ខេត្តព្រះសីហនុ ៖ យុវជនវ័យក្មេងម្នាក់ក្នុងចំណោម២នាក់ ត្រួវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ស្ត្រីជនបរទេសម្នាក់ដែលកំពុងចុះងូតទឹកនៅឆ្នេរពយតាមូង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមការបញ្ជាក់ពីលោកអនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះមានឈ្មោះឈុន ភារម្យ ហៅអាឡាក់គី ភេទ ប្រុស អាយុ១៦ឆ្នាំមានមុខរបរជាសិស្ស មានទីលំនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ឯជនរងគ្រោះមានឈ្មោះJADE DUJARDIN ភេទស្រី អាយុប្រមាណជាង២០ឆ្នាំ មុខរបរទេសចរណ៏។ ប្រភពដដែលបានបន្តថា នៅវេលាម៉ោងប្រមាណជាង១៧ល្ងាចជនសង្ស័យរួមជាមួយបក្សពួកម្នាក់មិនស្គាល់ឈ្មោះ ដើរតាមមាត់សមុទ្រ ចំនុចពយតាមូង ក៏បានជួបនឹងស្ត្រីជនបរទេសម្នាក់ដែលកំពុងងូតទឹក ដោយបានទុកកាបួបស្ពាយនៅលើឆ្នេរ ឃើញឪកាសដូចនោះ ជនសង្ស័យទាំង២នាក់ ក៏បានធ្វើសកម្មភាពឆក់កាបូបនោះរួចរត់ឡើងសំដៅភ្នំពយតាមូង ក៏បានជួបនឹងសមត្ថកិច្ចកំពុងពិនិត្យសាកសពចងករសម្លាប់ ខណះពេលនោះជនសង្ស័យទាំង២នាក់ក៏មានការភិតភ័យហើយបានរត់គេចចេញពីសមត្ថកិច្ច ដោយឃើញស្ថានភាពមិនល្អ កម្លាំងរបស់លោកក៏បានស្រែកឱ្យឈប់តែពួកគេ (ជនសង្ស័យ) មិនព្រមឈប់ទើបសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ឯ ម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ លុយចំនួន១០ដុល្លារ នាឡិការចំនួន១ កាមេរ៉ាចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។
ចែករំលែកព័តមាននេះ