អ្នកប្រហែលជាធ្លាប់ឮទស្សនៈដែលរំឭកមនុស្សម្តងហើយម្តងទៀតថា «លុយជាប្រភពនៃអ្វីៗទាំងអស់ដែលមិនល្អ» ។ មិនថាអ្នកគិតថាលុយល្អ ឬអាក្រក់ទេ កត្តាសំខាន់មួយដែលត្រូវតែចងចាំ គឺអ្នកមិនអាចរស់រានមានជីវិតបានឡើយប្រសិនបើអ្នកគ្មានលុយ ។
មនុស្សត្រូវការលុយសម្រាប់ស្ទើរតែគ្រប់ទាំងអស់ទៅហើយដើម្បីការរស់នៅប្រចាំថ្ងៃ ។ លុយជាផ្នែកមួយសំខាន់នៃជីវិតរបស់មនុស្សម្នាក់ៗហើយអ្នកប្រហែលជាធ្លាប់បានលឺពីឥទ្ធិពលរបស់វាលើមនុស្សហើយ ជាពិសេសគឺឥទ្ធិពលដែលអាចផ្លាស់ប្តូរមនុស្សទាំងស្រុង ។ ខាងក្រោមជាឧទាហរណ៍មួយចំនួននៃការផ្លាស់ប្តូររបស់មនុស្សដែលកើតមានឡើងព្រោះតែលុយ៖
១. លុយបង្កឲ្យមនុស្សគិតពីវិសមភាព ការសិក្សាជាច្រើនបានប្រទះឃើញថា ពេលដែលមនុស្សរកចំណូលបានកាន់តែច្រើន ពួកគេក៏កាន់តែចាប់ផ្តើមគិតឡើងវិញពីវិសមភាពដែរ ។ មនុស្សមួយចំនួនគិតថាព្រោះតែពួកគេខិតខំរកលុយយ៉ាងពិបាក អ្នកដទៃដែលមិនខិតខំ ឬមិនធ្វើការទាំងស្រុងគួរតែគោរពដល់ពួកគេជាដើម ។ ជាមួយគ្នានេះដែរ ពួកគេអាចចាប់ផ្តើមមានអារម្មណ៍ខឹង ឬស្អប់មនុស្សដែលមិនខិតខំប្រឹងប្រែង ឬមនុស្សដែលខ្ជិលច្រអូសនឹងការងារ ។
២. លុយ និងការមិនគិតដល់អ្នកដទៃ ការសិក្សាជាច្រើនទៀតដែលរួមមានមួយពី Psychological Science បានឲ្យដឹងថា មនុស្សដែលមានប្រាក់ចំណូលខ្ពស់ភាគច្រើនមិនគិតពីអ្នកដទៃ ឬបង្ហាញពីមនុស្សធម៌ដាក់អ្នកដទៃដូចមនុស្សដែលមានប្រាក់ចំណូលទាបទេ ។
៣. លុយបង្កឲ្យមានអាកប្បកិរិយាមិនល្អ ការសិក្សារបស់សាកលវិទ្យាល័យ University of California បានបង្ហាញឲ្យដឹងថា មនុស្សដែលមានធនធានច្រើនភាគច្រើនមានអាកប្បកិរិយាមិនល្អ ។ អ្នកស្រាវជ្រាវបានកត់សម្គាល់ថា វាមិនប្រាកដថាពួកគេនឹងប្រព្រឹត្តអំពើល្មើសច្បាប់ទេ ប៉ុន្តែពួកគេអាចផ្លាស់ប្តូរអាកប្បកិរិយាពេលដែលទំនាក់ទំនងជាមួយនឹងអ្នកដទៃ ។
៤. លុយជាប់ទាក់ទងនឹងភាពញៀន អ្នកស្រាវជ្រាវក៏បានប្រទះឃើញដែរថា អ្នកមានមិនប្រាកដថាជាអ្នកដែលញៀននឹងគ្រឿងញៀន គ្រឿងស្រវឹង ឬការលេងល្បែងស៊ីសងទេ ។ ប៉ុន្តែពួកគេភាគច្រើនមានទម្លាប់ទិញអ្វីដែលពួកគេចង់បានព្រោះពួកគេមិនចាំបាច់ព្រួយបារម្ភច្រើនពីលុយ ។ ហើយទម្លាប់នេះអាចធ្វើឲ្យពួកគេធ្លាក់ខ្លួនសេពគប់ជាមួយនឹងរបស់ដែលមិនល្អដែលអាចបង្កជាភាពញៀនបាន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ