មុនពេលដែលក្រុមហ៊ុន ហ្វេសប៊ុក (Facebook) មាន News Feed អ្នកប្រើប្រាាស់ត្រូវចុចចូលក្នុងគណនីរបស់មិត្តភក្កិលើប្រព័ន្ធសង្គមនេះ ដើម្បីដឹងថាមិត្តភក្កិបានធ្វើអ្វី និងបានចែករំលែកអ្វីលើប្រព័ន្ធសង្គមរបស់ពួកគេ ។ ប៉ុន្តែបន្ទាប់ពីក្រុមហ៊ុនបានបង្កើត News Feed កាលពីឆ្នាំ ២០០៦ មក អ្នកអាចមើលឃើញអ្វីគ្រប់យ៉ាងដែលមិត្តរបស់អ្នកចែករំលែកដោយមិនចាំបាច់ចូលទៅក្នុងគណនីរបស់ពួកគេឡើយ ។
បន្ទាប់ពីនោះមក ហ្វេសប៊ុក ក៏ចាប់ផ្តើមមានការផ្សាយពាណិជ្ជកម្មដែលយោងទៅតាមសកម្មភាពដែលអ្នកបានធ្វើលើប្រព័ន្ធសង្គមនេះនិងធ្វើឲ្យ ហ្វេសប៊ុក ក្លាយជាវិធីផ្សាយពាណិជ្ជកម្មដែលធំជាងគេលើពិភពលោក ។
![Picture]()
យោងទៅតាមប្រភពមួយបានឲ្យដឹងថា ដើមកំណើតរបស់ News Feed គឺកើតចេញពីគំនិតរបស់លោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ។ លោកបានកត់ត្រាវាក្នុងសៀវភៅកំណត់ត្រារបស់លោកពីការដែល News Feed អនុញ្ញាតឲ្យអ្នកប្រើប្រាស់មើលឃើញព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ពួកគេ ។
ការបង្កើតថ្មីដែលកើតមានឡើងកាលពី ១៤ឆ្នាំមុននេះបានធ្វើឲ្យ ហ្វេសប៊ុក ក្លាយជាប្រព័ន្ធសង្គមដែលស្ទើរតែជោគជ័យជាងគេលើលោកទៅហើយ ។ ប៉ុន្តែពេលដែលវាទើបតែចេញមកដំបូង អ្នកប្រើប្រាស់មិនបានពេញចិត្តនឹងវាទេដោយគិតថាវាអាចនឹងបំពានឯកជនភាពរបស់អ្នកប្រើប្រាស់ ។ហើយវាផ្តល់ជាមេរៀនដ៏សំខាន់មួយសម្រាប់អាជីវករដែលចង់ឲ្យអាជីវកម្មរបស់ខ្លួនជោគជ័យ ។
ការដែលមនុស្សជាច្រើនមិនពេញចិត្តនឹង News Feed ពេលដែលទើបតែចេញដំណើរការដំបូងអាចរំឭកដល់អាជីវករថា ពេលខ្លះអតិថិជនរបស់អ្នកអាចនឹងស្អប់ការផ្លាស់ប្តូរ និងចាកចេញពីអ្នកផងដែរ ។ ប៉ុន្តែទោះជាអតិថិជនរបស់អ្នកមិនចូលចិត្តការផ្លាស់ប្តូរក៏មិនមានន័យថាអ្នកមិនគួរផ្លាស់ប្តូរដែរព្រោះវាអាចជួយឲ្យអាជីវកម្មរបស់អ្នកលូតលាស់នៅថ្ងៃអនាគត ។
អាជីវករគួរតែមានតួនាទីក្នុងការគិតឃើញឲ្យបានឆ្ងាយជាងអតិថិជនរបស់ខ្លួន ទោះជាវាអាចនឹងមិនសមហេតុសមផលសម្រាប់អតិថិជនឬមនុស្សជុំវិញខ្លួនពិតមែនក្តី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ