ខេត្តសៀមរាប ៖ សំណង់សណ្ឋាគារដ៏ធំមួយរបស់លោក សែ សមុត អតីតប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប បានសាងសង់រំលោភលើចំណីផ្លូវសាធារណៈ ត្រូវបានរដ្ឋបាលក្រុង និងខេត្តចុះទៅផ្អាក និងកំណត់ឲ្យរុះរើមួយផ្នែកចេញជាបន្ទាន់។
សណ្ឋាគារខាងលើនេះមានឈ្មោះ (ជាតិថាតាអង្គរ) ប៉ុន្តែក្នុងកំណត់ហេតុរបស់សមត្ថកិច្ច គឺឈ្មោះ គង់ ប៊ុនហេង ភេទប្រុស ជាអ្នកតំណាងឲ្យម្ចាស់សំណង់សណ្ឋាគារនោះ។

ក្នុងពេលធ្វើការវាស់វែង និងកំណត់តាមប្លង់ជំនាញបានបង្ហាញថា សណ្ឋាគារខាងលើនេះ បានសាងសង់ចូលមកលើផ្លូវចំនួន២ម៉ែត្រ។ ករណីនេះ ត្រូវរដ្ឋបាលក្រុង និងខេត្ត កំណត់ឲ្យរុះរើដោយគ្មានលក្ខខណ្ឌចាប់ពីថ្ងៃទី២៣ ខែមករានេះ។ ក្នុងករណីម្ចាស់មិនអនុវត្តរុះរើតាមលក្ខខណ្ឌអាជ្ញាធរ និងចាត់វិធានការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីទាំងអស់។

ក្នុងការចុះរុះរើនោះដែរ លោក អ៊ុង សុភ័ណ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំកម្លាំងចុះទៅអនុវត្តសុំមិនធ្វើអត្ថាធិប្បាយទេ។ ប៉ុន្តែលោកបានព្រលយពាក្យមួយឃ្លាថា ផ្នែកខាងជើងសណ្ឋាគារនេះ បានសាង់សង់មកលើផ្លូវខាងមុខ២ម៉ែត្រ ឯខាងក្រោយ១,៨៥ម៉ែត្រ។ ក្រៅពីនោះ ផ្នែកខាងមុខ (ខាងកើត) នៃសណ្ឋាគារ ក៏សង់ចូលចំណីផ្លូវផងដែរ ប៉ុន្តែក្រោយពេលអាជ្ញាធរកសាង និងពង្រីកផ្លូវ នឹងអនុវត្តតាមភាពជាក់ស្តែង។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)









ចែករំលែកព័តមាននេះ