ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីវ័យ៦៣ឆ្នាំម្នាក់រស់នៅស្រុកចំការលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដោយជាប់ចោទពីករណីធ្វើឲ្យខូចខាតដោយចេតនា និងប្រមាថទីបញ្ចុះសព (ម៉ុង) ដោយប្រើចប និងញញួរកាប់ ព្រមទាំងវាយលើដំបូលស័ង្កសីប្រក់ផ្នូរសពនោះ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចទីបញ្ចុះសពដីស្រែមួយកន្លែង ស្ថិតក្នុងភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ។
សេចក្តីរាយការណ៍បន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អ៊ិត សុផល ភេទស្រី អាយុ៦៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះជាម្ចាស់ផ្នូរឈ្មោះ យិន ហ៊ុច ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរ នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ។
លោក ខ្លូត ហ៊ាន់ អធិការរងនគរបាលស្រុកចំការលើ ប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួន ក្រោយពីជនបង្កបានធ្វើសកម្មភាពដោយប្រើចប និងញញួរកាប់ដំបូលក្បួនដែលជាទីបញ្ចុះសពរួចមក ក៏ត្រូវអ្នកភូមិដឹង ដោយសារតែជនបង្កដើរប្រាប់គេឯង។ បន្ទាប់មកក៏មានអ្នកភូមិមកប្រាប់ដល់សាច់ញាតិរបស់ភាគីរងគ្រោះឲ្យបានដឹង ហើយក៏រាយការណ៍មកសមត្ថកិច្ច ។ ក្រោយមកកម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងមូលដ្ឋាន ចុះដល់ទីកន្លែងកើតហេតុ ពិតជាបានប្រទះឃើញកន្លែងបញ្ចុះសពនោះ រួមជាមួយនឹងពាក្យបណ្តឹងរបស់ជនរងគ្រោះផងដែរ។
លោកអធិការរងស្រុកបន្តថា បើតាមជនរងគ្រោះជាម្ចាស់ផ្នូរបានប្តឹងទៅលើភាគីជនបង្កថា ស្ត្រីជាជនបង្ករូបនេះបានយកញញួរវាយមកលើផ្នូរ (ម៉ុង) ឪពុកម្តាយរបស់ខ្លួន និងផ្នូររបស់បងប្រុស និងបងថ្លៃរបស់ខ្លួន បណ្តាលឱ្យបែកបាក់ជាច្រើនកន្លែង បន្ទាប់មកជនបង្កបានយកចបកាប់មកលើដំបូលស័ង្កសីប្រកផ្នូរធ្វើឱ្យរហែកជាច្រើនកន្លែង។
លោកអធិការបន្តទៀតថា ជាមួយនោះគ្នាដែរ បន្ទាប់ពីសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពពីទោសកំហុសរបស់ខ្លួន ក្រោយមកក៏បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ហើយបើតាមសមត្ថកិច្ចពិនិត្យមើលឃើញថា សតិរបស់ជនបង្កដូចជាមិនសូវគ្រប់១០នោះទេ ។
បើលោក វុធ វឌ្ឍនៈ អាយុ៣៧ឆ្នាំ រស់នៅស្រុកចំការលើ ជាភាគីខាងជនរងគ្រោះបានបំភ្លឺប្រាប់ថា កាលពីគ្រាដំបូង ពេលដែលម្តាយបង្កើតរបស់ជនបង្កនៅរស់ ក៏ត្រូវជាសាច់ញាតិនឹងគ្នាផងដែរ ហើយមានព្រំដីស្រែជាប់គ្នាដែលស្គាល់ច្បាស់លាស់ និងមិនដែលមានទំនាស់អ្វីនឹងគ្នានោះទេ។ ប៉ុន្តែចាប់តាំងពីម្ដាយរបស់ជនបង្កបានបាត់បង់ជីវិតទៅធ្វើឱ្យកូនស្រីមិនស្គាល់ព្រំដីច្បាស់លាស់ ថែមទាំងបានបង្កជាជម្លោះជាមួយនឹងភាគីខាងគាត់ ហើយចោទថា ទីបញ្ចុះសពជីដូនជីតា និងឪពុកម្ដាយខាងគាត់ គឺបំពានចូលដីរបស់ជនបង្កទៅវិញ។
ភាគីរងគ្រោះដដែលបំភ្លឺទៀតថា ក្រោយពីមានភាពចម្រូងចម្រាសបែបនេះ ក៏ត្រូវអាជ្ញាធរភូមិ-ឃុំចុះដោះស្រាយ ហើយអះអាងថាកន្លែងបញ្ចុះសពនេះមិនបានបំពានចូលដីរបស់ជនបង្កនោះទេ។ ចាប់តាំងពីពេលនោះមក ស្ត្រីបង្កហេតុខាងលើចេះតែរករឿងមកលើភាគីគ្រួសាររងគ្រោះរហូត ពេលខ្លះយកលាមកមកចាក់លើផ្នូរបញ្ចុះសពទៀតផង។ លុះចុង ក្រោយនេះ ក៏ប្រើចប និងញញួរមកវាយបំផ្លាញលើទីបញ្ចុះសពឪពុកម្ដាយ និងជីដូនជីតារបស់ភាគីខាងរងគ្រោះទៀតផង ទើបលោកសម្រេចឲ្យសមត្ថកិច្ចចាប់ជនបង្កចាត់ការតាមច្បាប់តែម្តង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ