត់​ថា «​អ្នក​ភូមិ​ខូច​ណាស់ បាន​ដោះស្រាយ​ចប់​ហើយ នៅ​តែ​នាំ​គ្នា​ទាមទារ​មិន​ឈប់​» ដែល​ការ​រាយការណ៍​កុហក​បែប​នេះ អាច​នឹង​ធ្វើ​ឲ្យ​សម្ដេច​មានការ​ភាន់ច្រឡំ​ថា រឿង​បាន​ដោះស្រាយ​ចប់​ហើយ ប៉ុន្តែ​តាម​ពិត​ទៅ​ពួក​គាត់​អត់​ទាន់​ទទួល​បានការ​ដោះស្រាយ​ទៅ​តាម​ចំណារ​របស់​សម្ដេច​ម្ដងណា​ឡើយ​។

ជាង​នេះ​ទៀត ដី​ត្រូវ​បាន​បាត់បង់​ម្ដង​បន្តិច​ៗ ដោយសារ​តែ​ពេល​នេះ​ខាង​កងទ័ព និង​គ្រួសារ​កងទ័ព​បាន​បន្ត​សាងសង់​លំនៅ​ដ្ឋា​ន​លើ​ដី​ទំនាស់ និង​លួច​អង្កន់​ដី​នេះ លក់​ជា​បន្តបន្ទាប់ ហើយ​ពួក​គាត់​កំពុង​ព្រួយបារម្ភ​ថា បើ​នៅ​តែ​គ្មាន​ការ​អនុវត្តន៍​នូវ​ដំណោះស្រាយ​ដែល​មាន​ស្រាប់​មក​ហើយ​ទៀត​នោះ នោះ​ថ្ងៃ​ណាមួយ​នឹង​អាច​កើត​មាន​អំពើ​ហិង្សា​ជាក់​ជា​មិន​ខាន​ឡើយ គឺ​នៅ​ពេល​ដែល​ពួក​គាត់​លើកគ្នា​ទៅ​ធ្វើការ​រារាំង​ការ​សាងសង់​ផ្ទះ​នៅ​លើ​ដី​នោះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ