ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក និង គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន…

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក និង គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគជ័យ ជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​តែ​មួយ​ក្រោម ឈ្មោះ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក​» និង​បាន​ទទួល​ការ​អនុម័ត​ពី​ធនាគារជាតិ នៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​គួប​បញ្ចូល​នេះ គឺជា​ជំហាន​យក្ស​មួយទៀត សម្រាប់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ធំ​ទូលាយ និង​រឹង​មាំ​ដោយ​មាន​ភាគ​ទុ​និក​ជា ធនាគារ អ៊ូ​រី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​មួយ​នៅ​ប្រទេស​កូរ៉េ​។

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​ដាក់​រួម​បញ្ចូល​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​រួម​មាន សេវា​ប្រាក់ បញ្ញើ​-​សន្សំ ប្រាក់​កម្ចី សេវា​ធនាគារ​ចល័ត និង​សេវា​ផ្ទេរ​ប្រាក់​។ គណនី​ទាំងអស់​របស់​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដោយ​រក្សា​បញ្ញត្តិ និង​លក្ខខណ្ឌ​ដូច​មុន​ដដែល​។

លោក គី​ម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មាន​ប្រសាសន៍​ថា ការ​គួប​បញ្ចូល​គ្នា​រវាង ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន នាំ​មក​នូវ​ទស្សនវិស័យ​វិជ្ជមាន​ដល់​បុគ្គលិក និង​គណៈ​គ្រប់គ្រង​ទាំងអស់​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែ​មួយ​ដែល​នឹង​បន្ត​រីក​ចម្រើន​កាន់តែ​ខ្លាំង​នា​ពេល​អនាគត​។ យើង​នឹង​បន្ត​ធ្វើ​ឲ្យ​សេវា​បម្រើ​អតិថិជន​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង និង​ពាំនាំ​មក​នូវ​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ដែល​ងាយស្រួល​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ ឌី​ជី​ថ​ល ភាព​ឆ្នៃ​ប្រឌិត​ខ្ពស់​លើ ផលិតផល និង​សេវាកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បែបបទ​រស់នៅ​បែប​ស៊ី​វិ​ល័យ​របស់​អតិថិជន​នា​សម័យ​ដ៏​ទំនើប​នេះ​។

លោក​បាន​បន្ត​ទៀត​ថា ដំណើរការ​នៃ​ការ​គួប​បញ្ចូល​ដ៏​ជោគជ័យ​នេះ មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត​ពី​គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង​ពីរ ក្រុមការងារ​ធនាគារ អ៊ូ​រី ដែល​ជា​ភាគ​ទុ​និករ​បស់​យើង រួម​ជាមួយនឹង​ការ​គាំទ្រ​ដ៏​សំខាន់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ អតិថិជន ដៃគូ និង​ភាគី​ជាប់​ពាក់ព័ន្ធ​ផ្សេង​ៗ​។ យើងខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ចំពោះ​អតិថិជន​របស់​យើង​ទាំង​ពីរ​ស្ថាប័ន​ដែល​បាន និង​បន្ត​ប្រើប្រាស់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​របស់​យើង​។ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​នឹង​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​រីក​ចម្រើន​ជាមួយ​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការ​បង្កើត​ផលិត​ផល​ថ្មី​ៗ ដូច​ជា​កម្ចី​សម្រាប់​និ​យោ​ជិ​ក​ក្នុង​ជួរ​រដ្ឋាភិបាល និង​ការ​បង្កើត​កម្មវិធី​សង្គម​ផ្សេង​ៗ​ជា​បន្តបន្ទាប់​។

លោកស្រី តុ​ប សុក្រ​សម្ភារ អគ្គ​នាយិកា​ប្រតិបត្តិការ របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បន្ទាប់​ពី​ការ​លក់​ភាគហ៊ុន​របស់​គ្រឹះស្ថាន​ទៅ​ឲ្យ ធនាគារ អ៊ូ​រី ក្នុង​ឆ្នាំ 2018 ហើយ​ឥឡូវនេះ ត្រូវ​បាន​គួប​បញ្ចូល​ជាមួយ អ៊ូ​រី ហ្វា​យ​នែ​ន ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ឆ្នើម​មួយ​នៅ​កម្ពុជា​។ យើង​បាន​បញ្ចប់​ដំណើរការ​នៃ​ការ​គួប​បញ្ចូល​នេះ ប្រកបដោយ​ភាព​រលូន និង​គ្រប់​ជ្រុងជ្រោយ​ដោយ​យើង​បាន​ផ្តោត​សំខាន់​លើ​ដំណើរការ​នេះ ខណៈ​ពេល​ដែល​យើង​បាន​រក្សា​នូវ​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​នៃ​គ្រឹះស្ថាន​ទាំង​ពីរ​» ។

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន នឹង​បន្ត​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​កម្ពុជា ទូ​ទាំង 25 ខេត្ត​-​ក្រុង តាម​រយៈ​សាខា​ទាំង 136 របស់​ខ្លួន​ដោយ​ផ្តល់​ជូន​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ជាមួយនឹង​ការ​ប្រកាន់​ភ្ជាប់​ទៅ​នឹង​បេសកកម្ម​របស់​ខ្លួន «​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ឈានមុខ​គេ​ដែល​ផ្តល់​នូវ​សក្តានុពល​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​កម្ពុជា​រីក​ចម្រើន​»​។

លោកស្រី​បន្ត​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក ទទួល​បាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​សមាជិកគ្រួសារ​របស់​ធនាគារ​អ៊ូ​រី ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េ ហើយ​បាន​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ជាង​20​ឆ្នាំ​មក​ហើយ ជាមួយនឹង​ការ​ផ្តល់​ជូន​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប រួម​មាន ប្រាក់​កម្ចី សេវា​បញ្ញើ​សន្សំ សេវា​ផ្ទេរ​ប្រាក់ និង សេវា​ធនាគារ​ចល័ត​។ គិត​ត្រឹម​ចុងឆ្នាំ 2019 ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មានទ្រព្យ​សកម្ម​សរុប​មាន​ចំនួន 377 លាន​ដុល្លារ​អា​មេ​រិ​ក និង​ផលប័ត្រ​ឥណទាន​សរុប ចំនួន 336 លាន​ដុល្លារ​អា​មេ​រិ​ក​។

លោកស្រី​បាន​បន្ត​ទៀត​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី ក៏​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ឆ្នើម​មួយ​នៅ​កម្ពុជា ហើយ​ជា​បុត្រ​សម្ព័ន្ធ​របស់​ធានា​គារ អ៊ូ​រី ដែល​ជា​ធនាគារ​ធំ​ជាងគេ​មួយ​នៅ​ប្រទេស​កូរ៉េ​។ អ៊ូ​រី ហ្វា​យ​នែ​ន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 2010 ហើយ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ដើមឆ្នាំ 2011 ដោយ​ផ្តល់​ជូន​ប្រាក់​កម្ចី​តាម​រយៈ​សាខា​ទាំង 20 របស់​ខ្លួន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កំពុងស្ពឺ និង​កណ្តាល​។ ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ អ៊ូ​រី ហ្វា​យ​នែ​ន បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ជា​លំដាប់ ហើយ​បន្ត​ផ្តល់​ជូន​ប្រាក់​កម្ចី​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​អតិថិជន ជួយ​ទ្រទ្រង់​អតិថិជន​ក្នុង​ការ​ពង្រីក​អាជីវកម្ម និង​ធ្វើ​ឲ្យ​ជីវិត​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​។

គួរ​បញ្ជាក់​ថា ធនាគារ អ៊ូ​រី ដែល​ជា​ភាគ​ទុ​និករ​បស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​ពីរ មាន​ការិយា​ល័យ​កណ្តាល​នៅ សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 1899 និង​ជា ធនាគារ​ពាណិជ្ជ ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េ ជាមួយនឹង​បណ្តាញ​សាខា​ដ៏​ធំ​ទូលាយ​ជុំវិញ​ពិភព​លោក​។

ធនាគារ អ៊ូ​រី ផ្តល់​ជូន​សេវា​ធនាគារ​បុគ្គល ធនាគារ​ពាណិជ្ជកម្ម និង​វិនិយោគ ជា​ច្រើន​ប្រភេទ តាម​រយៈ​សាខា​ក្នុងស្រុក ចំនួន 747 និង បណ្តាញ​សាខា​សកល​ចំនួន 451 នៅ​ក្នុង​ប្រទេស​​ចំនួន 26​ជុំវិញ​ពិភពលោក​។ ក្នុង​ឆ្នាំ 2020 នេះ​ធនាគារ អ៊ូ​រី អបអរសាទរ​ខួប​ទី 121 ដែល​​ខ្លួន​បាន​រក្សា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ ហិរញ្ញវត្ថុ​អស់​ជាង​មួយ​សតវត្សរ៍​មក​ហើយ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ