ខេត្តកំពត ៖ យោងតាមប្រភពព័ត៌មានមកថា ថ្មីៗនេះដីសង្កាត់រដ្ឋបាលព្រៃឈើបឹងទូកត្រូវបានមន្ត្រីគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើកំពតកាត់ដីលក់ជិតអស់ហើយ សូម្បីតែផ្លាករដ្ឋបាលសង្កាត់ព្រៃឈើដែលដាក់ពីមុខផ្លូវចូលទៅកន្លែងបណ្តុះកូនឈើដែលរៀបចំឡើងកាលពីជំនាន់លោក ស៊ឹម ឡាបុ័ងនៅគ្រប់គ្រងជានាយខណ្ឌរដ្ឋបាលព្រៃឈើកំពតក៏បាត់ផ្លាកប៉ាន់ណូ និងបាត់ផ្លូវចូលពីមុននោះដែរ ។
ទាក់ទិនជុំវិញប្រភពរិះគន់ចោទប្រកាន់មកលើមន្ត្រីគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃកំពតខាងលើនេះ កោះសន្តិភាពបានភ្ជាប់ទូរស័ព្ទទៅលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីសុំឲ្យលោកបកស្រាយបំភ្លឺជុំវិញប្រភពរិះគន់ពីមជ្ឈដ្ឋានមហាជនខាងលើ ត្រូវបានលោកជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពតឲ្យដឹងថា ដីសង្កាត់រដ្ឋបាលព្រៃឈើបឹងទូក គឺមិនមានការកាត់លក់ដូចការចោទប្រកាន់ពីមជ្ឈដ្ឋាននានានោះទេ គឺដីមានទំហ៊ុំ១ហិចតាកន្លះ គឺនៅដដែល ។ រីឯផ្លូវចូលពីមុននៅកន្លែងដែលយើងមើលឃើញរបងថ្មនេះ ពីមុនជាដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយត្រូវម្ចាស់គេធ្វើការប្តឹងផ្តល់ដល់តុលាការ ដើម្បីទាមទារយកដីកម្មសិទ្ធិរបស់គេវិញ ហើយការប្តឹងផ្តល់នោះត្រូវបានតុលាការកាត់ក្តីឲ្យទៅម្ចាស់កម្មសិទ្ធិគេវិញ ទើបគេធ្វើរបងព័ទ្ធដីរបស់គេជាប់ នឹងរបងស្នាក់ការគណបក្សប្រជាជនឃុំបឹងទូក រីឯផ្លូវចូលទៅកន្លែងទីតាំងបណ្តុះកូនឈើរបស់រដ្ឋបាលសង្កាត់បឹងទូក គេប្តូរមកធ្វើខាងជើងស្នាក់ការសង្កាត់វិញ ។
លោកបានបន្តទៀតថា បច្ចុប្បន្នទំហ៊ុំដីរបស់សង្កាត់រដ្ឋបាលព្រៃឈើបឹងទូកមានទំហ៊ុំចំនួន១ហិចតាកន្លះ ដោយមានប្លង់រឹងត្រឹមត្រូវគ្រប់គ្រងដោយខណ្ឌរដ្ឋបាលព្រៃឈើកំពត ។ ទោះបីលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពតបានអះអាងបំភ្លឺប្រាប់អ្នកព័ត៌ថា មិនមានការបាត់បង់ដីរបស់សង្កាត់រដ្ឋបាលព្រៃឈើបឹងទូកនេះអស់មួយចំនួនធំក្តី ក៏គេនៅមានការសង្ស័យថា ចុះបើនៅពីមុខដែលទើប និងរៀបរបងថ្មថ្មីៗនេះថា ជាដីកម្មសិទ្ឋរបស់ប្រជាពលរដ្ឋ ចុះអ្នកគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងប៉ុន្មានអាណត្តិមុនៗម៉េចមិនឃើញប្រជាជនណាម្នាក់មកតវ៉ាថា ជាដីកម្មសិទ្ធរបស់ខ្លួន ទើបតែរយៈពេលលោកឡើងទទួលតំណែងជា ខណ្ឌរដ្ឋបាលព្រៃឈើកំពតទើបមានការតវ៉ា នេះជាចំណុចសង្ស័យរបស់មជ្ឈដ្ឋានមហាជនដែលគេសង្ស័យនាពេលថ្មីៗនេះ ដែលបាត់រូបភាពដើម ។
គួររំលឹកផងដែរថា តាំងពីអាណត្តិលោកជួន សារ៉ា ឡើងទទួលតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើកំពតមកមានការបាត់បង់ដីរដ្ឋបាលព្រៃឈើជាច្រើនដូចជា ដីរដ្ឋបាលសង្កាត់ព្រៃឈើបឹងទូក និងដីរដ្ឋបាលព្រៃឈើនៅចំណុចភូមិព្រែកអំពិលចំនួន១០ហិចតាខាងជើងពន្ធនាគារ ។ ប៉ុន្តែត្រូវបានលោកជួន សារ៉ា បានអះអាងថា ដីខាងលើ គឺត្រូវបានអគ្គនាយកពន្ឋនាគាស្នើសុំចំនួន១០ហិចតាតាមរយៈក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយជូនមន្ត្រីពន្ធនាគារ តែដីនោះបានប្រគល់ឲ្យទៅពន្ធនាគាតែ៨ហិចតាទេ នៅសល់២ហិចតាទៀត នៅចំណុចខាងលិចពន្ធនាគារ គឺរដ្ឋបាលព្រៃឈើគ្រប់គ្រងនៅឡើយ ៕
ចែករំលែកព័តមាននេះ