ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយ​ដ្ឋា​ន​ទាំង​៣​កន្លែង​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​កំពុង​ទាក់ទាញ​ភ្លៀវ​ទៅ​កម្សាន្ត​ច្រើន​ហើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំ​ពង​ឆ្នាំង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ចំនួន​៣ ដែល​មាន​ទឹកធ្លាក់​នៅ​ក្នុងស្រុក​ទឹកផុស ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ។ ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ធម្មជាតិ​ថ្ម​ក្រាល​នេះ…

ខេត្ត​កំ​ពង​ឆ្នាំង ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល គឺជា​រមណីយដ្ឋាន​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ចំនួន​៣ ដែល​មាន​ទឹកធ្លាក់​នៅ​ក្នុងស្រុក​ទឹកផុស ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ។ ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ធម្មជាតិ​ថ្ម​ក្រាល​នេះ ត្រូវធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេ​៥៣ ។ នៅ​ពេល​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ផុត​ភូមិ​ចូល​ដល់​ផ្លូវ​ដីស ដែល​ជា​ផ្លូវ​លំបាក​បន្តិច ក្នុង​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ ភ្ញៀវ​នឹង​អាច​ទស្សនា​ព្រៃ​ប្រឹក្សា​មាន​ដើមឈើ តូច ធំ ដុះ​អម​សងខាង​ផ្លូវ​រយៈពេល​ប្រមាណ​ជាង​១៥​នាទី​នោះ​នឹង​ទៅ​ដល់ទី​កម្សាន្ត​មាន​ទឹកធ្លាក់​មាន​ខ្យល់ អាកាស​បរិសុទ្ធ និង​ធម្មជាតិ​ខៀវស្រស់​ត្រកាល​ដែល​គួរ​ជាទី​មនោ​រម្យ​ជាក់​ជា​ពុំខាន​ឡើយ ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ក្នុងស្រុក​ទឹកផុស​មាន​ទី​រមណី​ដ្ឋា​ន​មាន​ទឹកធ្លាក់​ចំនួន​៣​កន្លែង ស្រ​ដៀង​គ្នា ទី​១ គឺ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល ស្ថិត​ក្នុងភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ទី​២ តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប និង​ទី​៣ តំបន់​ទឹកធ្លាក់​អន្លុង​ស្វាយ ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ក្បាលទឹក ។ រមណី​ដ្ឋា​ន​ទាំង​៣​កន្លែង​នេះ បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​កំពុង​ខិតខំ​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​រមណី​ដ្ឋា​ន​ថ្នាក់​ជាតិ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​រមណី​ដ្ឋា​ន​មួយ​ទេ ក្នុង​ចំណោម​រមណី​ដ្ឋា​ន​ទាំង​៣ ក្នុងស្រុក​ទឹកផុស​ដែល​បាន​ចុះបញ្ជី​ការ​ទទួលស្គាល់​ជា​ផ្លូវការ គឺ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ស្រែ​អំពិល ហើយ​រមណី​ដ្ឋា​ន​នេះ​ក៏​ធ្លាប់​ទទួល​បាន​ពា​ន្ត​រង្វាន់​លេខ​១ ថ្នាក់​ជាតិ​លើ​ការ​អភិវឌ្ឍ មាន​អនាម័យ សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ល្អ​ផង​ដែរ ។

និយាយ​ដោយឡែក​សម្រាប់​រមណី​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ គឺ​នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមករា​នេះ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​យ៉ាងច្រើន​បាន​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​នោះ​យ៉ាងច្រើន​កុះករ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ គឺ​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​ជួប​ការ​លំបាក​ជាង​៣​គីឡូម៉ែត្រ រួម​ទាំង​ចំណតរថយន្ត​ចង្អៀត​ពេល​មាន​ភ្ញៀវ​សម្រុក​ទៅ​កម្សាន្ត​ច្រើន ។

លោក ប្រាក់ គឹ​ម​សេង អនុប្រធាន​សហគមន៍​ភ្នំ​ជើង​លៀង​ដែល​គ្រប់គ្រង​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល បាន​បញ្ជាក់​ថា ៖ សហគមន៍​ភ្នំ​ជើង​លៀង​បាន​កើតឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៦ ប៉ុន្តែ​សហគមន៍​ទេសចរណ៍​មិន​មានដំណើរ​ការ​អ្វី​ជា​ដុំ​កំភួន​នៅឡើយ​ទេ ។ ក្រោយមក​សហគមន៍​បាន​រៀបចំ​ត្រួសត្រាយ​ផ្លូវ ដើម្បី​មក​កាន់​ទឹកធ្លាក់​ថ្ម​ក្រាល​នេះ និង​ចងក្រង​បង្កើត​ជា​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ថ្ម​ក្រាល​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​៦​ឆ្នាំ​ហើយ ។

ការ​ដែល​បាន​អភិវឌ្ឍន៍ និង​កើតឡើង​មក​ដល់​ពេល​នេះ គឺ​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាជិកសមាគម​ដោយ​ឆន្ទៈ​តែ​ម្ដង មិន​មាន​ប្រាក់ខែ​បៀវត្ស​អ្វី​នោះ​ទេ​ជាមួយ​គ្នា​នេះ​ក៏​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា មន្ទីរ​ទេសចរណ៍​ផង​ដែរ ។ បច្ចុប្បន្ន​នេះ​សហគមន៍​បាន​ព្យាយាម​ធ្វើ​ស្ពាន​ធ្វើ​ខ្យុ​ស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​កម្សាន្ត​បន្ថែម​ទៀត ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សំខាន់​នោះ គឺ​ផ្លូវ​ដែល​មក​កាន់​មាត់ទឹក​ធ្លាក់​ថ្ម​ក្រាល​មាន​ជាង​៣​គីឡូម៉ែត្រ នៅ​ពុំ​ទាន់​បាន​កសាង​ស្អាត​នៅឡើយ គឺ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ។ ជាង​នេះ​ទៅ​ទៀត​នៅ​មិន​ទាន់​មាន​ធុងសំរាម​សម្រាប់​គ្រប់គ្រាន់​នៅឡើយ ។

ក្នុង​នាម​លោក​ជា​អនុប្រធាន​សហគមន៍​ភ្នំ​ជើង​លៀង ដែល​គ្រប់គ្រង​តំបន់​ទឹកធ្លាក់​ទេសចរណ៍​ថ្ម​ក្រាល សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​សូម​មេត្តា​ជួយ​ធ្វើ​ផ្លូវ​មក​ដល់​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល​ដែល​មាន​ជាង​៣​គីឡូម៉ែត្រ​នឹង​ជួយ​ឱ្យ​មាន​ធុងសំរាម សម្រាប់​ដាក់​ចល័ត​នៅ​តាម​តំបន់​ទឹកធ្លាក់​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ស្ត្រី​ជា​សមាជិក​សហគមន៍​ម្នាក់​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា កំណើន​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​គួរ​កត់សម្គាល់​ក្នុង​រយៈពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​ប្រមាណ​ជាង​៣​ពាន់​នាក់ ។ ប៉ុន្តែ​អ្វី​ដែល​ផ្ដល់​ជា​សំខាន់​ដោយសារ ភ្ញៀវ​សម្រុក​មក​ច្រើន​ពេក​ធ្វើ​ឲ្យ​កន្លែង​ចត​រថយន្ត​ជួប​ការ​លំបាក និង​កន្លែង​កម្សាន្ត​ក៏​នៅ​តែ​លំបាក​ដែរ ។ ហេតុនេះ​ហើយ​ក្នុង​នាម​លោកស្រី​ជា​សមាជិក​សហគមន៍​ភ្នំ​ជើង​លៀង​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត​ជួយ​ធ្វើ​កន្លែង​ចត​រថយន្ត​ឲ្យ​បាន​ធំ​ទូលាយ​ផង ។

ដោយឡែកបងប្រុសម្នាក់ ភ្ញៀវទេសចរណ៍ដែលជាភ្ញៀវទេសចរមកកម្សាន្តថ្ងៃបុណ្យចូលឆ្នាំចិនបានសម្ដែងទឹកចិត្តរីករាយ និងបានកោតសរសើរការខិតខំប្រឹងប្រែងរបស់សហគមន៍ទេចរណ៍ដោយបានបញ្ជាក់ថា កាលមកលើកមុនមិនសូវមានការអភិវឌ្ឍបែបនេះទេ តែពេលនេះឃើញមានការអភិវឌ្ឍន៍បានច្រើន ។ គាត់ពេញចិត្ត និងមកទស្សនាកម្សាន្តនៅរមណីដ្ឋានទឹកធ្លាក់ថ្មក្រាលនេះណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ