ធនាគារ ជីប​ម៉ុង ប្រកាស​បើក​សាខា​ចំនួន​២​បន្ថែម ដោយ​បម្រើសេវា​រៀង​រាល់​ថ្ងៃ


រាជធានី​ភ្នំពេញ ៖ ធនាគារ ជីប​ម៉ុង បាន​ប្រកាស​បើក​ដំណើរការ​សាខា​ចំនួន​២​បន្ថែម​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ផ្ដល់​ជូន​សេវា​ធនាគារ​ដល់​អតិថិជន​របស់​ខ្លួន ដែល​កំពុង​គាំទ្រ​ប្រតិបត្តិការ​ធនាគារ​ថ្មី​មួយ​នេះ ដោយ​សាខា​ទាំង​២​នេះ​នឹង​បម្រើសេវា​កម្ម​ជូន​អតិថិជន​រៀងរាល់ថ្ងៃ ពោល​គឺ​៧​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍ និង​បើក​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៨​យប់ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ​សាខា​ធនាគារ​ទាំង​២​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កុម្ភៈ ២០២០ នៅ​សាខា​បាក់​ទូក លោក​ឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប​ម៉ុង បាន​មាន​ប្រសាសន៍​ថា ការ​បើក​សាខា​ជា​បន្តបន្ទាប់​របស់​ធនាគារ ជីប​ម៉ុង នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ផ្ដល់​ជូន​អតិថិជន​ដែល​បាន​ចាប់ផ្ដើម​គាំទ្រ​តាំងពី​ដំបូង​ដោយ​ធនាគារ​ព្យាយាម​បង្ខិត​សេវា​អោយ​កាន់តែ​ជិត​អតិថិជន​របស់​ខ្លួន ។

លោក​ឧកញ៉ា​បន្ត​ថា ធនាគារ ជីប​ម៉ុង មាន​គម្រោង​បើក​សាខា​អោយ​បាន​២៥​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ ខណៈ​រហូត​មក​ដល់​ពេល​នេះ​ធនាគារ​ជីប​ម៉ុង​មាន​សាខា​ចំនួន​៧​ហើយ ដើម្បី​រង់ចាំ​បម្រើ​សេវា​​ជូន​អតិថិជន​របស់​ខ្លួន ។ ធនាគារ ជីប​ម៉ុង ក៏​មាន​គម្រោង​បើក​សាខា​អោយ​បាន​ទូ​ទាំង​ប្រទេស រហូត​ដល់​៥០០​សាខា​ឯណោះ ដើម្បី​អោយ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល បើ​ទោះបីជា​ធនាគារ ជីប​ម៉ុង ជា​ធនាគារ ឌី​ជី​ថ​ល​ក្ដី ។

លោក​ឧកញ៉ា​បន្ថែម​ថា សាខា​២​ដែល​បើក​ដំណើរការ​នៅ​ពេល​នេះ គឺជា​សាខា​ពិសេស​ជាង​សាខា​​មុន​ៗ ដោយ​សាខា​២​នេះ នឹង​បើក​ដំណើរការ​៧​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍ ហើយ​បើក​ដំណើរការ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៨​យប់ ដើម្បី​អោយ​អតិថិជន​ដែល​ត្រូវការ​ទឹកប្រាក់​ប្រើប្រាស់ ឬ​ត្រូវការ​សេវា​ធនាគារ​ផ្សេង​ៗ​អាច​មក​កាន់​សាខា​ទាំង​២​នេះ​បាន ។

គួរ​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង សាខា​បាក់​ទូក និង​សាខា ណូ​រ៉ូ ម៉​ល ចាប់ផ្ដើម​ផ្តល់​ផលិតផល និង​បម្រើ​សេវាកម្ម​ធនាគារ​ដ៏​សំបូរ​បែប​ជូន​អតិថិជន​។ លោក​អ្នក​អាច​អញ្ជើញ​មក​សាខា​ថ្មី​ទាំង​២​នេះ ដើម្បី​បើក​គណនី​សន្សំ គណនី​បញ្ញើ​មាន​កាលកំណត់ ពិភាក្សា​អំពី​សេវាកម្ម​កម្ចី​នានា​ជាមួយនឹង​បុគ្គលិក​ជំនាញ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។ លើស​ពីលើ​នេះ​សាខា​ក៏​មាន​បំពាក់ ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់ សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិការ ដក ឬ​ដាក់​ប្រាក់​បាន​គ្រប់ពេលវេលា​។

ធនាគារ ជីប ម៉ុង សាខា​បាក់​ទូក ស្ថិត​នៅ​ជាន់​ទី​១ នៃ​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក អគារ​លេខ​១៧៤ មហាវិថី​សាធារណរដ្ឋ​ឆេ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ និង​ធនា​គារ ជីប ម៉ុង សាខា ណូ​រ៉ូ ម៉​ល ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ណូ​រ៉ូ ម៉​ល ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​៣៦០ ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេង​កង រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ធនាគារ ជីប ម៉ុង មាន​សាខា​សរុប​ទាំងអស់​៧ ដែល​បាន​​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន ហើយ​ក៏​មាន​សាខា​ជា​ច្រើន​ទៀត​គ្រោង​បើកទ្វារ​បន្ថែម​ក្នុង​ឆ្នាំ​២០២០​នេះ​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ