ប្រិយមិត្តជាច្រើនសុទ្ធតែបានស្គាល់កញ្ញា វង្ស ម៉ាលីន ដែលជាម្ចាស់ជ័យលាភីលេខ១ កម្មវិធីប្រឡងចម្រៀងខ្មែរជាសាកល ឆ្នាំ២០១៩ កន្លងទៅ ដែលមកពីប្រទេសកាណាដា។ តំណែងមួយនេះ ធ្វើឱ្យ វង្ស ម៉ាលីន ឡើងដល់កម្រិតមានការពេញនិយម តាមប្រទេសផ្សេងៗ ទាំងសាមីខ្លួនផ្ទាល់មិននឹកស្មាន។
ដៃកាន់ពាន មិនទាន់បានប៉ុន្មានផង ក៏លេចឭថា តារាមានសំឡេងស្រដៀង រស់ សេរីសុទ្ធា រូបនេះ ទើបទទួលបានពានមួយទៀតគួរឱ្យចាប់អារម្មណ៍។ នាងឈ្នះពានរង្វាន់ លើចម្រៀងច្រៀងល្អជាងគេច្រើនភាសា ហើយបានរុញឱ្យតារាស្រីរូបនេះល្បីល្បាញបន្តទៀតនាក្រៅស្រុក។

កញ្ញា វង្ស ម៉ាលីន នាងបានធ្វើឱ្យគេភ្ញាក់ផ្អើ ម្តងទៀតតែម្តង ដោយសារបានលើកពានចម្រៀងមួយទៀតនៅប្រទេសកាណាដា បន្ទាប់ពីអាចយកឈ្នះបេក្ខជនជាច្រើនរូបទៀត។ ពិតជាយីអ៊ុនហក់ឡើងស្រឺតៗតែម្តង បន្ទាប់ពីបានធ្វើឱ្យគេទទួលស្គាល់នៅក្នុងស្រុកខ្មែរកន្លងមក សូម្បីតែថ្នាក់ដឹកនាំកំពូលនៃស្រុកខ្មែរពេញចិត្តយកធ្វើជាកូនធម៌ផងដែរ។
តបជាមួយអ្នកយកព័ត៌មានយើងតាមរយៈសាអេឡិចត្រូនិច វង្ស ម៉ាលីន បានឱ្យដឹងថា ពានរង្វាន់នេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះចូលរួមពីភ្ញៀវកិត្តិយសប្រមាណជាង៤០០នាក់ ដោយសារទីតាំងតូច។ កម្មវិធីនោះ គេបោះឆ្នោតជូនដោយសារនាងច្រៀងបានល្អ បាន៣ទៅ៤ភាសា ។ នៅក្នុងនោះក៏ច្រៀងជាភាសាឡាវផងដែរ ពានដែលទទួលបាននេះជាពានមាស ដែលទទួលបានដល់ទៅជិត២០រូប មានទាំងផ្នែកចម្រៀង អ្នកភ្លេង ក៏ដូចជាអ្នកជួយសមាគមដ៏ឆ្នើមជាងគេ ពោលគឺបែងចែកជាផ្នែក។

កញ្ញាដែលរំលេចការប្រឡងកន្លងមករូបនេះ ឆ្លើយបន្តថា ភាពយល់ដឹងពីចម្រៀងនេះ ធ្វើឱ្យនាងនឹកឃើញដល់លោកគ្រូ ឆាយ សាម៉េត ដែលជាតន្ត្រីករ និងអ្នកនិពន្ធជើងចាស់ ចង្អុលបង្ហាញពីរបៀបប្រើប្រាស់សំឡេង។ គន្លឹះវិធីរបស់គាត់នោះហើយ ទើបធ្វើឱ្យនាង ឈ្នះពាន ពេលដឹកនាំនាងទៅប្រឡងនៅស្រុកខ្មែរកន្លងមក រហូតពានថ្មីក៏នៅតែច្បិចយកភាពល្អដល់នាង។
អ៊ីចឹងហើយ នាងបានសាងស្នាដៃល្អៗប៉ុណ្ណឹង គឺមិនភ្លេចនឹកឃើញគាត់ ។ មិនថា តែរូបខ្ញុំនោះ លោកឆាយ សាម៉េត ក៏បានបណ្តុះបណ្តាលអ្នកសិល្បៈយើងជាច្រើនទៀត ដោយពេលនេះគាត់ក៏រស់នៅប្រទេសកាណាដាដែរ។ បន្ទាប់ពីបានធ្វើខ្លួនឱ្យមានភាពល្បីឈ្មោះមក វង្ស ម៉ាលីន កំពុងតែមមាញឹកដើរច្រៀងតាមប្រទេសផ្សេងៗដូចជា កាណាដា អាមេរិក ហើយមានគម្រោងចេញទៅច្រៀងនៅប្រទេសជប៉ុន និងឡាវទៀតផង។
នេះជាកិត្តិយសដ៏ធំមួយដែល វង្ស ម៉ាលីន មិននឹកស្មានថា មានភាពចែងចាំងក្នុងសិល្បៈ ដោយសារវិថីមួយនេះនាងដើរហែលក្រោមការតស៊ូច្រើនឆ្នាំមកហើយ មុនមករស់នៅកាណាដា។ ម៉ាលីន ថា មានគម្រោងមកលេងស្រុកខ្មែរ នៅឆ្នាំនេះ ដោយការនឹករលឹក អ្នកគាំទ្រ ហើយក៏ឡើងបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍នានាផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ