ប្រមុខ​រដ្ឋាភិបាល​បង្ហាញ​ផែនការ​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​ក្រៅ​មក​ផ្គត់ផ្គង់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក


រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចូល​បន្លែ​ដែល​មាន​ផ្ទុក​សា​ធាតុគីមី​នា​ពេល​កន្លង​មក​ក៏​ដូច​នៅ​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​ប្រជាជន​កើត​នូវ​ក្តី​បារម្ភ​មិន​ដាច់​អាល័យ​ចំពោះ​សុខភាព​ខ្លួនឯង និង​ក្រុម​គ្រួសារ​នៅ​ពេល​បរិភោគ​ចំណីអាហារ និង​បន្លែ​ត្រី​សាច់ ។ ប៉ុន្តែ​ក្តី​បារម្ភ​នេះ​អាច​នឹង​ត្រូវ​កាត់​បន្ថយ ឬ​ស្តា​ឡើង​វិញ​បាន​នៅ​ពេល​ខាង​មុខ ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង ឬ​បង្ហាញ​ផែនការ​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​មាន​គីមី​ពី​បណ្តា​ប្រទេស​ជិតខាង សម្រាប់​យក​មក​ផ្គត់​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នៅ​តាម​សណ្ឋាគារ​ក្នុងស្រុក ។ ការ​បង្ហាញ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​ទទួល​បានការ​សាទរ​ពី​អង្គការ​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម និង​ប្រជាពលរដ្ឋ​បើសិន​ធ្វើ​បាន ។

សម្តេច​អគ្គ​មា​ហា​សេនាបតី តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃ​ទី​១៨​កុម្ភៈ​ថា កសិករ​គេ​ត្រូវការ​ការពារ​ដូច​ជា សាច់​គោ​របស់​អា​មេ​រិ​ក​ពិបាក​នាំ​ចូល​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង បើ​តែ​មានការ​នាំ​ចូល​ប្រជា​កសិករ​ធ្វើ​បាតុកម្ម​ប្រឆាំង ។ សម្តេច​តេ​ជោ ហ៊ុន​សែន​មាន​ប្រសាសន៍​ថា​«​ចំណែក​កម្ពុជា យើង​មិន​ធ្វើ​ផ្ទុយ​ពី​គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ យើង​ត្រូវ​មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​នៃ​ការ​រីក​រាលដាល​ហើយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​យើង​ដាំ​ដុះ​នូវ​បន្លែបង្កា​ដែល​គ្មាន​ប្រើប្រាស់​ជាតិ​គីមី ហើយ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​ប្រើប្រាស់​ជាតិ​គីមី​» ។

សម្តេច​សង្កត់ធ្ងន់​ដូច្នេះ​ថា​«​ជា​វិធានការ​ដែល​យើង​ត្រូវ​ប្រកាន់​យក គឺ​ជំរុញ​ការ​ដាំ​ដុះ​ក្នុងស្រុក ហើយ​ជំរុញ​ចូល​ទីផ្សារ ហើយ​ទីផ្សារ​របស់​យើង​មិន​សំដៅ​តែ​នាំ​ចេញ​ទៅ​ក្រៅ ។ សព្វ​ថ្ងៃនេះ​ទេសចរណ៍​របស់​យើង​ប្រើប្រាស់ និង​ផ្គត់ផ្គង់​មក​ពី​ខាងក្រៅ​រាប់​ទាំង​បន្លែបង្កា ។ យើង​ត្រូវ​ពង្រឹងសមត្ថភាព​ដាំ​ដុះ​របស់​ប្រជា​កសិករ​យើង ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​សណ្ឋាគារ ។ ការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី​ដើម្បី​ផ្គង់​ផ្គង់​ចូល​ស​ណ្គា​គារ ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ដោយ​មិន​ចំណុះ​នៅ​លើ​ទីផ្សារ​ខាងក្រៅ​នោះ​ទេ​ហើយ​កាត់​បន្ថយ​រូបិយ​បណ្ណ​ទៅ​ទិញ​ពី​ខាងក្រៅ ។ ទី​ចុង​បំផុត​ទេសចរណ៍​យើង​ទទួល​បាន​តែ​សំបក​ទេសចរណ៍ ពីព្រោះ​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​ធ្លាក់​ទៅ​លើ​ប្រទេស​ដែល​យើង​នាំ​មក​ផ្គត់ផ្គង់​នៅ​ទេសចរណ៍​ក្នុងស្រុក​ដដែល អីចឹង​បើ​ទោះបី​ទេសចរណ៍​មិន​ទៅ​ប្រទេស​ដទៃ​នោះ​ក៏​ប្រទេស​ដទៃ​នោះ​ទទួល​បាន​ប្រយោជន៍​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​វិញ​» ។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សេ​ដាក អ្នកស្រី តុង​ចាន់​ធាង មាន​ប្រស​សន៍​ថា​« វិធានការ​កាត់​បន្ថយ​ការ​នាំ​ចូល​អាហារ បន្លែ​ដែល​ផ្ទុក​សារធាតុ​គីមី​របស់​រាជរដ្ឋាភិបាល​នេះ ក្នុង​នាម​អង្គការ​សេ​ដាក​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​កសិកម្ម​នេះ គឺ​យើង​សាទរ​ចំពោះ​វិធានការ​នេះ​បើ​ត្រូវ​បាន​អនុវត្ត​តាម​អ្វី​ដូច​សម្តេច​លើក​ឡើង​មែន ហើយ​ខ្ញុំ​ជឿជាក់​ថា​ប្រជា​កសិករ​ក្នុងស្រុក​យើង​ក៏​ដូច​ជា​អ្ន​បរិភោគ​នៅ​ក្នុង​ប្រទេស​យើង​ក៏​សាទរ​ដូច​គ្នា​» ។

បើ​តាម​អ្នកស្រី តុង ចាន់​ធាង កន្លង​មក​សេ​ដាក​ពុំ​បាន​ធ្វើការ​សិក្សា ឬ​ស្រាវជ្រាវ​ទៅ​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ចូល​មក​កាន់​កម្ពុជា​នោះ​ទេ ។ ប៉ុន្តែ​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ក្នុង​មួយ​ថ្ងៃ​មានការ​នាំ​ចូល​បន្លែ​មាន​ពី​២០០​ទៅ​៤០០​តោន​នៅ​ពេល​កន្លង​មក ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​និ​ន្ន​ការ​ដាំ​ដុះ​បន្លែ និង​ការ​ចិញ្ចឹមសត្វ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​បន្ទាប់​ពី​មាន​គម្រោង​គាំំ​ទ្រ​ពី​ក្រសួងកសិកម្ម​, គម្រោង​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ពី​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​នានា ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ