ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស​ថ្លៃ​មួយ​ជា​ដប់​ទៅ​ហើយ ក៏​នៅ​តែ​ពិបាក​​រក​ទិញ បើ​លោក​មិន​ទិញ​មាន​គេ​ទិញ​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ តម្លៃ​ទីផ្សារ​ម៉ាស​ធម្មតា សម្រាប់​​ពាក់​ការពារ​ធូលី​ដី និង​ការពារ​ផ្តាសាយ​ជាដើម មានការ​ឡើងថ្លៃ​ខ្ពស់ ហើយ​ថែម​ទាំង​លំបាក​រក​ទិញ​ផង​ដែរ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ តម្លៃ​ទីផ្សារ​ម៉ាស​ធម្មតា សម្រាប់​​ពាក់​ការពារ​ធូលី​ដី និង​ការពារ​ផ្តាសាយ​ជាដើម មានការ​ឡើងថ្លៃ​ខ្ពស់ ហើយ​ថែម​ទាំង​លំបាក​រក​ទិញ​ផង​ដែរ ។ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ គឺ​វីរុស​កូ​រ៉ូ​ណា នៅ​ប្រទេស​ចិន និង​បាន​ឆ្លង​ទៅ​ប្រទេស​នានា​ជា​ច្រើន ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ សម្រុក​ទិញ​ម៉ាស​ពាក់​ស្ទើរ​គ្រប់​ៗ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​អាជីវករ​លក់​ម៉ា​សម្នាក់​ឈ្មោះ សុ​ភ័​ណ្ឌ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពីមុន​ម៉ាស​ធម្មតា​ពាក់​សម្រាប់​ការពារ​ធូលី​ដី និង​ការពារ​ផ្តាសាយ ដែល​១​ដុំ​ធំ​មាន​ចំនួន​៥០​ម៉ាស តម្លៃ​ត្រឹម​តែ​២៥០០​រៀល​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​រហូត​មក​ដល់​ឥឡូវ ត្រូវ​បាន​ឡើងថ្លៃ​រហូត​ដល់​១​ដុំ​៨០០០​ទៅ​១០០០០​រៀល​ឯណោះ ។ ដូច្នេះ​គាត់​ក៏​លំបាក​យក​មក​ដាក់​លក់​ឱ្យ​ម៉ូយ​បន្ត​ទៀត​ដែរ ហើយ​ទោះបីជា​លក់​ថ្លៃ​ប៉ុណ្ណោះ ឱ្យ​តែ​មាន​ម៉ាស​លក់ គឺ​គេ​ទិញ​ទាំងអស់​ផង​ដែរ ។

គាត់​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២ ខែកុម្ភ​: ឆ្នាំ​២០២០ កន្លង​ទៅ​នេះ មាន​អ្នក​ដើរ​រក​ទិញ​រាប់រយ​ដុំ បើ​មាន​ប៉ុន្មាន​គឺ​គេ​យក​ទាំងអស់ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន។ អ្នកខ្លះ​ទៀត​ទិញ​យក​ទៅ​ជូន​កងទ័ព​នៅ​តាម​បន្ទាយ ដើម្បី​ពាក់​ការពារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​កំពុង​តែ​រាតត្បាត​នៅ​តាម​ប្រទេស​ផ្សេង​ៗ ក្នុង​ទ្វីបអាស៊ី​យើង​នេះ ។

ចំណែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ​នេះ មាន​ម៉ូយ​ជា​ច្រើន​កំពុង​តែ​សួរ​រក​ទិញ​ដែរ ប៉ុន្តែ​នៅ​តាម តូប​ក្នុងភូមិ និង​នៅ​តាម​ផ្សារ ត្រូវ​បាន​អតិថិជន​ទិញ​យក​អស់រលីង​ទៅ​ហើយ ។ មាន​អ្នកខ្លះ​គេ​លើក​ឡើង​ថា ហេតុ​អ្វី​ក៏​មិន​លក់​ដូច​ធម្មតា បែរជា​នាំ​គ្នា​តម្លើង​យកចំណេញ​ពេល​មាន​សភាព​ការ​មិន​ស្រួល​កើតឡើង​ទៅ​វិញ គួរតែ​បញ្ចុះតម្លៃ​ថែម​ទៀត ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​យើង ដែល​កំពុង​តែ​ត្រូវការ​ម៉ាស​ពាក់​ដើម្បី​ការពារ​ជំងឺឆ្លង ។

រីឯ​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា ការ​លក់ដូរ​ម៉ាស​ថ្លៃ គឺ​ពេល​ដែល​គេ​ត្រូវការ​ចាំបាច់ ដូច្នេះ​ជា​ឱ កាស​ដល់​ឈ្មួញ ដែល​ប្រកប​របរ​រកស៊ី​លក់​ម៉ាស​នេះ ព្រោះ​ទិញ​មក​ថោក​ៗ លុះ​ពេល​លក់​ទៅ​វិញ​ក្នុង​តម្លៃ​ខ្ពស់​អាច​នឹង​ចំណេញ​ច្រើន ។ ម្យ៉ាងវិញទៀត បើ​អតិថិជន​ខ្លះ​មិន​ចង់​ទិញ ក៏​គេ​មិន​ខ្វល់​ដែរ គឺ​គេ​ទុក​លក់​ឱ្យ​អ្នក​ផ្សេង​ដែល​កំពុង​តែ​ត្រូវការ​វា​ចាំបាច់ ដើម្បី​យក​ទៅ​ប្រើប្រាស់ ។

ចំណែក​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ពេល​នេះ​ជា​ឱកាស​ម្នាក់​ៗ​ត្រូវការ​ត្រៀម​ពាក់​ម៉ាស ហើយ​​ទិញ​យក​ទៅ​ទុក​ពាក់ បើ​អាជីវករ​លក់ដូរ​ក្នុង​តម្លៃ​ខ្ពស់ ក៏​លក់​ទៅ​ចុះ ប៉ុន្តែ​កុំឱ្យ​កប់​ក្តោង​ពេក ព្រោះ​ម៉ាស​១​ដុំ​ធំ ចំនួន​៥០​ម៉ាស គេ​លក់​ត្រឹមតែ​២០០០​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ លុះ​ពេល​ពល​រដ្ឋ ខ្លួនឯង​ត្រូវការ​ចាំបាច់ បែរជា​នាំ​គ្នា​ច្របាច់​.​ក​ទៅ​វិញ ហើយ​ម្នាក់​ៗ​លក់​រហូត​ដល់​១​ដុំ​ចាប់​ពី​១០០០០​រៀល​ទៅ​២០០០០​រៀល​ទៅ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ