ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! ជិះម៉ូតូធ្វើសកម្មភាព បែរ​ជា​អស់លក្ខណ៍ត្រឹម​ម្ចាស់​ជិះកង់​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ដៃ​របស់​បុរស​បរទេស​ម្នាក់​នៅ​ចំណុច​មុខ​ប្រាសាទក្រវ៉ាន់ ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ដៃ​របស់​បុរស​បរទេស​ម្នាក់​នៅ​ចំណុច​មុខ​ប្រាសាទក្រវ៉ាន់ ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ប៉ុន្តែ​ត្រូវ​បុរស​ជា​ជនបរទេស​នោះ​ជិះ​កង់​ដេញ​តាម​ចាប់​បាន​រួច​នាំ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ទុន ទុ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​ចុងភៅ (​កូនកាំបិត​) នៅ​ភោជនីយដ្ឋាន​មេបុណ្យ មានស្រុក​កំណើត​នៅ​ភូមិ​ស្គារ ឃុំ​ព្រៃឈរ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ PHICIP MERRET JON ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស និង​ជា​ភ្ញៀវ​ទេសចរ​ចូល​មក​ស្នាក់​នៅ​សណ្ឋាគារ​អង្គរ​ហូ​លី​ដេ ក្រុង​សៀមរាប ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនបរទេស​រង​គ្រោះ​ខាងលើ​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ដោយ​មធ្យោបាយ​ជិះ​កង់​១​គ្រឿង ។ លុះដល់​ចំណុច​កើតហេតុ ស្រាប់​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង​ម៉ាក​ធូ​ដេ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ពី​ក្នុង​ហោប៉ៅ​ខោ គឺ​ទូរស័ព្ទ​ម៉ាក iphone 10XR ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ពី​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​នោះ​រួច​ហើយ បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​កង់​ដេញ​តាម និង​ចាប់​បាន​ភ្លាម ៗ រួច​នាំ​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំ​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​អ្វី​ដែល​គួ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ត្រង់​ថា ជនសង្ស័យ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​កំពុង​ជិះ​កង់ ហើយ​ត្រូវ​ជន​រង​គ្រោះ​ជិះ​កង់​ដេញ​តាម រហូត​ដល់​ចាប់​បាន​រួច​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ មិនធម្មតា​ទេ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ក៏​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន បន្ទាប់​មក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ