ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ សម្តេច​តេ​ជោ អញ្ជើញ​ទៅ​ស្វាគមន៍​​អ្នក​នៅ​លើ​កប៉ាល់ Westerdam

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ទៅ​ស្វាគមន៍​អ្នក​ដែល​នៅ​លើ​កប៉ាល់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ទៅ​ស្វាគមន៍​អ្នក​ដែល​នៅ​លើ​កប៉ាល់ Westerdam ដែល​បាន​ចូល​ចត​នៅ​កំពុង​ផែ​ព្រះ​សីហ​នុ​។

សម្តេច​បាន​សរសេរ​នៅ លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៖ «​អរគុណ​សន្តិភាព​! ដោយសារ​តែ​កម្ពុជា​មាន​សន្តិភាព ទើប​ខ្ញុំ​ហ៊ាន​សម្រេចចិត្ត​ទទួលយក​នាវា​ទេសចរណ៍​ដ៏​ធំ​ដែល​គ្មាន​កន្លែង​ចូល​ចត​ឲ្យ​មក​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ស្ថិត​នៅ​លើ​នាវា​អស់​រយៈពេល​១៣​ថ្ងៃ​មក​ហើយ ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​ដោយ​សុវត្ថិភាព​»​។

សម្តេច​តេ​ជោ បន្ត​ថា «​នា​ព្រឹក​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ខ្ញុំ​នឹង​ទៅ​ស្វាគមន៍​ពួក​គេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ដែល​មាន​សាមគ្គីភាព និង​ការ​ទទួលខុសត្រូវ​។ សម្ត​ច​តេ​ជោ​ក៏​បាន​សុំ​អរគុណ​អង្គការ​សុខភាព​ពិភពលោក និង​ប្រទេស​នានា ដែល​មាន​ពលរដ្ឋ​ខ្លួន ស្ថិត​នៅ​លើ​នាវា​ដែល​បាន​ផ្តល់​នូវ​ការ​ជឿ​ទុកចិត្ត​ដល់​កម្ពុជា​»​។

សម្តេច​តេ​ជោ បន្ត​ទៀត​ថា «​ជួយ​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​ពេល​លំបាក​»​។ សម្តេច​ក៏​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ទៀត​ថា កម្ពុជា​ស្វាគមន៍​នាវា​ទេសចរណ៍ MS Westerdam សហរដ្​ឋអាមេរិក​ចូល​ចត​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វាគមន៍​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះ​ថា MS Westerdam របស់​សហរដ្ឋអាមេរិក ដែល​មាន​ភ្ញៀវ​ទេសចរ​ជាង​២,២៥៧​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ បាន​ចូល​មក​ដល់​កំពង់​ផែ​ក្រុងព្រះសីហនុ​ហើយ​។ នាវា​ទេសចរណ៍​អា​មេ​រិ​ក​ដ៏​ធំ​នេះ បាន​ស្នើ​សុំ​ចុះ​ចត​នៅ​តាម​ប្រទេស និង​កោះ​ចំនួន​៦​មក​ហើយ តែ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ចត ដោយសារ​ភ័យ​ខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ដែល​ពេល​នេះ​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា កូ​វី​ដ​-១៩ (Covid-19) ។ ហើយ​ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់​គ្នា គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ពិនិត្យ​អាកា​រៈ​សុខភាព​របស់​អ្នកដំណើរ​ទាំងអស់​មុន​ពេល​អនុញ្ញាត្តិ​ឱ្យ​ចេញ​ក្រៅ​នាវា​។

សម្តេច​តេ​ជោ ហ៊ុន សែន មានការ​អាណិត​ស្រណោះ​អ្នក​ធ្វើ​ដំណើរ​រាប់​ពាន់​នាក់​ដែល​រួម​មាន​ទាំង​មនុស្ស​ចាស់ ស្ត្រី និង​កូន​ក្មេង ដែល​កំពុង​ជាប់​នៅ​ក្នុង​នាវា​ដ៏​ធំ​នេះ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​កម្ពុជា​មាន​បេះដូង​ទូលាយ ជាមួយ​ទឹកចិត្ត​សណ្តោស​​​ប្រណី​មិន​រើសអើង​ពូជសាសន៍ ហើយ​ការ​ជួយ​គ្នា ជា​ពិសេស​ក្នុង​គ្រា​មាន​អាសន្ន​បែប​នេះ គឺ​គ្មាន​កម្រិត​លើ​ពូជសាសន៍ ឬ​កម្រិត​លើ​ព្រំដែន​ឡើយ​។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ គឺ​យើង​ត្រូវ​រួម​គ្នា​ផ្តល់​នូវ​ក្តី​ស្រឡាញ់ ជំនឿ ទំនុកចិត្ត និង​ភាព​កក់ក្តៅ​ដល់​អ្នក​ធ្វើ​ដំណើរ​កុំឱ្យ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។ បើ​មិន​ជួយ​ពួក​គេ បើ​មិន​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួក​គេ​ទៅ​ណា? បើ​ប្រទេស​មួយ​ចំនួន​នោះ​គេ​បាន​បិទ​អស់ហើយ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ថា ជំងឺ​ពិតប្រាកដ​នា​ពេល​នេះ គឺ​ជំងឺ​ភ័យ​ខ្លាច​លើសលុប ដែល​មិនមែន​ជា​ជំងឺ​កូ​រ៉ូ​ណា​ទេ​។ ពេល​នេះ​ពិភពលោក​បានឃើញ​ច្បាស់​ហើយ​ថា កម្ពុជា​យើង​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​មិត្ត​ចិន​នោះ​ទេ គឺ​សហការ​ជាមួយ​គ្រប់​ជាតិ​​សាសន៍​ទាំងអស់ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ គឺ​យើង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល ហើយ​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ និង​គ្មាន​ព្រំដែន​ដែល​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។ សូម​ជូនពរ​អ្នក​ធ្វើ​ដំណើរ​ក្នុង​នាវា​ទាំងអស់​បាន​សម្រាក ទទួលទាន​ម្ហូប​អាហារ និង​សប្បាយ​រីករាយ​នៅ​ពេល​បាន​មក​ដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ