ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្រាន​ចោលការ​ថ្លែង​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ចំពោះ​ករណី​លោក កឹ​ម សុខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​ទីក្រុង​ហ្សឺ​ណែវប្រទេស​ស្វ៊ី​ស បាន​ច្រានចោល​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​រាយការណ៍​ពិសេស​របស់អ​.​ស​.​ប ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹ​ម សុខា​ថា​ក្រោម​ហេតុផល​នយោបាយ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​ទីក្រុង​ហ្សឺ​ណែវប្រទេស​ស្វ៊ី​ស បាន​ច្រានចោល​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​របស់​អ្នក​រាយការណ៍​ពិសេស​របស់អ​.​ស​.​ប ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹ​ម សុខា​ថា​ក្រោម​ហេតុផល​នយោបាយ ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ការិ​យាល័យ អ​.​ស​.​ប នៅ​ទីក្រុង​ហ្សឺ​ណែវបាន​ច្រាន​ចោលការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ចំនួន​៣​រូប កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ក្រោម​ហេតុផល​នយោបាយ និង​មាន​បំណង​បំភ័ន្ត​សា​ធារណជន​អំពី​ដំណើរការ​សវនាការ​លើ​ជនជាប់ចោទ លោក កឹ​ម សុខា​។

ប្រភព​បន្ត​ថា ដូច​ពេល​កន្លង​មក​ដែរ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​សម្តែង​នូវ​ការ​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការ​ប្រព្រឹត្ត​មិនស្រប​តាម​វិជ្ជាជីវៈ​របស់​អ្នកជំនាញ​ខាងលើ ដែលមិនមែន​ជា​មន្ត្រី អ​.​ស​.​ប និង​គ្រាន់តែ​បំពេញការងារ​ក្នុង​ឋានៈ​ផ្ទាល់ខ្លួន ប៉ុន្តែ​តាំងខ្លួន​ជា​ចៅក្រម​នៅ​ក្នុង​កិច្ចការ​តុលាការ​និង​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​មួយ ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​រំឭក​អ្នកជំនាញ​ទាំងនោះ​ថា នៅ​ប្រទេស​កម្ពុជា ​ក៏​ដូច​សង្គម​ប្រជាធិបតេយ្យ​ដទៃ​ទៀត បុគ្គល​បំពាន​ច្បាប់​ត្រូវ​រង​ការ​ចោទប្រកាន់​និង​កាត់​ទោសដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​បទល្មើស​ដែល​បានប្រព្រឹត្ត និង​មិន​ផ្អែក​លើ​ឋានៈ នយោបាយឡើយ ។

ឋានៈ​ជា​អ្នកនយោបាយ មិន​ថា​ស្ថិតនៅ​ក្រោម​ស្លាក​បក្ស​ប្រឆាំង​ឬ​អត់ ពុំ​បាន​ផ្តល់សិទ្ធិ​ឱ្យ​បុគ្គល​នោះ​ធ្វើ​សកម្មភាព​ដោយ​និទណ្ឌភាព​ទេ ។ ហេតុផល​បុគ្គល ឬ​នយោបាយ មិន​អាច​ប្រើប្រាស់​ជា​ទឡ្ហីករណ៍​សម្រាប់​ការ​ប្រព្រឹត្ត​បទល្មើស​ឡើយ ។ សេចក្តី​ប្រកាស​ព័​ត៎​មានបាន​លើក​ឡើង​ទៀត​ថា បទ​ចោទ​លើ​លោក កឹ​ម សុខា មាន​ចែង​យ៉ាងច្បាស់​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា (​មាត្រា​៤៥១ និង​៤៥៣) ហើយ​វិធានការ​ច្បាប់​ចំពោះគាត់​នា​ពេល​កន្លង​មក បាន​ត្រូវ​អនុវត្ត​ស្រប​តាម​ច្បាប់​ពាក់ព័ន្ធ​របស់​ប្រទេស​រួម​ទាំង​រដ្ឋធម្មនុញ្ញ ។

ប្រភព​បាន​គូសបញ្ជាក់​ថា​៖ «​ការ​និយាយ​យោង​របស់​អ្នករាយការណ៍​ពិសេស​ទៅ​នឹង​ទស្សនៈ​របស់​«​ក្រុម​ការងារ​ស្តី​ពី​ការ​ឃុំខ្លួន​តាម​អំព ចិត្ត​» (​ហៅ​កាត់​ថា​«​ក្រុមការងារ​») ដែល​ជា​បណ្តុំបុគ្គល​៥​រូប​រួម​គ្នា មិន​ត្រឹមតែ​ពុំ​មាន​សំអាង​ត្រឹមត្រូវ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​ទៀត ។ បុគ្គល​ទាំង​៥​រូប ពុំ​មែន​ជា​មន្ត្រី អ​.​ស​.​បគ្រាន់តែ​បំពេញការងារ​ក្នុង​ឋានៈ​ផ្ទាល់ខ្លួន ដែលពុំ​មានការ​យល់​ដឹង​ជាក់ស្តែង​ស្តី​ពី​ស្ថានភាព​ច្បាប់​និង​នយោបាយ​របស់​ប្រទេស​កម្ពុជា​» ។

ស្ថាន​បេសកកម្ម​បាន​លើក​ឡើង​ទៀត​ថា​ទស្សនៈ​ឬ​សេចក្តីសន្និដ្ឋាន​របស់​«​ក្រុមការងារ​» នេះ ពុំ​មាន​ទម្ងន់​អ្វី​ទាល់តែ​សោះ រាប់​ទាំង​ទម្ងន់​ផ្លូវច្បាប់​មក​លើ​រដ្ឋ​អធិបតេយ្យ​មួយ ហើយ​ស្ថានបេសកកម្ម​អចិន្ត្រៃយ៍ សូម​បដិសេធ​ចំពោះ​សេចក្តី​សន្និដ្ឋាន​របស់​«​ក្រុមការងារ​»​នេះ ដែល​ពុំ​បាន​គោរព​តាម​របប​ធ្វើ​ការងារ​ត្រឹមត្រូវ

ការ​ចោទប្រកាន់​ថា លោក កឹ​ម សុខា ត្រូវបាន​ឃុំខ្លួន​ហួស​រយៈពេល​កំណត់​ដោយ​ច្បាប់ គឺជា​ការ​បំផ្លើស និង​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​យល់​ដឹង​នៅ​មាន​កម្រិត ឬ​ពុំ​មាន​ឆន្ទៈ​ចង់​យល់​អំពី​នីតិវិធីតុលាការ​របស់​ប្រទេស​កម្ពុជា ពី​សំណា​ក់​អ្នកជំនាញ​ទាំងនោះ ។ ការ​ពិត​គឺថា លោក កឹ​ម សុខា បាន​ត្រូវ​ដោះ​លែង​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​ការ​ត្រួតពិនិត្យ​ផ្លូវ​តុលាការ ដោយ​មាន​លក្ខខណ្ឌ​ជាក់លាក់ ។ នេះ​មាន​ន័យ​ថា គាត់​ពុំ​ស្ថិត​ក្រោម​របប​នៃ​ការ​ឃុំខ្លួន​មុន​សវនាការ ដែល​មាន​រយៈពេល​អតិបរមា​១៨​ខែ​នោះ​ឡើយ ។ លោក កឹ​ម សុខា ពុំ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុងផ្ទះ​ទេ ។

ជាមួយ​គ្នា​នេះ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ សូម​រំឭក​អ្នកជំនាញ​ឲ្យ​ប្រើប្រាស់​វាក្យ​ស័ព្ទ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ប្រសិនបើ​ពុំ​មាន​បំណង​ធ្វើ​ឱ្យ​សាធារណជន​យល់​ខុស​និង​ភ័ន្ត​ច្រឡំ ។ ដោយ​ស្ថិត​នៅ​ជា​ជនជាប់ចោទ​នៅឡើយ លោក កឹ​ម សុខា ពុំ​អាច​ធ្វើ​ដំណើរ​ចាក​ចេញពី​ព្រំដែន​កម្ពុជា ហើយ​មិន​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ណាមួយ​ទេ ។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​អ្នករាយការណ៍​ពិសេស​ខាងលើ អំពី​កង្វះ​ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​បន្ទប់​សវ​នាការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​វាយតម្លៃ​របស់​អ្នកជំនាញ​ទាំងនោះ​អំពី​កម្ពុជា​បាន​ផ្អែក​លើ​តែ​ប្រភព​ព័ត៌មាន​ពុំ​បាន​ផ្ទៀងផ្ទាត់ និង​មិន​អាច​ទុកចិត្ត​បាន ។ នៅ​គ្រប់​ប្រទេស​ប្រជា​ធិបតេយ្យ​ទាំងអស់ ការ​សម្រេច​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​សវ​នាការ តែងតែ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដោយ​ពិចារណា​លើ​ទំហំ​ជាក់ស្តែង​នៃ​បន្ទប់​សវនាការ​សណ្តាប់ធ្នាប់ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ជំនុំជម្រះ​។ មាន​តំណាង​អង្គទូត​ជា​ច្រើន​ចូលរួម ហើយ​ពុំ​មាន​កៅអី​នៅ​សល់​ទំនេរ​ទុក​ចោល​ទេ ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​យល់​ថា ការ​លើកឡើង​របស់​អ្នករាយការណ៍​ពិសេស​ថា​កង្វះខាត​ការ​ចូលរួម​ជា​សាធារណៈ​នៅ​ក្នុង​បន្ទប់ សវ​នាការ​មាន​ន័យ​ស្មើនឹង​កង្វះ​យុត្តិធម៌ គឺជា​ការ​ចំអកលើ​បទដ្ឋាន​នៃ​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ​ទាំងស្រុង ។ ជា​ចុង​ក្រោយ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ទទូច​ដល់​អ្នករាយការណ៍​ពិសេស​ទាំងអស់ គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​«​ក្រម​ប្រតិបត្តិ​សម្រាប់​តំណាង​អាណត្តិ នៃ​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​» នៅ​ពេល​បំពេញ​មុខងារ​របស់​ខ្លួន រួម​ទាំង​ការ​ចេញ​សេចក្តីថ្លែងការណ៍​សាធារណៈ ដែល​អាច​ត្រូវ​បកស្រាយ​ថា ជា​ការ​ជ្រៀតជ្រែក​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​១៧ ខែមករា ឆ្នាំ​២០២០ អ្នករាយការណ៍​ពិសេស​របស់ អ​.​ស​.​បទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា ការ​ជំនុំជម្រះ​លោក កឹ​ម សុខា នាំ​ឲ្យ​សៅហ្មង !
ខ្លឹមសារ​ដែល​ផ្សាយ​ជា​សាធារណៈ​លោកស្រីបាន​បញ្ជាក់​ថា ៖ «​ថ្ងៃនេះ ខ្ញុំ​ចូលរួម​ជាមួយ​អ្នកជំនាញ​ឯករាជ្យ​របស់ អ​.​ស​.​ប ២​រូប​ទៀត​ក្នុង​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​នូវ​យុ​ត្តិធម៌​សម្រាប់​លោក កឹ​ម សុខា ដែល​ការ​កាត់ទោស ពី​បទ​ក្បត់ជាតិ​របស់​លោក បាន​ចាប់ផ្តើម​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ស​ប្តា​ហ៍​នេះ ។ យើង​សូម​អំពាវនាវ​ម្តងទៀត​ឱ្យ​ដក​ចេញ​ជា​បន្ទាន់​នូវ​លក្ខខណ្ឌ​ធានា​នៅ​ក្រៅ​ឃុំ​ដែល​មានការ​រឹតត្បិត ផ្តល់​សិទ្ធិនយោបាយ​របស់​លោក​ឡើង​វិញ និង​ធានា​សិទ្ធិ របស់​លោក​ក្នុង​ការ​ទទួល​បាន​សំណង និង​ជួសជុល​ការ​ខូចខាត​ផ្សេង​ទៀត​» ។

លោក កឹ​ម សុខា ៖ មេដឹកនាំ​កម្ពុជា​រដ្ឋបុរស​និង​មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ
លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា​ជា​រដ្ឋបុរស និង​មានបទពិសោធន៍​គ្រាប់​គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ ។ នេះ​បើ​តាម​មនុស្ស​ជំនិត​របស់​លោក គឺ​លោក មុត ច​ន្ថា បាន​ស្រង់​សម្តី​លោក​មក​ផ្សាយ​ជា​សាធារណៈ ។ លោក មុត ច​ន្ថា បាន​ស្រង់​សម្តី​លោក​កឹ​ម សុខា សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​៖

ទស្សនៈ​របស់​លោក​ប្រធាន កឹ​ម សុខា យុត្តិធម៌ និង​ការ​ផ្សះផ្សា​ជាតិ​! «​អយុត្តិធម៌ នាំ​មក​នូវ​ការ​បែកបាក់​ជាតិ ការ​ផ្សះផ្សា នាំ​មក​នូវ​អធិបតេយ្យភាព​ជាតិ​!» ។លោក កឹ​ម សុខា មាន​ប្រសាសន៍​ថា​៖ «​យើងជា​ខ្មែរ​ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ជា​ច្រើន​ណាស់​មក​ហើយ សុទ្ធតែ​យល់​ដូច​គ្នា​ថា «​ភាព​អយុត្តិធម៌​នាំ​មក​នូវ​ការ​បែកបាក់​ជាតិ​» ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ឯកភាព​ជាតិ អធិបតេយ្យភាព បូរណភាព​ទឹកដី សន្តិភាព ជា​ពិសេស កិ​ត្យា​នុភាព​ជាតិ​» ។ លោក​បន្ត​ទៀត​ថា «​ក៏​ប៉ុន្តែ បើសិនជា​យើង ត្រឹមតែ​មានការ​យល់​ដូច​គ្នា​ដូច​ខាងលើ​ប៉ុណ្ណឹង មិន​ទាន់​គ្រប់គ្រាន់​ទេ ដោយ​លោក​បង្ហាញ​ពី​ការយល់​ឃើញ​ថា ជា​មេដឹកនាំ​ជា​រដ្ឋបុរស ជា​អ្នកនយោបាយ​ដែល​អាច​ផ្សះផ្សា​ជាតិ​បាន​ជោគជ័យ គឺជា​កិត្តិយស​ណាស់​សម្រាប់​ខ្លួនឯង និង​ក្លាយជា​វិ​រ​បុរស​ជាតិ​ផង និង​នាំ​ប្រទេស​ជាតិ​ឲ្យ​គេ​គោរព​ស្ញប់ស្ញែង​ផង​» ។

លោក​បន្ថែម​ថា​៖ «​អ្នកដឹង​ហើយ​ថា មានការ​លំបាក​ក្នុង​ការ​ផ្សះផ្សា​ជាតិ ពីព្រោះ​មនុស្ស​មាន​ទស្សនៈ
មតិ ឥរិយាបថ អាកប្បកិរិយា ពាក្យ​សម្តី និង​វោហារសាស្ត្រ មិន​ដូច​គ្នា​ទេ​» ។ប៉ុន្តែ​លោក កឹ​ម សុខា បាន​សង្កត់ធ្ងន់​ពី​គោលការណ៍​ថា «​បើ​អ្នក​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា គោរព​សេចក្តី​ថ្លៃថ្នូរ មិន​ជេរ​ប្រមាថ មិន​ចោទប្រកាន់​មួលបង្កាច់​គ្នា​ដោយ​អយុត្តិធម៌ មិន​បង្កើត​ឲ្យ​មានការ​ឈឺចាប់ នោះ​អ្នក​ពិតជា​អាច
អង្គុយ​និយាយ​ជាមួយ​គ្នា​បាន នោះ​ហើយ​ទើប នាំ​មក​នូវ​ជោគជ័យ​នៃ​ការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ដែល​យើង​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន​នោះ ។ លោក កឹ​ម សុខា នៅ​តែ​មាន​ជំនឿ​ថា «​ខ្មែរ​មាន​ពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ​»៕

អត្ថបទសរសេរ ដោយ