ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​កូន​គេ​កូន​យើង​សិស្ស​១២​នាក់​ពុល​នំប៉័ង​ចេញ​អាកា​រៈ​បែប​នេះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សិស្សសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ចំនួន១២នាក់បានទិញនំបុ័ងញ៉ាំនៅមុខសាលា បណ្តាលឱ្យក្អួតចង្អោរ ហើយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមណ្ឌលសុខភាពមានជ័យ ហើយពួកគេបានត្រឡប់ទៅផ្ទះវិញអស់ហើយផងដែរ ខណៈបានក្រុមគ្រូពេទ្យសង្គ្រោះជួយទាន់ពេលវេលា គ្រាន់តែឱ្យលេបថ្នាំ…

ខេត្តសៀមរាប ៖ សិស្សសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ចំនួន១២នាក់បានទិញនំបុ័ងញ៉ាំនៅមុខសាលា បណ្តាលឱ្យក្អួតចង្អោរ ហើយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមណ្ឌលសុខភាពមានជ័យ ហើយពួកគេបានត្រឡប់ទៅផ្ទះវិញអស់ហើយផងដែរ ខណៈបានក្រុមគ្រូពេទ្យសង្គ្រោះជួយទាន់ពេលវេលា គ្រាន់តែឱ្យលេបថ្នាំ និងដាក់ស៊ីរ៉ូមម្នាក់១ប្លោក ខ្លះ២ប្លោកប៉ុណ្ណោះ ។ ហេតុការណ៍បង្ការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាអនុវិទ្យាល័យជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ នេះថាមានសិស្សសាលាចំនួន១២នាក់ស្រីទាំង១២នាក់បានទិញនំបុ័ងញាំ រួចហើយ ស្រាប់តែមានអាការៈក្អួតចង្អោរ ឈឺក្បាល វិលមុខ ខណៈនេះយើងបានបញ្ជូនសិស្សសាលាទាំងអស់នោះទៅមណ្ឌលសុខភាពមានជ័យជួយសង្រ្គោះពួកគាត់ ទាន់ពេលវេលាផងដែរ ។ លោកបន្តថា អ្នកលក់នំបុ័ងឈ្មោះ អ៊ី សីហា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិជាស្មន់ ឃុំមាន​ជ័យ ស្រុកប្រាសាទបាគង ដែលបានទិញមកពីផ្សាររលួសមកលក់បន្ត ។

លោកបន្តថា តាមការសាកសួរ ស្ត្រីអ្នកលក់ នំបុ័ងខាងលើ បានឱ្យដឹងថា នំបុ័ងទាំងនេះ ទិញបន្តពីអ្នកផ្សាររលួស ហើយអ្នកផ្សាររលួស ទិញបន្តពីខេត្តសៀមរាប ។ លោកបន្ថែមថា តាមការ ពិនិត្យ ជាក់ស្តែងរបស់ជំនាញ បានឱ្យដឹងថា នំបុ័ង ទាំងនេះ ខ្លះល្អ និងខ្លះទៀតផ្អូម ។ ចឹងហើយបានជាសិស្សញ៉ាំទៅឈឺពោះបែបនេះ ។ ចំពោះវិធានការបន្ត ខាងសមត្ថកិច្ចអធិការយើងបានប្រគល់អ្នកលក់នំបុ័ងឱ្យទៅសមត្ថកិច្ចជំនាញខេត្តចាត់ការបន្តទៅតាមនីតិវីធីស្រាវជ្រាវ ។

បច្ចុប្បន្នសិស្សសាលាអនុវិទ្យាល័យ ជាស្មន់ ទាំង១២នាក់ ដែលរស់នៅក្នុងស្រុកប្រាសាទបាគង នោះបានធូរស្បើយនិងត្រលប់ទៅផ្ទះវិញអស់ហើយ ។ ចំណែកលោកគ្រូវេជ្ជបណ្ឌិត សួស បូរិន ប្រធានមណ្ឌលសុខភាពមានជ័យបានប្រាប់ភ្នាក់ងារ កោះសន្តិភាព យើងនៅល្ងាចថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២០ នេះថាសិស្សសាលាអនុវិទ្យាល័យ ជាស្មន់ ចំនួន១២នាក់ ជាស្រីទាំងអស់ត្រូវបានសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូ បានជួយដឹកយកមកសង្គ្រោះនៅមណ្ឌលសុខភាពរបស់លោកជាបន្តបន្ទាប់ ខណៈនោះត្រូវបានក្រុមគ្រូពេទ្យ យើងបាននាំគ្នាជួយឱ្យលេបថ្នាំ និងដាក់ស៊ីរ៉ូម ខ្លះបានត្រឡប់ទៅផ្ទះវិញ មួយចំនួនតាំងពីវេលាម៉ោងជាង១០ព្រឹក ខ្លះនៅ ដាក់ស៊ីរ៉ូម បន្ត រហូតដល់ម៉ោង៥ល្ងាច ទើបធូរស្បើយ ហើយត្រូវបានឪពុកម្តាយមកយកទៅផ្ទះវិញអស់ហើយ ។ ចំពោះនំបុ័ងដែលថា កូនសិស្សទិញនៅមុខសាលាយកមកហូបនោះលោកមិនបានពិនិត្យថា ពុលមកពីអ្វីនោះទេព្រោះសមត្ថកិច្ចជាអ្នកយកទៅធ្វើកោសល្យវិច័យ ។

សូមរម្លឹកថា នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះកន្លងទៅថ្មីៗនេះមានករណីពុលនំបុ័ង ម្តងដែរ តែត្រូវសមត្ថកិច្ចជំនាញសហការគ្នាចុះបិទឡនំបុ័ងខាងលើចោលហើយ ដែលមានទីតាំងនៅស្រុកប្រាសាទបាគង ដោយសមត្ថកិច្ចរកឃើញការផលិតនោះគ្មានអនាម័យ និងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ៕

កែសម្រួលដោយ ៖ ក សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ