មនុស្សគ្រប់គ្នាមិនតែងតែមានភាពក្លាហានក្នុងការចាប់ផ្តើមអាជីវកម្មក្នុងក្តីស្រម៉ៃដែលពួកគេចង់មើលឃើញទេ ដែលជាហេតុធ្វើឲ្យមនុស្សជាច្រើនមានតែគំនិតតែគ្មានសកម្មភាព ។ ទោះជាអ្នកដែលបានឈានជំហានដំបូងហើយ ពួកគេនៅតែជួបការលំបាកក្នុងការដឹងថាគំនិតរបស់ពួកគេជាគំនិតល្អ ឬទេ ។ ដូច្នេះក្នុងនាមជាអាជីវករ ឬសហគ្រិន តើអ្នកគួរធ្វើយ៉ាងដូចម្តេចទើបដឹងថាអ្នកមានគំនិតល្អដើម្បីជៀសវាងខ្ជះខ្ជាយពេលវេលា និងធនធានរបស់ខ្លួន?
១. ដាក់លក់ផលិតផល ឬសេវាកម្ម៖
វិធីដែលច្បាស់លាស់ជាងគេដែលអាចជួយឲ្យអ្នកឆ្លើយសំណួរខាងលើ គឺការដាក់លក់ផលិតផល ឬសេវាកម្មដែលអ្នកបានគិតឃើញ ។ ប្រសិនបើអ្នកមិនមានភាពក្លាហានក្នុងការចាយវាយធនធានលើការបង្កើតវាឲ្យចេញរូបរាងទេ អ្នកក៏នៅតែអាចដាក់ផលិតផលឬសេវាកម្មរបស់អ្នកឲ្យអ្នកដទៃផ្តលយោបល់ដែរ ។ វាអាចជារូបភាពដែលមានបំណកស្រាយពីផលិតផលឬសេវាកម្មរបស់អ្នកច្បាស់លាស់ដែលត្រូវបានដាក់បង្ហាញលើប្រព័ន្ធសង្គមជាដើម ។ បន្ទាប់ពីផ្សព្វផ្សាយវាហើយ អ្នកគួរតែត្រួតពិនិត្យមើលការឆ្លើយតបពីអតិថិជនជាការស្រេច ។
២. និយាយជាមួយអ្នកដទៃ៖
ការធ្វើដូច្នេះក៏អាចជាវិធីល្អមួយក្នុងការស្រាវជ្រាវពីទីផ្សារសម្រាប់ផលិតផល ឬសេវាកម្មអ្នកដែរ ។ លើសពីនេះទៅទៀត អ្នករៀនចេះក្នុងការបកស្រាយពីទស្សនៈវិស័យដែលអ្នកមាន និងវិធីក្នុងការធ្វើបទបង្ហាញពីគំនិតរបស់អ្នកទៅកាន់មនុស្សដទៃ ។
៣. សិក្សាពីទីផ្សារ៖
វិធីចុងក្រោយដែលអាចជួយឲ្យអ្នកដឹងថាអ្នកមានគំនិតល្អ ឬទេ គឺការធ្វើការស្រាវជ្រាវទីផ្សារដើម្បីដឹងថាមនុស្សមានចំណាប់អារម្មណ៍លើអ្វីដែលអ្នកមាន ឬទេ ។ បច្ចុប្បន្ននេះអ្នកមិនចាំបាច់ត្រូវដើរព្រីន និងចែកក្រដាស់ស្ទង់មតិឲ្យមនុស្សទៀតទេ ។ ផ្ទុយមកវិញអ្នកមានមធ្យោបាយជាច្រើនក្នុងការស្ទង់មតិតាមប្រព័ន្ធអ៊ីនធើណេត ឬប្រព័ន្ធសង្គមជាដើម ។
លើសពីនេះទៅទៀត អ្នកក៏អាចស្រាវជ្រាវមើលការឆ្លើយតបរបស់អតិថិជនលើផលិតផល ឬសេវាកម្មដែលស្រដៀងអ្វីដែលអ្នកចង់ដាក់លក់ផងដែរដើម្បីរកចំណុចដែលអ្នកអាចធ្វើឲ្យបានប្រសើរជាងដៃគូប្រកួតប្រជែងអ្នក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ