ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​មិន​ទាន់​មាន​ផែនការ​បង្ក្រាប តែ​មាន​ផែនការ​ហៅ​មេ​កន្ទុយលេខ​ធំៗ​នោះ​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​អះអាង​ថា គេ​នឹង​ធ្វើការ​ស្រាវជ្រាវ​រក​អត្ត​ស​ញ្ណា​ណ​មេ​កន្ទុយលេខ​នានា ដើម្បី​កោះហៅ​ទៅ​សាកសួរ អំពី​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​អាជីវកម្ម​បើក​ទីតាំង​លក់​ឆ្នោត​គ្រប់​ប្រភេទ ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ និងក្រោម​ស្លាក​ក្រុមហ៊ុន​វេ​រលុយ​នានា ពាសពេញ​តាម​បណ្ដា​ស្រុក និងនៅ​ក្នុង​ក្រុង​បាត់ដំបង​។…

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​បាន​អះអាង​ថា គេ​នឹង​ធ្វើការ​ស្រាវជ្រាវ​រក​អត្ត​ស​ញ្ណា​ណ​មេ​កន្ទុយលេខ​នានា ដើម្បី​កោះហៅ​ទៅ​សាកសួរ អំពី​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​អាជីវកម្ម​បើក​ទីតាំង​លក់​ឆ្នោត​គ្រប់​ប្រភេទ ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ និងក្រោម​ស្លាក​ក្រុមហ៊ុន​វេ​រលុយ​នានា ពាសពេញ​តាម​បណ្ដា​ស្រុក និងនៅ​ក្នុង​ក្រុង​បាត់ដំបង​។

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​ប្រាប់​កោះសន្តិភាព​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា​ ថា ពេល​នេះ ​លោក​កំពុង​ជាប់រវល់ តែ​លោក​នឹង​ចាត់​កម្លាំង​ជំនាញ​ឱ្យ​ចុះ​តាម​ឃ្លាំមើល​រាល់​សកម្មភាព​ល្បែង​ឆ្នោត​នេះ នៅ​តាម​ទីតាំង​នានា​នៅ​ក្នុង​បាត់ដំបង​ ។ លោក​អធិការ​បាន​បញ្ជាក់​ថា កន្លង​ទៅ​យើង​ធ្លាប់​បាន​បង្ក្រាប​ទីតាំង​ខ្លះ​ៗ ថែម​ទាំង​ឃាត់ខ្លួន​មេ​ល្បែង​កន្ទុយ​ទាំងនោះ​យក​ទៅ​សាកសួរ និង​ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់​សកម្មភាព​កត់ក​ន្ទ្ទុ​យ​លេខ​គ្មាន​ច្បាប់ទម្លាប់​នេះ​ទៀត​ផង តែ​ពួក​គេ​ហាក់​មិន​បាន​គោរព​តាម​កិច្ចសន្យា​នោះ​ឡើយ ហើយ​នៅ​តែ​ប្រព្រឹត្ត​ដដែល​ទៀត​។

ដោយឡែក​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាលវិញ លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​និយាយ​ដែរ​ថា លោក​នឹង​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​រក​អត្ត​ស​ញ្ណា​ណ​មេ​ឆ្នោត​ធំ​ៗ​ទាំងនោះ ដើម្បី​​ហៅ​ពួក​គេ​ទៅ​សួរនាំ អំពី​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​មុខរបរ​លក់​ឆ្នោត​គ្រប់​ប្រភេទ​របស់​ពួក​គេ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ ។ លោកនាយ​ការិយាល័យ​រូប​នេះ​ ហាក់​បាន​ទ​ទូល​ស្គាល់​ថា ទីតាំង​កត់​កន្ទុយលេខ​មួយ​ចំនួន​ពិតជា​យក​ស្លាក​ក្រុមហ៊ុន​វេ​រ លុយ​បិទ​បាំង​បន្លំ​ភ្នែក​សមត្ថកិច្ច​មែន តែ​ធាតុ​ពិត​មាន​រៀបចំ​កន្លែង​លក់​ឆ្នោត​គ្រប់​ប្រភេទ​នៅ​ខាងក្នុង ដែល​នាំ​ឱ្យ​កម្លាំង​ជំនាញ​ជួប​ការ​លំបាក​ខ្លះ​ៗ​ដែរ​នៅ​វិធានការ​បង្ក្រាប តែ​យ៉ាងណា​លោក​កំពុង​មាន​វិធានការ​លើ​ករណី​នេះ​ហើយ​។

មានការ​កត់សម្គាល់​ឃើញ​ក្នុង​រយ​:​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ មេ​កន្ទុយលេខ​ទាំង​ធំ​ទាំង​តូច ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា និង នៅ​ក្នុង​ក្រុង​បាត់ដំបង ហាក់​កំពុង​សំងំ​កើប​លុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ត្រជាក់​ល្ហឹម ស្រប​ពេល​ដែល​បទល្មើស​អំពើ​ចោរកម្ម គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​លួច​ទ្រព្យសម្បត្តិ និង​កាច់​សោរ​.​ក​លូច​យក​ម៉ូតូ​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ហើយ​ក៏​ស្រប​ពេល​ដែល​សមត្ថកិច្ច​ ហាក់​កំពុង​សំងំ​ស្ងៀម​ភ្លេច​គិត​គូរ​អំពី​ល្បែង​កន្ទុយលេខ​ព្រោងព្រាត​ទាំងនោះ​ដែរ​។

ទីតាំង​មេ​កន្ទុយលេខ​ធំ​ៗ​ ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន​សព្វ​ថ្ងៃនេះ ត្រូវ​គេ​មើលឃើញ​យ៉ាង​ក្រឡែត​ថា មួយ​ចំនួន​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ និង មួយ​ចំនួន​ទៀត​ជ្រក​ក្រោម​ស្លាក​ទីតាំង​ដែល​មាន​ស្លាក​យីហោ​វេ​រលុយ​។ ជា​ពិសេស ​ទីតាំង​បន្លំ​ភ្នែក​បែប​នេះ​មាននៅ​ក្រុង​បាត់ដំបង​តែ​ម្ដង​។

ជាក់ស្ដែង ​ទីតាំង​មេ​កន្ទុយលេខដ៏ធំ​មួយ​កន្លែង​នៅ​ក្បែរ​ភ្លើងស្ដុប​ផ្សា​រលើ ក្នុង​ក្រុង​បាត់ដំបង ដែល​ម្ចាស់​ទីតាំង​នេះ​ឈ្មោះ សៀ ហៅ គ្រូ​សៀ ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន «​វេរ​លុយ​» តែ​នៅ​ខាងក្នុង​ទីតាំង លោកគ្រូ​សៀ មាន​អ្នក​ទ​ទូល​កត់​កន្ទុយលេខ​គ្រប់«ក្រុមហ៊ុន​ឆ្នោត​»ទាំងអស់​។

លោកគ្រូ សៀ ធ្លាប់​បាន​ប្រាប់​កោះសន្តិភាព កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «កន្លែង​ខ្ញុំ​លក់​កន្ទុយលេខ​មិនធំ​ដុំ​ដូច​កាល​មុន​ទេ» ។ សូម​បញ្ជាក់​ថា លោក​គ្រូ ​សៀ មេ​កន្ទុយលេខ​ដ៏ធំ​នេះ ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​២​លើក​ហើយ និង​បាន​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង តែ​គ្រូបង្រៀន​រូប​នេះ ​មិន​រាងចាល​ទេ ក្រោយ​ពី​ផ្អាក់​មួយ​រយ​:​ក៏​បើក​ដំណើ​ការ​វិញ​ដដែល​។

លោកគ្រូ​សៀ បាន​និយាយ​ថា កន្លង​ទៅ​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​ប៉ុន្មាន​ដង​ដែរ តែ​ដោយសារ​គ្មាន​មុខ
របរ ទើប​ខ្ញុំ​ចេះ​តែ​បើក​លួចលាក់​តិច​ៗ​ទៅ»​។ លោកគ្រូ សៀ បាន​បង្ហើប​ឱ្យ​ដឹង​ដូច្នេះ​ថា «សព្វថ្ងៃ​ខ្ញុំ​ក៏​មិន​ចំណេញ​អី​ដែរ ព្រោះ​ត្រូវ​បង់លុយ​ច្រើន​ស្ថាប័ន​ពេក​.. ឥឡូវ​សូ​ម្បី​សន្តិ​សុខភូមិ​ក៏​ទៅ​សុំ​លុយ​ប្រចាំខែ​ពី​ខ្ញុំ​
ដែរ»​។

មិនមែន​មាន​តែ​ទីតាំង​លក់​កន្ទុយលេខ​របស់​លោកគ្រូ សៀ មួយ​ទេ​ ដែល​កំពុង​កើប​លុយ​យ៉ាង​ត្រជាក់​ល្ហឹម​ពី​ប្រជាពលរដ្ឋ ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វេរ​លុយ ឬក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ គឺ នៅ​មាន​ច្រើន​ទីតាំង​ទៀត​ ។ ដូច​ជា​នៅ​ម្ដុំ​ភ្លើងស្ដុប​រំចេក (​ផ្លូវ​ច្រមុះជ្រូក​) នី​ង​នៅ​ម្ដុំ​ខាងត្បូង​ផ្សា​របឹង​ឈូក​។​ល​។ បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​ទីតាំង​ទាំងនេះ និង​ទីតាំង​ដទៃ​ទៀត​កំពុង​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ឡើយ បែប​ទំនង​ស្មានថា សមត្ថកិច្ច​ភ្លេច​.. ព្រោះ​ឃើញ​សមត្ថកិច្ច​កំពុង​នៅ​ស្ងាត់ស្ងៀម​។

ជាមួយនឹង​ភាព​ស្ងៀមស្ងាត់​របស់​សមត្ថកិច្ច​នេះ បាន​និង​កំពុង​ធ្វើ​ឱ្យ​មេ​កន្ទុយលេខ​ឡើងដៃ​យ៉ាង​ខ្លាំង​ ។ ជា​សេស​នៅ​ថ្ងៃ​ចេញ​ឆ្នោត​សៀម ម្ដង​ៗ គេ​តែង​ឃើញ​សកម្មភាព​អ្នក​ចាក់​ឆ្នោត​នេះ ហាក់​មមាញឹក​ខ្លាំង​ណាស់​នៅ​តាម​កន្លែង​ចាក់​ឆ្នោត​នានា ទាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា​ ។ ប៉ុន្តែ​គេ​នៅ​រង​ចាំ​មើល​ថា តើ​សមត្ថកិច្ច​នឹង​មាន​វិធានការ បែប​ណា​ចំពោះ​ល្បែង​កន្ទុយលេខ​ដែល​កំពុង​កើប​លុយ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ចំហរ និងយ៉ាង​ត្រជាក់​មេជើង​នេះ​.​?

ពាក់ព័ន្ធ​នឹង​វិធានការ​បង្ក្រាប​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ធ្លាប់​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ដដែល​ៗ​ថា កន្លង​មក ​លោកស្នងការ​ខេត្ត​តែង​ក្រើនរំលឹក​ជា​រឿយ​ៗ ដាក់​ផែនការ​ឱ្យ​កម្លាំង​ជំនាញ នៅ​តាម​អធិការ​ស្រុក​នានា និង​ក្រុង​បាត់ដំបង​ ឱ្យធ្វើ​ការ​ទប់ស្កាត់ និងចុះ​បង្ក្រាប​ល្បែង​ស៊ីសង​នានា ដែល​គ្មាន​ច្បាប់​អនុញាត តែ​សមត្ថកិច្ច​មួយ​ចំនួន​ហាក់​មិន​បាន​គោរព​នូវ​បទបញ្ជា​ឬ​ផែនការ​ថ្នាក់ដឹកនាំ​ទេ​ ។ លោកស្នងការ​រង​បាន​លើកយក​បទល្មើស​ល្បែង​កន្ទុយលេខ​ដែល​មេ​ធំ​ៗ​កំពុង​សម្ងំ​កើប​លុយ​យ៉ាង​ត្រជាក់ចិត្ត​នៅ​ក្នុង​ក្រុង​បាត់ដំបង មក​ធ្វើ​ជា​ឧទាហរណ៍​ថា «បញ្ហា​ល្បែង​ឆ្នោត​នៅ​ក្នុង​ក្រុង​បាត់ដំបង​នេះ ខ្ញុំ​បាន​ដាក់​ផែនការ​ទៅ​ឱ្យ​ខាង​អធិការ​ក្រុង​នេះ ចុះ​ពិនិត្យ​ឬ​ចុះ​បង្ក្រាប​តែ​ម្ដង ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​ទេរ​ហូត​មក​ដល់​ពេល​នេះ»​។

ជាមួយនឹង​ចំណាត់ការ​គ្មាន​ប្រសិទ្ធភាព​របស់​សមត្ថកិច្ច​នេះ បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​ដែល​មិន​ពេញចិត្ត​នឹង​ល្បែង​កន្ទុយលេខ​នេះ​ ។ ពលរដ្ឋ​ខ្លះ ​បាន​លើក​ឡើង​ថា បើ​សមត្ថកិច្ច​មាន​ឆន្ទ​:​ពិត​ប្រាកដ​ក្នុង​ការ​បង្ក្រាប​ទីតាំង​លក់​ឆ្នោត​ធំ​ៗ​ដែល​កំពុង​ប្រព្រឹត្ត​ពេញ​ស្រុក និង ក្រុង យ៉ាង​អាណា​ធិ​ប​តេ​យ្យ​រាល់​ថ្ងៃនេះ ជា​ការ​ងាយ​បំផុត​ ។ ព្រោះ​សមត្ថកិច្ច​អាច​ស្គាល់​ទីតាំង​កត់​ឆ្នោត​ទាំងនោះ ស្គាល់​មេ​ឆ្នោត​ធំ​ៗ​ទាំងនោះ ​ហើយ​មេ​ឆ្នោត​មួយ​ចំនួន​ក៏​ធ្លាប់​ឃាត់ខ្លួន​ទៀត​ផង តែ​សមត្ថកិច្ច​ធ្វើ​ពើ ធ្វើ​មិន​ស្គាល់ ដោយសារ​តែ​ទ​ទូល​បាន​ផល​ប្រ​យោ​ជ​ន៏​ពី​មេ​ល្បែង​ឆ្នោត​រាល់​ខែ​។ បើ​តាម​ប្រភព ទីតាំង​កត់​កន្ទុយលេខ​ភាគច្រើន សុទ្ធ​សឹង​ជា​សាច់ញាតិ​សមត្ថកិច្ច ឬ មន្ត្រី​មាន​អំណាច​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ទៀត​ផង ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​ជំនាញ​តូចតាច​ជួប​ការ​លំបាក​ពេល​ចំ​បង្ក្រាប​៕ ​

អត្ថបទសរសេរ ដោយ