រាជធានីភ្នំពេញ ៖ លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា មេដឹកនាំកម្ពុជាជាបុរសរដ្ឋ និងមានបទពិសោធនគ្រាប់គ្រាន់ក្នុងការផ្សះផ្សាជាតិ ។ នេះបើតាមមនុស្សជំនិតលោកបានស្រង់សម្តីលោកផ្សាយជាសារធារណៈ ។
លោកមុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានស្រង់សម្តីលោក កឹម សុខា សរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះ ៖ ទស្សនៈរបស់លោកប្រធាន កឹម សុខា យុត្តិធម៌ និងការផ្សះផ្សាជាតិ «អយុត្តិធម៌ នាំមកនូវការបែកបាក់ជាតិ ការផ្សះផ្សា នាំមកនូវអធិបតេយ្យភាពជាតិ!» ។
លោកប្រធាន កឹម សុខា មានប្រសាសន៍សង្កត់ថា ៖ «យើងជាខ្មែរដែលបានឆ្លងកាត់សោកនាដកម្មជាច្រើនណាស់មកហើយ សុទ្ធតែយល់ដូចគ្នាថា «ភាពអយុត្តិធម៌នាំមកនូវការបែកបាក់ជាតិ» ដែលនាំឲ្យប៉ះពាល់ដល់ឯកភាពជាតិ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ជាពិសេសកិត្យានុភាពជាតិ» ។ លោកប្រធានបន្តសង្កត់ទៀតថា «ក៏ប៉ុន្តែបើសិនជាយើងត្រឹមតែមានការយល់ដូចគ្នាដូចខាងលើប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ ដោយលោកបង្ហាញពីការយល់ឃើញថា ជាមេដឹកនាំជារដ្ឋបុរសជាអ្នកនយោបាយដែលអាចផ្សះផ្សាជាតិបានជោគជ័យ គឺជាកិត្តិយសណាស់សម្រាប់ខ្លួនឯង និងក្លាយជាវីរៈបុរសជាតិផង និងនាំប្រទេសជាតិឲ្យគេគោរពស្ញប់ស្ញែងផង» ។
លោកបានបន្ថែមថា៖ «អ្នកដឹងហើយថា មានការលំបាកក្នុងការផ្សះផ្សាជាតិ ពីព្រោះមនុស្សមានទស្សនៈ មតិ ឥរិយាបទ អកប្បកិរិយា ពាក្យសម្តី និងវោហារសាស្ត្រ មិនដូចគ្នាទេ» ។ ក៏ប៉ុន្តែលោក កឹម សុខា បានសង្កត់ធ្ងន់ពីគោលការណ៍ជាក់ថា «បើអ្នកប្រកាន់យកនូវគោលការណ៍អហិង្សាគោរពសេចក្តីថ្លៃថ្នូរ មិនជេរប្រមាថ មិនចោទប្រកាន់មួលបង្កាច់គ្នាដោយអយុត្តិធម៌ មិនបង្កើតឲ្យមានការឈឺចាប់នោះអ្នកពិតជាអាចអង្គុយនិយាយជាមួយគ្នាបាននោះហើយទើបនាំមកនូវជោគជ័យនៃការផ្សះផ្សាជាតិ ឯកភាពជាតិ ដែលយើងគ្រប់គ្នាប្រាថ្នាចង់បាននោះ ។ លោកកឹម សុខា នៅតែមានជំនឿថា«ខ្មែរមានពិសោធគ្រប់គ្រាន់ក្នុងការផ្សះផ្សាជាតិ» ៕
ចែករំលែកព័តមាននេះ