ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ណា​ដែល​មានសំណាង​បាន​បឹង​ប្រវត្តិ សាស្ត្រ​មុខ​ស្រា​បៀរ​អង្គរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បឹង​ធម្មជាតិ​ខាង​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ស្ថិត​ក្នុងភូមិ​លេខ​០៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​ស្ទើរ​មួយ​ស្រុក​ខ្មែរ ជា​ពិសេស​អ្នក​ខេត្ត​ព្រះ​សីហ​នុ បាន​ស្គាល់​ដឹង​យ៉ាង​ច្បាស់​ថា ជា​បឹង​ប្រវត្តិសាស្ត្រ​ដែល​បាន​បន្សល់​ទុក​ទាំង​ពី​ដូនតា​មក​ឥឡូវនេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បឹង​ធម្មជាតិ​ខាង​មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ស្ថិត​ក្នុងភូមិ​លេខ​០៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​ប្រជាពលរដ្ឋ​ស្ទើរ​មួយ​ស្រុក​ខ្មែរ ជា​ពិសេស​អ្នក​ខេត្ត​ព្រះ​សីហ​នុ បាន​ស្គាល់​ដឹង​យ៉ាង​ច្បាស់​ថា ជា​បឹង​ប្រវត្តិសាស្ត្រ​ដែល​បាន​បន្សល់​ទុក​ទាំង​ពី​ដូនតា​មក​ឥឡូវនេះ បែកធ្លាយ​ថា មាន​ប្លង់​កម្ម​សិ​ទ្ឋ​ឯកជន​ទៅ​វិញ បាន​ទៅ​លើ​ឈ្មោះ​ឡាយ ប៊ុ​ន​ប៉ា ដែល​ប្លង់​នេះ​ទើបតែ​កសាង​រួចរាល់​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ សើម​ៗ​នេះ ។

ជុំវិញ​ការ​បែកធ្លាយ​នូវ​ឯកសារ ក្បាលដី​កម្ម​សិ​ទ្ឋ​ឯកជន នៅ​ក្នុង​ផ្ទៃ​បឹង​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​មតិ​មហា ជន ដែល​បានឃើញ​ឯកសារ​នេះ ហួសចិត្ត ព្រោះ​មិន​នឹក​ស្មាន​ដល់​សោះឡើយ ហើយ​មក​ដល់​បច្ចុប្បន្ន​មាន​ក្បាលដី​មួយ​បាន​ចាក់​ដី​លុប​បឹង​នោះ​ដោយ​សំអាង​លើ​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​និង​ស្របច្បាប់​របស់​ខ្លួន​ដែរ ។ ហើយ​ការ​ចាក់​ដី ក៏​មានច្បាប់​អនុញ្ញាត​ដែរ ។

ដោយឡែក​ប្រភព​ផ្សេង​ៗ​មន្ត្រីរាជការ និង​អ្នក​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ច្រើន​ដែល​កំពុង​ជ្រួល​យ៉ាង​ខ្លាំង​ដឹង​រឿងរ៉ាវ​ខ្លះ​ៗ​បាន​លួច​បង្ហើប​ថា បច្ចុប្បន្ន​ផ្ទៃ​បឹង​ទំហំ​ប្រមាណ​ស្ទើរ​ទាំងអស់ ត្រូវ​បាន​ចេញ​លេខ​ក្បាលដី​ដូច​ជា​លេខ 1206-1205 និង​1204 ក្នុង​នោះ​ក្បាលដី​លេខ​1205-​និង​1204 គឺ​នៅ​ក្នុង​បឹង​តែ​ម្តង ឬ​បឹង​ទាំងមូល ។

ជុំវិញ​បញ្ហា​ដី​បឹង​ខាងលើ​នេះ តើ​តាម​មន្ត្រី​អ​ជ្ញា​ធរ​រដ្ឋបាល​សង្កាត់​លេខ​១ (​សូម​មិន​បញ្ចេញ​ឈ្មោះ​) បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដី​ចំណុច​នេះ ដើម​ឡើយ​ត្រូវ​បាន​គេ​ឃុបឃិត កសាង​ប​ណ្ណ័​កម្មសិទ្ធិ (​ប័​ណ្ណស្លាបមាន់​)​តាំងពី​ឆ្នាំ​១៩៩៣​ម្តង​រូ​ច​ហើយដោយ​ក្នុង​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ការ​កសាង​ប​ណ្ណ័ គេ​បញ្ជាក់​ថា ដី​ចំណុច​នេះ​ជា​ដីចំការ​និង​បាន​ធ្វើការ​លក់ដូរ​ផ្ទេរកម្មសិទ្ធិ (​ត្រឹម​ថ្នាក់​សង្កាត់​)​ពី មួយ​ទៅ​មួយ​ជា​ហូរហែរ​។

ក្រោយមក​នៅ​ជំនាន់ លោក ស្បោង សា​រ៉ាត នៅ​ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ អ្នក​ដែល​ទិញ​ដី​បឹង​នេះ ចុង​ក្រោយ មាន​បំណង​ផ្ទេរកម្មសិទ្ធិ​ពី​ឈ្មោះ​ម្ចាស់​ដើម ដាក់​ឈ្មោះ​របស់​ខ្លួន​ឲ្យ​បាន​ស្របច្បាប់ ប៉ុន្តែរ​ត្រូវ​បាន​មន្ត្រី​ជំនាញ សុរិយោដី​ជំនាន់​នោះ​ធ្វើការ​បដិសេធ​មិន​ព្រម​ធ្វើការ​ផ្ទេរសិទ្ធិ​ឲ្យ​នោះ​ទេ ក្រោយ​ពិនិត្យ​ឃើញ​ថា​ដី​ចំណុច​នោះ​គឺជា​ដី​បឹង​ធម្មជាតិ​មិនមែន​ជា​ដីចំការ ។ ក្រោយ​មានការ​បដិសេធ​បែប​នេះ សកម្មភាព​លក់​ទិញ​ឬ​ផ្ទេរកម្មសិទ្ធិ​ដី​ចំណុច ត្រូវ​បាន​ស្ងប់ស្ងាត់​តាំងពី​ពេល​នោះ​មក ។ មន្ត្រី​អាជ្ញាធរ​សង្កាត់​ដដែល​បាន​បន្ត​ទៀត​ថា អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​ដី​តំបន់​ក្នុង​បឹង​នេះ ឆ្លងកាត់​ថ្នាក់ដឹកនាំ​តាំងពី​សម័យ​លោក ស្បោង​សា​រ៉ាត លោក ឈិ​ត សុ​ខុន រហូត​មក​ដល់​លោក យន្ត មីន គឺ​ថ្នាក់ដឹកនាំ​ចំនួន​៣​ជំនាន់​មក​ហើយ ដី​បឹង​នេះ​មិន​មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ថ្លើមធំ​ហ៊ាន​ផ្ទេរកម្មសិទ្ធិ ឬ​ចេញ​ប្លង់​កម្មសិទ្ធិ​ថ្មី​ឲ្យ​នោះ​ឡើយ​រួម​នឹង​ច្បាប់​ចាក់​ដី​លុប​បឹង​ផង​ដែរ គឺ​គ្មាន​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បឹង​ធម្មជាតិ​ខាង​មុខ រោងចក្រ​ស្រា​បៀរ​អង្គរ​នេះ គឺជា​បឹង​ប្រវត្តិសាស្ត្រ មាន​តាំងពី​សម័យ​ដូនតា​មក​ម្ល៉េះ ហើយ​សំរាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មិន​ថា​មនុស្ស​ចាស់ ឬ​ក្មេង​នោះ​ទេ ន​ណា​ក៏​ស្គាល់​បឹង​នេះ​ដែរ ។ បឹង​នេះ កន្លង​មក​កាលពី​សម័យ លោក​យន្ត មីន នៅ​ជា​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ លោក​បាន​សិក្សា​រួច​ហើយពី​គម្រោង​ធ្វើ​សួនច្បារ​ព័ទ្ធ​ជុំវិញ​បឹង និង​សាងសង់​ធ្វើ​ផ្លូវ​រៀប​ការ៉ូឡា ដាក់​បង់​ថ្ម​សំរាប់​អង្គុយ​លេង និង​ហាត់ប្រាណ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បាន​បរាជ័យ ដោយសារ​លោក​បាន​ផ្លាស់​ប្តូរ​តំណែង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ មុន​ពេល​កំណត់ ។

ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ប្លង់​កម្ម​សិ​ទ្ឋិ​លេខ​ក្បាលដី​លេខ​1205-​និង​1204 នេះ​បណ្តាញសារព័ត៌មាន យើង​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ចេ​ង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នឹង​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ចូល​មិន​លើក ពេល​លើក​ថា លោក​ជាប់​ប្រជុំ ។ ចំណែក​ម្ចាស់​ដី​ឈ្មោះ​ឡាយ ប៊ុ​ន​ប៉ា ក៏​ទូរស័ព្ទ​មិន​ចូល​ដែរ ម្សិលមិញ​នេះ ។ ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ស្ថាប័ន​សារព័ត៌មាន​យើង​នៅ​តែ​រីករាយ​ទទួល​នូវ​ការ​បំភ្លឺ​ណាមួយ ប្រសិនបើ​បាន​បញ្ជូន​មក​ការិយាល័យ​និពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ