ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អាល្លឺម៉ង់បានរកឃើញថា បណ្តាបុរសដែលចូលចិត្តមើលខ្សែភាពយន្តអាសអាភាសច្រើនធ្វើឱ្យទំហំក៏ដូចជា សកម្មភាពខួរក្បាលនៅតំបន់ដែលទាក់ទងនឹងការផ្ចង់ស្មារតីនិងការលើកទឹកចិត្តថយចុះ ។ ទោះជាយ៉ាងនេះក្តី ការសិក្សាដែលបានចុះផ្សាយក្នុងព្រឹត្តិបត្រJAMA Psychiatry នេះមិនបាននិយាយថា ការមើលភាពយន្តអាសអាភាសបណ្តាលឱ្យថយចុះនូវសកម្មភាពនិងរូបធាតុខួរក្បាលទាំងមូលនោះទេ ។
លោកស្រីSimone Kuhnអ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍធនធានមនុស្ស Max Planck នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថ្លែងថា វាមិនទាន់ច្បាស់ទេដែលថា ការមើលរឿងអាសអាភាសនាំឱ្យខួរក្បាលទាំងមូលផ្លាស់ប្តូរនោះ ។ «ដោយសំណាងអាក្រក់ យើងមិនអាចឆ្លើយសំណួរនេះបានដោយផ្អែកលើលទ្ធផលរបស់យើងលើកនេះទេ»។ ប៉ុន្តែលោកស្រីបានកត់សម្គាល់ថា លទ្ធផលនៃការរកឃើញលើកនេះគឺជាភស្តុតាងដំបូងគេដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធគ្នារវាងការទស្សនាភាពយន្តអាសអាភាសនិងការថយចុះទំហំក៏ដូចជាសកម្មភាពខួរក្បាលនៅក្នុងការឆ្លើយតបទៅនឹងរំញោចផ្លូវភេទ ។
ការពិសោធដោយផ្ទាល់ទៅលើបុរសវ័យពី២១ឆ្នាំទៅ៤៥ឆ្នាំចំនួន៦៤នាក់ពីសំណាក់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Charite University ស្ថិតក្នុងទីក្រុងប៊ែរឡាំងបានបង្ហាញថា ទំហំ Striatumជាផ្នែកមួយរបស់ខួរក្បាលដែលជាប់ពាក់ព័ន្ធនឹងទង្វើជំរុញលើកទឹកចិត្តក៏ដូចជា និតិវិធីលើកទឹកចិត្ត គឺមានទំហំកាន់តែតូចទៅៗក្នុងពេលដែលពួកគេទស្សនាភាពយន្តអាសអាភាសកាន់ច្រើនឡើងៗ ។
ដោយឡែក តំបន់ខួរក្បាលមួយផ្សេងទៀត ជាផ្នែកមួយរបស់Striatumផងដែរនិងមាននាទីធ្វើសកម្មភាពនៅពេលបុគ្គលជួបរំញោចផ្លូវភេទ គឺមានសកម្មភាពតិចតួចបំផុត ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញទៀតថា ការភ្ជាប់ទំនាក់ទំនងគ្នារវាង Striatumនិងកំពកផ្នែកខាងមុខរបស់ខួរក្បាលកាន់តែអាក្រក់ខ្លាំងឡើងនៅពេល ការមើលភាពយន្តអាសអាភាសត្រូវបានបង្កើន ៕
ចែករំលែកព័តមាននេះ