ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​តាម​សាលា​នានា​ក្នុង​ខេត្តកំពង់ចាម​នាំ​គ្នា​ពាក់​ម៉ាស់​ការពារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សិស្សានុសិស្ស​ដែល​រៀន​នៅ​តាម​សាលា​បឋម​សិក្សា និង​វិទ្យាល័យ​នានា ក្នុង​បណ្ដា​ស្រុក​ក្រុង​ចំនួន​១០​នៅ​ខេត្តកំពង់ចាម​បាន​នាំ​គ្នា​ពាក់​ម៉ាស់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ។ ជាមួយ​នោះ​ស្ថាប័ន​ជំនាញ​សុខាភិបាល​ខេត្ត​កំពុង​តែ​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ​សំដៅ​ធានា​សុវត្ថិភាព​ធ្វើ​យ៉ាងណា​កុំអោយ​ឆ្លង​ជំងឺ​។ ខណៈ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្តកំពង់ចាម ៖ សិស្សានុសិស្ស​ដែល​រៀន​នៅ​តាម​សាលា​បឋម​សិក្សា និង​វិទ្យាល័យ​នានា ក្នុង​បណ្ដា​ស្រុក​ក្រុង​ចំនួន​១០​នៅ​ខេត្តកំពង់ចាម​បាន​នាំ​គ្នា​ពាក់​ម៉ាស់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វីរុស​) ។ ជាមួយ​នោះ​ស្ថាប័ន​ជំនាញ​សុខាភិបាល​ខេត្ត​កំពុង​តែ​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ​សំដៅ​ធានា​សុវត្ថិភាព​ធ្វើ​យ៉ាងណា​កុំអោយ​ឆ្លង​ជំងឺ​។ ខណៈ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​លើ​ជនជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​តម្រូវ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​កុំ​ឲ្យ​មាន​ឆ្លង​ទៅ​តំបន់​ផ្សេង​ទៀត​។

លោក​សៀង សំណាង នាយក​សាលា​បឋម​-​អនុ​វិទ្យាល័យ​ទួល​ថ្ម ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០ ថា បន្ទាប់​ពី​ទទួល​បាន​លិខិត​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក៏​ដូច​ជា​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត រាល់ពេល​ព្រឹក​ម៉ោង​គោរព​ទង់ជាតិ​រូប​លោក​បាន​ផ្សព្វផ្សាយ​តាម​មីក្រូ​ប្រាប់​ទៅ​ដល់​សិស្សានុសិស្ស​គ្រប់​រូប​ត្រូវ​នាំ​គ្នា​ចេះ​អនាម័យ​ជា​ប្រចាំ​និង​ពាក់​ម៉ាស់ ដើម្បី​ការពារ​កុំអោយ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​។

លោកនាយក​សាលា​បឋម​-​អនុ​វិទ្យាល័យ​ទួល​ថ្ម​ប្រាប់​បន្ត​ថា ប្រសិនបើ​សិស្ស​ទៅ​លេង​នៅ​ទី​សាធារណៈ​អង្គុយ​នៅ​លើ​បង់​មិន​ត្រូវ​យកដៃ​ពាល់​បង់​នោះ ដោយ​បង្ការ​ខ្លាច​អ្នក​ដែល​ខ្វះ​អនាម័យ​ពេល​ដែល​កណ្ដាស់ ឬ​ហៀរ​សំបោរ​យក​មក​ជូត​បង់​អង្គុយ​លេង​នោះ​។ ពេល​ដើរ​ក្នុង​ចំណោម​មនុស្ស​ច្រើន​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​ការពារ​ចៀសវាង​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ម្យ៉ាងទៀត​ប្រសិនបើ​យើង​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ជនជាតិ​ចិន​ណា​ម្នាក់​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ក៏​ត្រូវ​ប្រយ័ត្ន​ត្រូវ​តែ​ពាក់​ម៉ាស់​ជា​និច្ច​ពេល​ដែល​និយាយ​ស្ដី​ឬ​ក៏​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក​។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា​២០២០ មិន​ទាន់​មាន​សិស្ស​ណា​ម្នាក់​មាន​ជំងឺ​ផ្ដាស​សាយ​ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​សង្ស័យ​ទៅ​នឹង​ជំងឺ​កូ​រ៉ូ​ណា​នោះ​ឡើយ ។ ទោះជា​បែប​នេះ​ក្តី រូប​លោក​ក៏​បាន​បញ្ជូន​សារ​តាម​ទូរស័ព្ទ​ចូល​ទៅ​ក្នុង​គ្រុប ដើម្បី​ឱ្យ​លោកគ្រូ អ្នកគ្រូ បង្រៀន​នៅ​បឋម​និង​អនុ​វិទ្យាល័យ​ទួល​ថ្ម​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សិស្ស​លាងដៃ​នឹង​សាប៊ូ បន្ទាប់​ពី​ចាប់​កាន់​សៀវភៅ​ឬ​ក៏​ប៉ះពាល់​អ្វីមួយ ពោល​គឺ​លាងដៃ​អោយ​បាន​ស្អាត​មុន​នឹង​ហូប​នំចំណី​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​និង​អប់​រំជា​ញឹកញាប់​សិស្ស​គ្រប់​រូប​ទោះជា​ដើរ​ឬ​អង្គុយ​រៀន​នៅ​ក្នុង​បន្ទប់​ថ្នាក់​បាន​នាំ​គ្នា​ពាក់​ម៉ាស់​ដែរ ។

ដោយឡែក​ឪពុក​ម្ដាយ​របស់​សិស្ស​ដែល​ដឹក​កូន​តាម​មធ្យោបាយ​ម៉ូតូ​ឬ​រថយន្ត​មក​សាលា​បាន​ជំរុញ​ឱ្យ​កូន​ៗ​ចេះ​បង្ការ​ការពារ​ស្ទើរតែ​១០០​ភាគរយ​នាំ​គ្នា​ពាក់​ម៉ាស់​ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​។

លោក​វេជ្ជបណ្ឌិត​គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីណែនាំ​ពី​លោក​វេជ្ជបណ្ឌិត​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រួច​មក រូប​លោក​បាន​រៀបចំ​ផែនការ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ ក្នុង​នោះ​មាន​ដូច​ជា​សារ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់​ដឹង និង​ការពារ​កុំអោយ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​(​កូរ៉េ​ណា​វីរុស​) ។ រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ខេត្តកំពង់ចាម​មិន​ទាន់​រក​ឃើញ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​នៅឡើយ​ទេ​៕
(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ