ប្រសិនបើអ្នកជួបការលំបាកក្នុងការរក្សាទម្លាប់ល្អៗនោះ អ្នកប្រហែលជាគិតច្រើនពេកហើយ ។ យោងទៅតាមអ្នកវិទ្យាសាស្ត្រម្នាក់ផ្នែកអាកប្បកិរិយាមនុស្សនៅសាកលវិទ្យាល័យ Stanford University ដែលបានសិក្សាពីការរក្សាទម្លាប់អស់ជិត ៣០ឆ្នាំបានឲ្យដឹងថា កត្តាសំខាន់ដែលនាំមនុស្សទៅរកភាពជោគជ័យ គឺការគិតជាជំហានតូចៗពេលដែលចង់មានទម្លាប់ថ្មី ។
លោកបណ្ឌិត ហ្វក (Fogg) បាននិយាយថា លោកបានប្រទះឃើញថាមនុស្សមានគោលដៅធំពេកដែលភាគច្រើនធ្វើឲ្យពួកគេបរាជ័យក្នុងការបង្កើតទម្លាប់ល្អៗ ។ ឧទាហរណ៍ដូចជាអ្នកមានគោលដៅផឹកទឹកឲ្យបានប្រមាណ ២លីត្រជារៀងរាល់ថ្ងៃ គន្លឹះនៃការសម្រេចគោលដៅនេះ គឺការផឹកទឹកបន្តិចម្តងៗជារៀងរាល់ព្រឹក ។ ការដើរជាជំហានតូចៗនេះធ្វើឲ្យមនុស្សងាយនឹងរៀនបាន និងរក្សាទម្លាប់ថ្មីបានយូរ ។ ជាមួយគ្នានេះផងដែរ ការរក្សាទម្លាប់ឲ្យបានយូរតម្រូវឲ្យមនុស្សអបអរខ្លួនឯងពេលដែលសម្រេចបានទម្លាប់ល្អៗ ។
ទម្លាប់មួយដែលមនុស្សតែងតែចាប់អារម្មណ៍ចង់រៀនសូត្រ គឺទម្លាប់ដែលអាចបង្កើនប្រសិទ្ធិភាពការងាររបស់មនុស្សដែលអាចជួយឲ្យពួកគេបង្កើតបានលទ្ធផលល្អជាងមុន ឬបំពេញកិច្ចការក្នុងរយៈពេលខ្លីជាងមុនជាដើម ។ យោងទៅតាមការសិក្សារបស់លោក ហ្វក ខាងក្រោម គឺជាទម្លាប់តូចៗដែលអាចជួយឲ្យអ្នកសម្រេចគោលដៅខាងលើ៖
១. បន្ទាប់ពីអង្គុយនៅតុធ្វើការហើយ អ្នកត្រូវតែទុកទូរស័ព្ទចោល ឬបិទសំឡេងរំខាន ។
២. បន្ទាប់ពីចូលមកដល់ការិយាល័យហើយ អ្នកត្រូវរៀនចំរបស់មួយដែលមិនរៀបរយ ។
៣. បន្ទាប់ពីអានអ៊ីមែលរបស់អ្នកអស់ហើយ អ្នកត្រូវតែបិទឈប់មើលអ៊ីមែលរបស់អ្នក ។
៤. បន្ទាប់ពីបើកកម្មវិធី Word ហើយ អ្នកត្រូវតែបិទកម្មវិធីដទៃដែលមានលើកុំព្យូទ័ររបស់អ្នក ។
៥. បន្ទាប់ពីអ្នកប្រទះឃើញថាខ្លួនចាប់ផ្តើមលេងហ្វេសប៊ុកដោយមិនដឹងខ្លួនហើយ អ្នកត្រូវតែទុកទូរស័ព្ទ ឬបិទគេហទំព័រទាំងស្រុង ។
៦. បន្ទាប់ពីអ្នកអង្គុយក្នុងកិច្ចប្រជុំមួយហើយ អ្នកត្រូវតែសរសេរពីប្រធានបទ កាលបរិច្ឆេទ និងវត្តមានរបស់មនុស្សដែលចូលរួមនៅផ្នែកខាងលើនៃកំណត់ត្រារបស់អ្នក ។
៧. បន្ទាប់ពីប្រទះឃើញថាអ្នកកំពុងតែនិយាយទូរស័ព្ទយូរជាងការរំពឹងទុក អ្នកត្រូវនិយាយថា «វាពិតជាការសន្ទនាដ៏ល្អពិតមែន ប៉ុន្តែខ្ញុំត្រូវដាក់ទូរស័ព្ទចុះហើយ ។ តើមានអ្វីដែលសំខាន់តែយើងមិនទាន់បាននិយាយទេ?» ។
៨. បន្ទាប់ពីអ្នកអានអ៊ីមែលដែលសំខាន់ៗហើយ អ្នកត្រូវរកឯកសារសម្រាប់កិច្ចការមួយនោះភ្លាម ។
៩. បន្ទាប់ពីអ្នកបានអានអ៊ីមែលដែលអ្នកមិនអាចឆ្លើយតបភ្លាមៗហើយ អ្នកត្រូវតែដាក់ថាអ្នកមិនបានអានវិញ ។
១០. បន្ទាប់ពីអ្នកអានអ៊ីមែលដែលត្រូវការការឆ្លើយតបភ្លាមៗហើយ អ្នកនឹងឆ្លើយតបថា «ទទួលបាន ។ ខ្ញុំនឹងត្រួតពិនិត្យ និងឆ្លើយតបក្នុងពេលឆាប់ៗ» ។
១១. បន្ទាប់ពីអ្នកចាកចេញពីការិយាល័យ អ្នកនឹងរំឮកពីភាពជោគជ័យមួយដែលអ្នកបានសម្រេចក្នុងថ្ងៃនេះ ។
១២. ពេលដែលអ្នកដើរដល់ផ្ទះហើយ អ្នកនឹងទុកសោរនៅកន្លែងដដែល ។
លោក ហ្វក ផ្តល់យោបល់ឲ្យអ្នករំឮកពីសកម្មភាពនេះជារៀងរាល់ថ្ងៃផងដែរ ដើម្បីជួយឲ្យអ្នកចងចាំ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ