ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩​នេះ ពលរដ្ឋ​ជិះ​រថយន្តក្រុង​ជាង​៨​លាន​នាក់ តែ​បង់ប្រាក់​តែ​ជិត​៣​លាន​នាក់​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​លើក​ដំបូង កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ មាន​ខ្សែ​រត់​ចំនួន​០៣​ខ្សែ រថយន្ត​ចំនួន​៤៣​គ្រឿង…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​លើក​ដំបូង កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៤ មាន​ខ្សែ​រត់​ចំនួន​០៣​ខ្សែ រថយន្ត​ចំនួន​៤៣​គ្រឿង នៅ​ឆ្នាំ​២០១៧ បន្ថែម​ខ្សែ​រត់​ចំនួន​០៥​ខ្សែ រថយន្ត​ចំនួន​១៥៥​គ្រឿង និង​ឆ្នាំ​២០១៨ បន្ថែម​ខ្សែ​រត់​ចំនួន​០៥​ខ្សែ​ទៀត គឺ​សរុប​ចំនួន​១៣​ខ្សែ ប្រើប្រាស់​រថយន្ត​ចំនួន​២៣៥​គ្រឿង ក្រោម​ការ​ជួយ​ជ្រោមជ្រែង និង​ផ្តល់​ជំនួយ​រថយន្តក្រុង​ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន រហូត​មក​ដល់​ពេល​នេះ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៩​នេះ អ្នក​ជិះ​រថយន្ត​ក្រុងមាន​ចំនួន ៨.២៦៥.១០៧​នាក់ ក្នុង​នោះ​អ្នក​ជិះ​បង​ប្រាក់​ចំនួន ២.៧៩០.៤៣៣​នាក់ និង​អ្នក​ជិះ​ឥត​បង់ប្រាក់​ចំនួន ៥.៤៧៤.៦៧៤​នាក់​។

បើ​តាម​របាយការណ៍​បាន​បន្ត​ថា ចំណែក​កាណូត​ដឹក​អ្នកដំណើរ​វិញ មាន​អ្នក​ជិះ​ចំនួន ១៧.៧៥៦​​នាក់​។ បាន​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ពុំ​គិតថ្លៃ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅ​មក​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ចំនួន​សរុប ៣៨.៧៥៩​នាក់​។

បាន​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ពុំ​គិតថ្លៃ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ​ទៅ​មក​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​សរុប ២៣.៦៣៥​នាក់​។ បាន​ដឹក​ជញ្ជូន​មន្ត្រីរាជការ តាជី​-​យាយជី និង​សិស្សានុសិស្ស​ចូលរួម​កម្មវិធី​សំខាន់​ៗ​សរុប​ចំនួន ៦.៨៤០​នាក់​។

របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀត​ថា ខ្សែរ​ត់របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ​មាន​ចំនួន ១៣​ខ្សែ ប្រើប្រាស់​រថយន្ត​-​ក្រុង​ចំនួន ២៣៥​គ្រឿង សម្រាប់​បម្រើសេវា​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ជូន​ប្រជា ពលរដ្ឋ​រួម​មាន ៖

  1. ខ្សែ​ទី​១A ៖ ពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ដល់​ចំណត​ច្បារ​អំពៅ​ប្រវែង ២៥​គ​.​ម ខ្សែ​ទី​១B ៖ ពី​ចំណត​ច្បារ​អំពៅ ដល់​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​ន​ស៍​ម៉ា​ណ័​រ (​វិល​ជុំ​) ប្រវែង ២៤​គ​.​ម
  2. ខ្សែ​ទី​២ ៖ ពី​រង្វង់​មូល​គួ​ច​កាណុង ដល់​ស្ពាន​ព្រែក​សំរោង ប្រវែង ១៩​គ​.​ម
  3. ខ្សែ​ទី​៣ ៖ ពី​ចំណត​សួន​ឫស្សី​កែវ ដល់​បុរី​សន្តិភាព​២ ប្រវែង ២៤​គ​.​ម
  4. ខ្សែ​ទី​៤A ៖ ពី​ចំណត​សួន​ឫស្សី​កែវ ដល់​បុរី​សន្តិភាព​២ ប្រវែង ២៩​គ​.​ម ខ្សែ​ទី​៤B ៖ ពី​ចំណត​សួន​ឫស្សី​កែវ ដល់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កម្ពុជា​-​ចិន ប្រវែង ៣១​គ​.​ម ខ្សែ​ទី​៤C ៖ ពី​ចំណត​សួន​ឫស្សី​កែវ ដល់​រង្វង់​មូល​ដីក្រហម (​គួ​ស្រូវ​) ប្រវែង ២២​គ​.​ម
  5. ខ្សែ​ទី​៥A ៖ ពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ដល់​ផ្សារ​អ៊ី​អន​២ (​វិល​ជុំ​) ប្រវែង ១២​គ​.​ម ខ្សែ​ទី​៥B ៖ ពី​ចំណត​ផ្សារ​អ៊ី​អន​១ ដល់​ចំណត​ផ្សារ​អ៊ី​អន​២ (​វិល​ជុំ​) ប្រវែង ១១​គ​.​ម
  6. ខ្សែ​ទី​៦ ៖ ពី​រង្វង់​មូល​គួ​ច​កាណុង ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ប្រវែង ២៥​គ​.​ម
  7. ខ្សែ​ទី​៧ ៖ ពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ដល់​ចំណត​បឹង​ឈូក ប្រវែង ២២​គ​.​ម
  8. ខ្សែ​ទី​៨ ៖ ពី​រង្វង់​មូល​គួ​ច​កាណុង ដល់​ចំណតរថយន្ត​ក្រុង​ផ្លូវ​២០០៤ (​វិល​ជុំ​) ប្រវែង ១២​គ​.​ម
  9. ខ្សែ​ទី​៩ ៖ ពី​បុរី​សន្តិភាព​២ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ប្រវែង ២៣​គ​.​ម
  10. ខ្សែ​ទី​១០ ៖ ពី​ចំណតរថយន្ត​ក្រុង​ផ្លូវ​២០០៤ ដល់​ចំណត​ច្បារ​អំពៅ (​វិល​ជុំ​) ប្រវែង ១៣​គ​.​ម
  11. ខ្សែ​ទី​១១ ៖ ពី​ចំណត​វត្ត​ស្លែង ដល់​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ (​វិល​ជុំ​) ប្រវែង ១៤​គ​.​ម
  12. ខ្សែ​ទី​១២ ៖ ពី​ចំណត​រាជា​យ​ស្ម័យ​យាន​កម្ពុជា (​វិល​ជុំ​) ប្រវែង ១០​គ​.​ម
  13. ខ្សែ​ទី​១៣៖ ពី​ចំណត​រាជា​យ​ស្ម័យ​យាន​កម្ពុជា ដល់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ (​វិល​ជុំ​) ប្រវែង ៦​គ​.​ម​ម

បើ​តាម​លោក​អ៊ា​ន សុ​ឃី​ម ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ បាន​ពង្រីក​សេវា​ដឹក​ជញ្ជូន​កើន​ដល់​ចំនួន​១៣​ខ្សែ ដោយ​ប្រើប្រាស់​រថយន្តក្រុង​សរុប​ចំនួន​២៣៥​គ្រឿង មាន​បុគ្គលិក​សរុប​ចំនួន​៧០៥​នាក់ ក្នុង​រថយន្ត​មួយ​គ្រឿង​ត្រូវ​ប្រើប្រាស់​បុគ្គលិក​បើកបរ​ចំនួន​២​នាក់ ចែក​ជា​ពីរ​វេន​ក្នុង​១​ថ្ងៃ ពង្រាយ​នៅ​តាម​បណ្តា​ផ្លូវ​សំខាន់​ៗ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅ​តាម​ជម្រើស​គោលដៅ ប្រកបដោយ​សុវត្ថិភាព និង​កាត់​បន្ថយ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​បំពុលបរិស្ថាន​រាជធានី​ភ្នំពេញ​ជាដើម ។

លោក​បន្ត​ថា រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រថយន្តក្រុង និង​ប្រព័ន្ធ​តាមដាន​ទីតាំង រថយន្តក្រុង ដើម្បី​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ និង​ពេលវេលា នៃ​ការ​មក​ដល់​របស់​រថយន្តក្រុង បាន​ជួយ​សម្រួល​ដល់​អ្នក ជិះ​រថយន្តក្រុង​នៅ​រាជ​ធានី​ភ្នំពេញ និង​ប្អូន​សិស្សានុសិស្ស ជិះ​រថយន្តក្រុង​មក​សិក្សា​ដោយ​ខ្លួនឯង និង​បាន​រៀបចំ​បំពាក់​ម៉ាស៊ីន​ទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដោយ​មានការ​ប្រើប្រាស់​កាត អ៊ិ​ន​អែ​ត​ស៊ី របស់​ធនាគារ ឯកទេស វី​ន និង ឃ្យូ​អរ​កូត របស់​ធនាគារ អេ​ស៊ី​លី​ដា ទាត់​ចិត្ត​នៅ​លើ​រថយន្ត​ក្រុង​និង​មាន​អ៊ី​ន​ធឺ​ណែ​ត​(wi-fi) នៅ​លើ​រថយន្តក្រុង​ផង​ដែរ ដើម្បី​ងាយស្រួល​ក្នុង​ការ​ទូទាត់​។

លោក អ៊ា​ន សុ​ឃី​ម បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ បាន​ចំនួន​១៣​ខ្សែ នៅ​តាម​បណ្តា​ផ្លូវ​សំខាន់​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​រយៈ​សេវា​រថយន្ត​ក្រុង​នេះ មាន​ចន្លោះ​ពី​ជាង​២​ម៉ឺន​៨​ពាន់​នាក់ ទៅ​៣​ម៉ឺន​នាក់ ។

សូម​បញ្ជាក់​ថា រដ្ឋបាល រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ខែកុម្ភៈ​នេះ និង​គ្រោង​អញ្ជើញសម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ