ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក ផ្ទះ​១​ខ្នង​បាក់​រលំ​ខ្ទេចខ្ទី ខណៈ​ពេល​កំពុង​ហូប​បាយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​សាងសង់​ពី​ឈើ​ប្រក់​ក្បឿង​មាន​ទំហំ​៨​គុណ​៩​ម៉ែត្រ បាន​បាក់​រលំ​ខ្ទេចខ្ទី​ទាំងស្រុង ខណៈ​ពេល​កំពុង​សម្រាក​ហូប​បាយ បន្ទាប់​​​ពី​រំកិល​ផ្ទះ​ចេញពី​កន្លែង​ចាស់​ទៅ​កន្លែង​ថ្មី​។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមករា…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​សាងសង់​ពី​ឈើ​ប្រក់​ក្បឿង​មាន​ទំហំ​៨​គុណ​៩​ម៉ែត្រ បាន​បាក់​រលំ​ខ្ទេចខ្ទី​ទាំងស្រុង ខណៈ​ពេល​កំពុង​សម្រាក​ហូប​បាយ បន្ទាប់​​​ពី​រំកិល​ផ្ទះ​ចេញពី​កន្លែង​ចាស់​ទៅ​កន្លែង​ថ្មី​។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​​ចំណុច​ភូមិ​ព្រែក​រំដេង​កើត ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​រំលំ​ផ្ទះ​១​ខ្នង​ខាងលើ មាន​ម្ចាស់​ឈ្មោះ វ៉េ​ង សុ​វ៉ា​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ហើយ​ហេតុការណ៍​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។

បើ​តាម​លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន ប្រាប់​ឲ្យ​ដឹង​ថា​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ជួល​ជាង​មក​ឱ្យ​រុះរើ​ផ្ទះ ដើម្បី​រំកិល​ចេញពី​កន្លែង​ចាស់​ថយ​ទៅ​ខាងក្រោយ និង​លើក​ឲ្យ​ខ្ពស់​ជាង​មុន ក្រោយ​ពី​បាន​នាំ​គ្នា​ស្ទូច​លើក​រួចរាល់ ក៏​បាន​ទៅ​សម្រាក​និង​ពិសា​បាយ ដើម្បី​ត្រៀម​រំកិល​បន្តិច​ម្ដង​ៗ​ដាក់​នៅ​កន្លែង​គោលដៅ​ដែល​គ្រោងទុក​។

អធិការ​នគរបាល​ស្រុក​កោះសូទិន បាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​ម្ចាស់ផ្ទះ និង​ក្រុម​ជាង​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ឈប់​សំរាក​នោះ ចៃដន្យ​ស្រាប់តែ​រអិល​កំណល់​កល​ពីក្រោម ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​ឈើ​ដែល​មាន​ទំហំ​ធំ​នេះ​បានរ​លំបាក់​ខ្ទេចខ្ទី​អស់​។ នេះ​អាច​ចាត់ទុកជា​មហា​សំណាង​មួយ ប្រសិនណាបើ​ក្រុម​ជាង​កំពុង​តែ​បំពេញការងារ​ស្ទូច​លើក​ផ្ទះ​ហើយ​បែរជា​បាក់​បែប​នេះនោះ នឹង​អាច​មាន​អ្នក​រងគ្រោះថ្នាក់ ឬ​ក៏​បាត់បង់​ជីវិត​ក៏​មាន​។

បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ទៅ​ដល់​កន្លែងផ្ទះ​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ខណៈ​គេ​មិន​ទាន់​ដឹង​ថា ទំហំ​នៃ​ការ​ខូចខាត​នោះ​មាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។

ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា​នេះ ម្ចាស់ផ្ទះ និង​ក្រុម​ជាង​រុញ​ផ្ទះ​កំពុង​តែ​ធ្វើការ​ចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ​មួយ ចៀសវាង​កុំ​ឲ្យ​មានការ​ប្ដឹងផ្ដល់​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន នា​ពេល​កន្លង មក​មិន​ដែល​មាន​ហេតុការណ៍​បាក់​រលំ​ផ្ទះ​ឈើ ដោយសារ​តែ​ការ​ស្ទូច​មានការ​ធ្វេសប្រហែស​ពី​សំណាក់​របស់​ក្រុម​ជាង​នោះ​ទេ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ