ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខឹង​ទូ ATM លេប​កាត និង​ដក​លុយ​អត់​បាន វាយ​កម្ទេច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង ទទួល​ផែន​ការងារ​ការិយាល័យ​អន្តោប្រវេសន៍ បាន​ប្រាប់​នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០​នេះ​ថា…

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​ពី​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង ទទួល​ផែន​ការងារ​ការិយាល័យ​អន្តោប្រវេសន៍ បាន​ប្រាប់​នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​រាយការណ៍​មក​កម្លាំង​នគរបាល​មូលដ្ឋាន​នៅ​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា​ថា មាន​ករណី​ភ្ញៀវ​ជនជាតិ​អា​មេ​រិ​ក ប្រុស​ម្នាក់ បាន​វាយ​ទូរ ATM ធនាគារ​កា​ថេ ស្ថិត​នៅ​ផ្សារ​កណ្តាល ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀម​រាប បណ្តាល​ឱ្យ​ខូចខាត​ចំនួន​១​ទូ (​វាយ​ដោយ​ដៃ​) ទើប​កម្លាំង​ជំនាញ​យើង​ចុះ​ទៅ​ដល់ ហើយ​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់​ភ្លាម​ៗ​ផង​ដែរ ដើម្បី​សួរនាំ​។

លោក​បញ្ជាក់​ថា ជនបរទេស​រូប​នេះ​មានឈ្មោះ Andres Pino ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​ក ចូល​មក​លេង​ខេត្តសៀមរាប ជា​ភ្ញៀវ​ទេសចរណ៍​។

លោក​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ​ជនបរទេស​រូប​នេះ​វាយ​កម្ទេច​ទូរ ATM គឺ​បណ្តាល​មក​ពី​រូប​គាត់​ស្រវឹងស្រា ហើយ​បាន​ទៅ​ដក​លុយ​នៅ ATM ធនាគារ​កា​ថេ ខណៈ​ពេល​នោះ​ដែល​ជនបរទេស​រូប​នេះ​ដាក់​កាត​ចូល ដើម្បី​ដក​លុយ ប៉ុន្តែ​ចុច​លេខ​កូដ​សម្ងាត់​ខុស ស្រាប់តែ​ម៉ាស៊ីន​លេប​កាត​បាត់ ហើយ​ដក​លុយ​អត់​បាន​ផង​នោះ​ក៏​ខឹង ស្រាប់តែ​យកដៃ​វាយ​ទូ ATM ធនាគារ​កា​ថេ​បែក​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​សួរនាំ​រួច ជនបរទេស​រូប​នេះ​បានដឹង​កំហុស ហើយ​ព្រម​សង​ថ្លៃ​ខូចខាត ។ ក្រោយមក​កម្លាំង​ជំនាញ​ក៏​បានឱ្យ​ជនបរទេស​រូប​នេះ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​នេះ​តទៅ​ទៀត រួច​ឱ្យ​ត្រឡប់​ទៅ​វិញ​ទាំង​យប់​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ