អ្នក​ភូមិ​ឆ្ងល់​គ្រប់​គ្នា ព្រោះ​កូន​មាន់​ចម្លែក​ជើង​៤ ស្លាប​៤ និង​ក្បាល​២ ជាប់​គ្នា​នៅ​ក្នុង​សំបក​ស៊ុត​តែ​មួយ


ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រោយ​ពី​ឃើញ​ពងមាន់​ជាង​១០​គ្រាប់​បាន​ញាស់​អស់ពី​ក្នុង​សម្បុក​ដោយឡែក​នៅ​សល់​ពងមាន់​តែ​មួយ​គត់​ដែល​ប្រេះស្រាំ តែ​អត់​ឃើញ​ញាស់​ចេញ​កូន​មាន់​មក​ក្រៅ​ទាល់តែ​សោះ លុះ​ម្ចាស់​មានការ​សង្ស័យ​ក៏​ចាប់​បកសំបក​ពងមាន់​នោះ​ចេញ ស្រាប់តែ​ឃើញ​កូន​មាន់​មាន​ជើង​៤ ស្លាប​៤ និង​ក្បាល​២​ជាប់​គ្នា ។ ហេតុការណ៍​ប្រទះ​ឃើញ​កូន​មាន់​ចម្លែក​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា​នេះ ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក នាក់ ង៉​យ អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ជា​ពេទ្យសត្វ​ប្រចាំ​ក្រុងប៉ៃលិន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​កូន​មាន់​ចម្លែក​១​ក្បាល​នេះ គឺ​លោក​បាន​ទៅ​ចាក់​ថ្នាំ​សត្វ​ឆ្កែ​ឱ្យ​ម្ចាស់ផ្ទះ​មួយ​កន្លែង ស្រាប់តែ​ចូល​ទៅ​ដល់​ភ្លាម​មាន​គេ​កាន់​កូន​មាន់​តូច​មួយ​ក្បាល​មក​បង្ហាញ​ប្រាប់​ថា មេមាន់​១​ក្បាល មាន​ពង​ជាង​១០​គ្រាប់ ហើយ​ក៏​ញាស់​គ្រប់​ទាំងអស់ ដោយឡែក​នៅ​សល់​ពង​១​គ្រាប់ ដែល​ប្រេះ​រៀបនឹង​បែក​ទៅ​ហើយ តែ​មិនឃើញ​កូន​មាន់​ចេញ​មក​ក្រៅ​សោះ ។

លោក​បន្ត​ទៀត​ថា លុះ​ម្ចាស់​ឆ្ងល់​សង្ស័យ​ក៏​ចាប់ផ្តើម​ហែក​សំបុក​ចេញ ស្រាប់តែ​ឃើញ​កូន​មាន់​នេះ​មាន​ជើង​៤ ស្លាប់​៤ និង​ក្បាល​២​ជាប់​គ្នា ប្លែក​ពី​កូន​មាន់​ដទៃ​ទៀត ។ ពេល​នោះ​ម្នាក់​ៗ​ក៏​នាំ​គ្នា​យក​ទូរស័ព្ទ​ដៃ​ថត​ទុក​មើល​លេង​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ព្រោះ​មិន​ធ្លាប់​ឃើញ​កូន​មាន់​កើតមក​មាន​លក្ខណ​:​ចម្លែក​ខុស​ពី​ធម្មតា​បែប​នេះ​ឡើយ ។ លោក​បញ្ជាក់​ថា ប៉ុន្តែ​ក្រោយ​ពេល​បកសំបក​មើល​ហើយ​កូន​មាន់​នេះ​ក៏​ងាប់​បាត់​ទៅ ដោយ​អ្នកខ្លះ​បង្ហើប​ថា នៅ​លើ​លោក​នេះ​រឿង​អ្វី​ក៏​អាច​កើតឡើង​បាន​ដែរ មិន​ថា តែ​មនុស្ស​ទេ សូ​ម្បី​តែ​សត្វ​ក៏​អាច​មាន​លក្ខណ​:​ខុស​ពី​ធម្មតា​ផង​ដែរ ។

ម្យ៉ាងវិញទៀត​មនុស្ស​នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ពួក​គេ​ពិតជា​មិន​ធ្លាប់​ឃើញ​សត្វ​មាន់​កើតមក​មាន​ជើង​ជាប់​គ្នា ស្លាប និង​ក្បាល​ជាប់​គ្នា​បែប​នេះ​ឡើយ គឺ​ធ្លាប់តែ​ឃើញ​តែ​មនុស្ស​កើតមក​ខ្លួន​ជាប់​គ្នា ជើង ដៃ និង​ក្បាល​ផ្សេង​គ្នា តាម​ហ្វេ​ស​ប៊ុ​ក​ដែល​គេ​បង្ហោះ​លុះ​ឃើញ​ផ្ទាល់​បែប​នេះ​ក៏​មានការ​ចម្លែក​ម្យ៉ាងដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ