រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុអះអាងថា ខ្លួនបានគ្រប់គ្រង និងកំណត់ការអភិវឌ្ឍមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងរយៈពេល២ទៅ៣ឆ្នាំ ចុងក្រោយនេះធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរ ។ យោងតាមបណ្តាញសង្គមរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា លោកតាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ កុម្ភៈនេះ បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍមណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្នុងរយ:ពេល២ទៅ៣ឆ្នាំចុងក្រោយ ខេត្តព្រះសីហនុមានការរីកចម្រើន ប្រកបដោយស្តង់ដាខ្ពស់ ដែលអាចផ្តល់នូវការទាក់ទាញ និងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ។
ការរៀបចំការកំណត់តំបន់អភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យតបតាមការណែនាំអនុក្រឹត និងការប្រកាសវាមានសារ:ប្រយោជន៍ដល់វិស័យឯកជន និងចូលរួមការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានផងដែរ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត រកទីតាំងឬហ្សូន ដើម្បីរៀបចំមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ពិសេសត្រូវស្ទង់មតិស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុឈានទៅចេញជាគោលការណ៍ប្រមូលផ្តុំ ដើម្បីកាត់បន្ថយផលប៉ះពាល់ធានាបានសន្តិសុខ សុវត្ថិភាពសាធារណជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ