រាជធានីភ្នំពេញ ៖ ការប្រកួតបវរកញ្ញា Mi MissPlanet Cambodia2020 បានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់វគ្គជាច្រើនអស់រាប់សប្តាហ៍រួចមក។ កម្មវិធីបានបិទបញ្ចប់ជាផ្លូវការហើយ ដោយនារីកំពូលស្អាត និងមានសម្រស់ដាច់គេ ធ្លាក់ទៅលើកញ្ញាមកពីខេត្តកំពង់ស្ពឺ ប៉ុន សុរ៉ាវត្តី វ័យ២០ឆ្នាំ បានឆក់ចិត្តគណៈកម្មាការវាយតម្លៃឱ្យឈ្នះ និងលើកកមុដឯក កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ក្រោមការតស៊ូគ្រប់ដំណាក់កាលរបស់បេក្ខនារីជាច្រើន រូបរួមទាំងគណៈកម្មាការ និងអ្នករៀបចំកម្មវិធី បើទោះហត់នឿយក៏ព្យាយាមធ្វើឱ្យដល់ទីបញ្ចប់។ កញ្ញាសម្រស់រូបនេះបានធ្វើឱ្យគេស្រែកហ៊ោរពេញសាលមហោស្រពចេនឡា ពេលប្រកាស ថាឈ្នះមកុដ ព្រោះសម្រស់នាងស្អាត ឯសមត្ថភាពវិញក៏អាចយកជាការក្នុងដំណើរឆ្ពោះទៅឆាកអន្តរជាតិខាងមុខ។

វត្តី នាងគ្រងមកុដផ្ការំដួល តំណាងឱ្យផ្កាខ្មែរ នៃជាតិកម្ពុជា ។ ម្ចាស់ជ័យលាភីរូបនេះ ក្រៅពីក្លាយជាបវរកញ្ញានាងចេះជំនាញសិល្បៈមួយចំនួន ដូចជា ដើរម៉ូដ ធ្លាប់ថតសំអាង ចេះលេងហ្គីតា និងចេះច្រៀងផងដែរ។ នាងសព្វថ្ងៃជានិស្សិតផ្នែកទេសចរណ៍ ឆ្នាំទី១ ដោយមានបងប្អូន២នាក់ ក្នុងប្រុស១ កូនច្បងនៃគ្រួសារ។
បវរកញ្ញាលេខ១ ប៉ុន សារ៉ាវត្តី, លេខ២ សុខ ស្រីណា, លេខ៣ ផេង ស្រីនាង, លេខ៤ អៃ ស្រីលីន និងលេខ៥ទួន ស្រីលីន ។ កញ្ញាឯកលេខ១ រូបនេះ ក៏ជាប់ពានខាងគ្រងឈុតសម្លៀកបំពាក់រ៉ូបរាត្រីសមោលសស្អាតដាច់គេផងដែរ។

ញញឹមអរឡើងរលីងរលោងទឹកភ្នែក កញ្ញាវត្តី បាននិយាយថា នេះជាបំណងដែលនាងខំតស៊ូតាំងពីដំបូងៗមក។ នាងរមែងស្រមៃថា ចង់ក្លាយជាកញ្ញាតំណាងប្រទេសឆ្ពោះទៅឆាកអន្តរជាតិ ហើយវេលានេះបានដូចបំណងនឹងសន្យាថា ខិតខំសាងឱ្យល្អ ពាំនាំអ្វីដែលស្ត្រីខ្មែរមានទៅកាន់ពិភពលោកស្គាល់។

នៅពេលសួរថា ជាក់ស្តែងការប្រកួតឃើញថាលំបាក និងចំណាយពេលវេលាច្រើន មានដែលចង់ដកថយវគ្គណាឬទេ? នាងឆ្លើយថា លំបាកមែន តែក្តីស្រមៃ ក្តីសង្ឃឹម ជំនឿជឿជាក់ ការលើកទឹកចិត្តពីមិត្ត គ្រួសារ និងអ្នករៀបចំមានបងរំដួលលិចទឹកផងនោះ ចេះតែជំរុញឱ្យខំណាមួយចង់ដឹងថា ខ្លួនមានសមត្ថភាពបែបណា ដើម្បីធ្វើជាបទពិសោធន៍។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ