ខេត្តក្រចេះ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីបរិស្ថានខេត្តក្រចេះ សម្រេចប្រើអាវុធបាញ់៣គ្រាប់បំបែកង់ត្រាក់ទ័រ ដែលកំពុងតែបើកឈូសឆាយរំលោភយកដីព្រៃក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត ក្រោយពីមានការប្រទូសរ៉ាយគ្នាររវាងមន្ត្រីបរិស្ថាន ដែលចុះទៅហាមឃាត់ ហើយម្ចាស់ត្រាក់ទ័របានព្យាយាមបើកគេច។
សេចក្តីរាយការណ៍បន្តថា ស្នូរកាំភ្លើង៣គ្រាប់បានផ្ទុះឡើងនៅរសៀលថ្ងៃទី១៦ កុម្ភៈ ២០២០ នៅក្នុងព្រៃបរិស្ថាន ស្ថិតភូមិ-ឃុំកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ដែលជាតំបន់កំពុងតែប្រឈមនឹងការឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិពីពលរដ្ឋ ក៏ដូចជាអ្នកមានឥទ្ធិពលមួយចំនួន តែការផ្ទុះអាវុធនេះ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។
ប្រភពព័ត៌មានពីស្រុកសំបូរនិយាយថា សព្វថ្ងៃការឈូសឆាយ កាប់រើរានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត កំពុងតែកើតមានយ៉ាងអនាធិបតេយ្យ ក្នុងតំបន់ភូមិសាស្ត្រស្រុកសំបូរ តែការបង្ក្រាបពីក្រុមមន្ត្រីពាក់ព័ន្ធហាក់ដូចជាគ្មានសកម្មភាព ដោយមានប្រភពខ្លះថា បណ្តាលមកពីត្រូវរ៉ូវគ្នារវាងក្រុមមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជាមួយនឹងក្រុមអ្នកកាប់ទន្ទ្រានខុសច្បាប់។
ទន្ទឹមនឹងការលើកឡើងបែបនេះ ក្រុមមន្ត្រីបរិស្ថានខេត្តបាននិយាយថា ដោយសារខ្វះខាតកម្លាំង ទើបការបង្ក្រាប និងទប់ស្កាត់មានការយឺតពេល និងចន្លោះប្រហោង។
ប្រធានមន្ទីរបរិស្ថានខេត្តលោក ឌួង ឆាយសាវុធ បានឲ្យដឹងថា ការផ្ទុះអាវុធពីក្រុមមន្ត្រីបរិស្ថានក្នុងសម្មភាពបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។ នៅថ្ងៃកើតហេតុ គឺក្រុមមន្ត្រីដើរល្បាតបានប្រទះឃើញមានការឈូសឆាយដីព្រៃអភិរក្ស ដែនជម្រទំហំជាង៣ហិកតា ហើយក៏បានធ្វើសកម្មភាពចុះហាមឃាត់។ ហើយដីព្រៃនៅម្តុំនោះក៏ធ្លាប់បានចុះទៅហាមឃាត់ម្តងហើយពីក្រុមមន្ត្រី។ ដោយសារតែមានការប្រទាំងប្រទិសគ្នា រវាងអ្នកបើកត្រាក់ទ័រភ្ជួរដីព្រៃជាមួយនឹងមន្ត្រីប្រតិបត្តិការ ទើបមន្ត្រីសម្រេចបាញ់កាំភ្លើង៣គ្រាប់បំបែកកង់ត្រាក់ទ័រ ដើម្បីបញ្ឈប់សកម្មភាពបើករត់។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ