ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងអយ្យការចោទប្រកាន់ម្តាយ ពេជ្រ សូលីកា អាចមានទោស10ទៅ15ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាប់ចោទ​ជា​ឃាតករដែល​ត្រូវជា​ម្តាយ​តារាចម្រៀង​នាង ពេជ្រ សូលី​កា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​សំណុំ​រឿង​នេះ​ ស្ថិត​នៅ​ដៃ​លោកស្រី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាប់ចោទ​ជា​ឃាតករដែល​ត្រូវជា​ម្តាយ​តារាចម្រៀង​នាង ពេជ្រ សូលី​កា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​សំណុំ​រឿង​នេះ​ ស្ថិត​នៅ​ដៃ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង ធ្វើការ​សាកសួរ និង​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ឃាតកម្ម ។ បទ​ឃាតកម្ម​នេះ តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ឲ្យ​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចាប់ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ ។ ក្រោយ​ពី​លោកស្រី​ព្រះរាជអាជ្ញា​រង ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ជនជាប់ចោទ​ឈ្មោះ ស៊ិ​ន ស្រី​នាង អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ផ្ត​ន្តា​ទោស​តាម​ច្បាប់​ជា​ធរមាន ។

សូម​រំឭក​ថា នា​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែមករា មាន​ព័ត៌មាន​ធ្វើ​ឱ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារ​រឿង​ឃាតកម្ម​នឹក​ស្មាន​មិន​ដល់​មួយ គឺ​ស្ត្រី​ម្នាក់​ជា​ម្តាយ​តារាចម្រៀង ពេជ្រ សូលី​កា បាន​ជាប់ចោទ​សម្លាប់​ស្ត្រី​ម្នាក់​ដែល​តែងខ្លួន​ជា​ប្រុស ។ រឿង​ក្តី​នេះ មិន​ជាប់​ទាក់ទិន​តារាចម្រៀង​រូប​នេះ​ទេ តែ​ដោយសារ​តែ​ជា​ម្តាយ​របស់​តារាចម្រៀង​នាង ពេជ្រ សូលី​កា ទើប​រឿង​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។
អំពើ​ឃាតកម្ម​មួយ​នេះ បាន​កើតឡើង​រវាង​គូ​ស្នេហា​វ័យ​ចំណាស់​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​ដែល​កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​ប្រើ​ហិង្សា​បញ្ចប់ជីវិត​តួ​ប្រុស និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅផ្ទះ​លេខ L42A ក្នុង​បុរី​វីឡា​ថោ​ន ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់ អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ។

ស្ត្រី​ដៃដល់​ឈ្មោះ ស៊ិ​ន ស្រី​នាង (​តួអង្គ​ជា​ប្រពន្ធ​) អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ងិ​ន សុខ​លី (​តួអង្គ​ជា​ប្តី​) អាយុ​៥០​ឆ្នាំ មុខរបរ​លក់ កាហ្វេ​នៅ​ផ្សារ​ដេប៉ូ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ដែល​តាម​ប្រភព​ខ្លះ​ថា ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​ផង​ដែរ ។ ទាំង​២​នាក់​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​មាន ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​លែងលះ​ប្តី ។ នាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម លោកវុ​ឌ្ឍ ផូ​សារ​វ័​ន្ត ឱ្យ​ដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ទទួល​ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​មនុស្ស​ខ្យល់គរ​ស្លាប់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ៗ លោកបាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ និង​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​កោសល្យវិច័យ ដើម្បី​ពិនិត្យ​សព តើ​ពិតជា​ស្លាប់ ដោយសារ​ខ្យល់គរ​មែន ឬ​ក៏​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ណាមួយ ។ ក្រោយ​ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់រួច​មក ជា​លទ្ធផល​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ពុំ​មែនស្លាប់​ដោយសារ​ខ្យល់គរ​ឡើយ គឺ​ដោយសារឃាតកម្ម ។បន្ទាប់​ពី​លទ្ធផល​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​គេ​សម្លាប់​ហើយ​នោះ​នា​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​សម្រេច​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ស៊ិ​ន ស្រី​នាង ដែល​គេ​ដឹង​ថា​ជា​តួអង្គ​ប្រពន្ធ នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ដើម្បី​សាកសួរ ។ នៅ​ពេលធ្វើការ​សាកសួរ​ដេញដោល​យ៉ាង​ល្អិតល្អន់​តាម​ជំនាញ​អស់​ជា​ច្រើន​ម៉ោង​រួច​មក ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ទទួលស្គាល់​ចំពោះ​មុខ​សមត្ថ កិច្ច​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ដៃគូ​ស្នេហា​ភេទ​ដូច​គ្នា​ប្រាកដ​មែន ដោយ​បាន​ចាប់​ចងជើង​ចងដៃ រួច​រុញ​ក្បាល​ឱ្យ​ផ្កាប់មុខ​នឹង​ខ្នើយ រហូត​ថប់ដង្ហើម​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ខណៈ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ភាព​ស្រវឹងស្រា​ជោកជាំ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្រី្ត​ដែល​ធ្វើខ្លួន ជា​ប្រុស និង​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា មានមុខរបរ​ជា​អ្នក​ចងការ​ប្រាក់ មាន​លុយកាក់​សល់​ច្រើន ។ ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង​ស្ត្រី​ជា​ជន​ដៃដល់​ជា​យូរ​មក​ហើយ តែ​មានការ​លាក់លៀម​ពី​ក្រុម​គ្រួសារ ។
ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មិន​ដែល​ធ្លាប់​បាត់​ចេញពីផ្ទះ​មួយ​យប់​ទល់​ភ្លឺ ម្តងណា​ទេ គឺ​ទើបតែ​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ជា​យប់​ដែល​ស្លាប់​នេះ ជន​រង​គ្រោះ​បាន​បាត់​ដំណឹង ហៅ​ទូរស័ព្ទ​ចូល​ក៏​មិន​ទទួល ធ្វើ​ឱ្យ​ពួក​គាត់​ជា​សាច់ញាតិ​ឆ្ងល់​ហើយ​បារម្ភ ។ លុះដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ស្រាប់តែ​ក្រុម​គ្រួសារ សាច់ញាតិ​បាន​លេចឮ​ដំណឹង​តាម​ទូរស័ព្ទ​ត​ៗ​គ្នា​ថា ជន​រង​គ្រោះ​បាន​ស្លាប់​នៅផ្ទះ​កើតហេតុ​ខាងលើ​ដែល​ជា​ផ្ទះ​វីឡា​របស់​ជន​ដៃដល់​ស្នាក់​នៅ ដោយ​មិនដឹង​មូលហេតុ ។ គ្រាន់តែ​ទទួល​ដំណឹង​នេះ​ភ្លាម ពួក​គាត់​ជា​សាច់ញាតិ​នាំ​គ្នា​ទៅ​ដល់​ផ្ទះ​កើតហេតុ ព្រោះ​សាច់ញាតិ​ក៏​ស្គាល់​ផ្ទះ​របស់​ជន​ដៃដល់​នេះ​ដែរ ។

ពេល​ទៅ​ដល់​ផ្ទះ​កើតហេតុ ស្ត្រី​ជា​ជន​ដៃដល់​បើកទ្វារ​ឱ្យ​ចូល​ហើយ​និយាយ​ប្រាប់​ថា ជន​រង គ្រោះ​បាន​ស្លាប់​បន្ទាប់​ពី​ហូប​បាយ​ហើយ​ដែល​សង្ស័យ​ខ្យល់គរ ។ ពួក​គាត់​ក៏​ទៅ​មើល​នៅ​ក្នុងផ្ទះ ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ស្ថានភាពកើយ​ខ្នើយ​ត្រឹមត្រូវ និង​មាន​ស្នាម​នៅ​ក ស្នាម​ចងដៃ​ចងជើង ព្រមទាំង​បាត់​ចិញ្ចៀនពេជ្រ​២​វង់ តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ និង​ខ្សែ​ក ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត ។ ភ្លាម​ៗ​នោះ​ដែរ ពួក​គាត់​ជា​សាច់ញាតិ​មិន​អស់ចិត្ត ក៏​សុំ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​កោសល្យវិច័យ ព្រមទាំង​គ្រូពេទ្យ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ទើប​រក​ឃើញ​ពី​ការ​ពិត​ស្តី​ពី​ឃាតកម្ម​នេះ ។

សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្ទប់​ដង្ហើម​(​ឃាតកម្ម​) និង​មាន​ស្លាកស្នាម​នៅ​លើ​ខ្លួនប្រាណ​ដោយ​ប្រើ​ហិង្សា​ជាង​១០​កន្លែង​ទៀត ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ដែល​ជា​គូស្នេហ៍​របស់​ស្ត្រី​រង​គ្រោះ នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​តែ ម្ដង ដែល​ទីបំផុត​ក៏​សារភាព ។ តាម​សាច់ញាតិ​បាន​ចោទ​ថា ស្ត្រី​ដៃដល់​នេះ​ជំពាក់​លុយ​ជន​រង​គ្រោះ​ជិត​៣.០០០​ដុល្លារ ហើយ​ជន​រង​គ្រោះ​ធ្លាប់​ប្រាប់​សាច់ញាតិ​ថា ពេល​ដែល​គាត់​ទូរស័ព្ទ​ទារ​លុយ​ម្តង​ៗ គឺ​តែងតែ​គំរាម​រក​សម្លាប់​គាត់​ជា​ច្រើន​ដង​មក​ហើយ ៕​

អត្ថបទសរសេរ ដោយ